(ភ្នំពេញ)៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានមានប្រសាសន៍ប្រាប់អគ្គនាយកបណ្តាញព័ត៌មាន Fresh News ឲ្យដឹងនៅរសៀលថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២១នេះថា ក្រសួងសុខាភិបាលគ្រាន់តែបានគិតថា ទៅថ្ងៃខាងមុខក្រសួងចង់រៀបចំប្រមូលអ្នកចេះដឹងផ្នែកសុខាភិបាល ដើម្បីពិភាក្សាគ្នាបង្កើតមជ្ឈមណ្ឌល ផលិតវ៉ាក់សាំងកូវីដ១៩ មិនមែនរៀបចំនៅពេលឥឡូវនេះទេ។
លោករដ្ឋមន្រ្តីបានបញ្ជាក់ថា អ្វីដែលលោកបានលើកឡើងបែបនេះ ធ្វើឡើងនៅក្នុងកិច្ចប្រជុំជាមួយលោក ចម ប្រសិទ្ធ រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ នៅព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២១នេះ។
លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានមានប្រសាសន៍យ៉ាងដូច្នេះថា «ក្រសួងសុខាភិបាល កំពុងគិតនិងជូនយោបល់ថា នៅថ្ងៃខាងមុខ ក្រសួងចង់រៀបចំប្រមូលអ្នកចេះដឹងផ្នែកសុខាភិបាល ដើម្បីពិភាក្សាបង្កើតមជ្ឈមណ្ឌលផលិតវ៉ាក់សាំងកូវីដ១៩ មិនមែនរៀបចំផលិតវ៉ាក់សាំងកូវីដ១៩នៅពេលឥឡូវនោះទេ អ្វីដែលលើកឡើងនេះគ្រាន់តែការគិតនៅថ្ងៃខាងមុខប៉ុណ្ណោះ»។
ជាមួយនោះដែរលោក ម៉ម ប៊ុនហេង បានថ្លែងបន្ថែមថា ក្រសួងក៏នឹងពិចារណាក្នុងការពង្រីកឱសថបុរាណរបស់ខ្មែរដែលធ្លាប់ប្រើ ទៅជាថ្នាំសម័យដើម្បីអាចមានប្រសិទ្ធសម្រាប់ព្យាបាលជំងឺផ្សេងៗ៕