(ព្រះវិហារ)៖ នៅរសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៦នេះ ប្រតិភូសាលាខណ្ឌដង្កោ ដឹកនាំដោយលោក នុត ពុធដារ៉ា អភិបាលខណ្ឌ និងប្រតិភូសាលាខណ្ឌសែនសុខ ដឹកនាំដោយ លោក លី សាវេត អភិបាលខណ្ឌ បានចុះសួរសុខទុក្ខ និងនាំយក អំណោយទៅចែកជូនដល់កងទ័ព នៅវរសេនាតូចអន្តរាគមន៍លេខ៣៩៤ ចំណុះកងពលតូចអន្តរាគមន៍លេខ៩ ស្ថិតក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

ក្នុងឱកាសនោះ លោក នុត ពុធដារ៉ា អភិបាលខណ្ឌដង្កោ បានធ្វើការលើកឡើង អំពីការយកចិត្តទុកដាក់ និងប្រាស្រ័យទាក់ទងគ្នាយ៉ាងស្អិតរមួត និងជួយគ្នា ទៅវិញទៅមក រវាងសមរភូមិមុខ និងសមរភូមិក្រោយ ហើយជារៀងរាល់ឆ្នាំ សាលាខណ្ឌដង្កោ រួមនឹងសាលាខណ្ឌសែនសុខ ដែលជាខណ្ឌសម្ព័ន្ធភាព ជាមួយនឹងវរៈសេនា តូចលេខ៣៩៤ នៅទិសព្រះវិហារ។

លោកអភិបាល ក៏បានលើកឡើងពីអភិវឌ្ឍ រីកចម្រើនលើគ្រប់វិស័យ ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ ជាមួយគ្នានេះ លោកអភិបាល ក៏លើកឡើងអំពីការយកចិត្តទុកដាក់របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ចំពោះការ អភិវឌ្ឍន៍ខឿនការពារជាតិ ដែលជានិច្ចកាល សម្តេចតែងបានគិតគូរ និងយកចិត្តទុក ដាក់ដល់ដើម្បីសុខសន្តិភាព ជូនប្រជាពលរដ្ឋកម្ពុជាទាំងមូល។

លោកអភិបាលខណ្ឌ ទាំងពីរបានថ្លែងបន្ថែមថា ជារៀងរាល់ឆ្នាំគឺសាលាខណ្ឌទាំងពីរ ដែលជាខណ្ឌសម្ព័ន្ធភាពរបស់វរៈសេនាតូច លេខ៣៩៤ តែងតែមកសំណេះសំណាល និងនាំយកនូវសម្ភារ និងថវិកាមកផ្តល់ជូនដល់កងទ័ព ហើយដោះស្រាយនូវបញ្ហាប្រឈមនានាដែលជាសំណូមពររបស់វរៈសេនាតូចអន្តរាគមន៍លេខ ៣៩៤ផងដែរ។ 

ថវិកាដែលបានយកទៅឧបត្ថម្ភជូនដល់វរៈសេនាតូចលេខ៣៩៤ និងនាយទាហាន ពលទាហាន ក្នុងឱកាសនោះរួមមាន៖ ឧបត្ថម្ភការស្ថាបនាផ្លូវ ចូលអគារចំនួន ០៤ របស់វរៈ៣៩៤ ថវិកា ១២.០០០.០០០រៀល ឈូសឆាយព្រៃ សម្រាប់ធ្វើចម្ការរបស់កងទ័ព ថវិកា ៦.០០០.០០០រៀល ឧបត្ថម្ភ មេបញ្ជាការ មេបញ្ជាការរង និងនាយទាហាន ពលទាហានថវិកា ២៥.៤០០.០០០រៀល ឧបត្ថម្ភប្រេងម៉ាស៊ូត ចំនួន១០០០លីត្រ ពូជបន្លែគ្រប់មុខចំនួន៥៥គីឡូក្រាម  និងគ្រឿងឧបភោគបរិភោគ មួយចំនួនធំទៀតសរុបជាថវិកាប្រមាណ ៤៥.០០០.០០០រៀល៕