(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី «តេជោ» និង សមាគមសហព័ន្ធហិរញ្ញវត្ថុ និងបច្ចេកវិទ្យានៃកម្ពុជា បានប្រារព្ធពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា។
អនុស្សរណៈនៃការយោគយល់គ្នានេះ ត្រូវបានចុះហត្ថលេខាដោយ បណ្ឌិត តាំង ងួនលី, នាយកនៃមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» និងលោក ប៉ិល រ៉េម៉ីស៊ីសុផុន, ប្រធានសមាគមសហព័ន្ធហិរញ្ញវត្ថុ និងបច្ចេកវិទ្យានៃកម្ពុជា។
គោលបំណង នៃអនុស្សរណៈនៃការយោគយល់គ្នានេះ គឺដើម្បីសម្រេចនូវគោលដៅរួម ក្នុងការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុ ធុរកិច្ចថ្មី បច្ចេកវិទ្យា និងផ្នែកសំខាន់ៗ មួយចំនួនទៀត ដែលនឹងជំរុញការអភិវឌ្ឍវិស័យបច្ចេកវិទ្យា ក្នុងប្រទេសកម្ពុជា និងដើម្បីលើកស្ទួយគុណភាពសហគ្រិន និងវិនិយោគិននៅក្នុងប្រទេសកម្ពុជាផ្ទាល់ ក៏ដូចជានៅក្នុងប្រទេសដែលមានចំណាប់អារម្មណ៍ ទៅលើការវិនិយោគមកកាន់ប្រទេសកម្ពុជាផងដែរ។
កិច្ចសហប្រតិបត្តិការនេះទៀតសោត ក៏នឹងផ្តោតទៅលើការអភិវឌ្ឍក្របខណ័្ឌឌីជីថលលើបច្ចេកវិទ្យាថ្មីៗ បច្ចេកវិទ្យាហិរញ្ញវត្ថុ ធុរកិច្ចថ្មី និងសហគ្រិននៅក្នុងប្រទេសកម្ពុជា ឲ្យសមស្របទៅនឹងឌីជីថលូបនីយកម្មទីផ្សារឌីជីថល ក្នុងសតវត្សរ៍ទី២១។
មជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» និងសមាគមសហព័ន្ធហិរញ្ញវត្ថុ និងបច្ចេកវិទ្យានៃកម្ពុជា ថែមទាំងមានបំណងសហការគ្នាអភិវឌ្ឍ Sandbox ដែលជំរុញឲ្យមានឌីជីថលូបនីយកម្ម ទៅលើវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុ និងសហគ្រិនភាពផ្នែកបច្ចេកវិទ្យា ព្រមជាមួយនឹងកិច្ចសហប្រតិបត្តិការរវាងវិស័យឯកជន និងវិស័យសាធារណៈទៀតផង។
បណ្ឌិត តាំង ងួនលី បានថ្លែងថា អនុស្សរណៈនៃការយោគយល់គ្នានេះ បានបង្ហាញពីការខិតខំប្រឹងប្រែងរបស់ទ្វេភាគីក្នុងការជំរុញ និងសម្របសម្រួល ដើម្បីអភិវឌ្ឍ និងលើកស្ទួយធុរកិច្ចថ្មី ក្នុងវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុ និងប្រព័ន្ធអេកូឡូស៊ីឌីជីថលបច្ចេកវិទ្យាទាំងមូល។ មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី «តេជោ» នឹងចាប់ផ្តើមកិច្ចសហប្រតិបត្តិការនេះ តាមរយកម្មវិធីពន្លឿនអាជីវកម្ម របស់មជ្ឈមណ្ឌលនាពេលខាងមុខនេះ។
លោកស្រី Weena Llona, នាយកប្រតិបត្តិសមាគមសហព័ន្ធហិរញ្ញវត្ថុ និងបច្ចេកវិទ្យានៃកម្ពុជា ក៏បានបង្ហើបដែរថា «ដើម្បីឈានចូលទំនើបកម្ម នាពេលអនាគត យើងត្រូវតែផ្តោតទៅលើយុវជននិងបុគ្គលដែលមានទេពកោសល្យ។ យើងមានសេចក្តីសោមនស្សរីករាយ ដែលបានធ្វើការជាដៃគូជាមួយ មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី «តេជោ» ដែលនឹងជំរុញឲ្យមានកំណើន នៃសហគ្រិនភាពរបស់ប្រទេសកម្ពុជា ឆ្ពោះទៅរកការអភិវឌ្ឍនៃបច្ចេកវិទ្យា បច្ចេកវិទ្យាហិរញ្ញវត្ថុ និងសហគ្រិនភាពលំដាប់កម្រិតពិភពលោក»។
គូសបញ្ជាក់ថា មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី «តេជោ» គឺជាគ្រឹះស្ថានសាធារណៈរដ្ឋបាល ក្រោមអាណាព្យាបាលរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៃប្រទេសកម្ពុជា។ មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី «តេជោ» មានកាតព្វកិច្ចរបស់ខ្លួន ក្នុងការពន្លឿនអាជីវកម្មធុរកិច្ចថ្មី ដោយបង្កើនសមត្ថភាពសហគ្រិនភាព និងនវានុវត្តន៍តាមរយៈកម្មវិធី និងសេវាកម្មរបស់មជ្ឈមណ្ឌល៕