(បាត់ដំបង)៖ នៅរសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ នៅសាលសន្និសីទមហានគរ នៃសាកលវិទ្យាល័យជាតិបាត់ដំបង បានរៀបចំពិធីប្រកាសមុខតំណែង មន្រ្តីគ្រប់គ្រងសរុបចំនួន២៣រូប ក្នុងនោះមន្រ្តីគ្រប់គ្រង ចំនួន០១រូប តែងតាំងដោយអនុក្រឹត្យលេខ៣២៣អនក្រត.ត ចុះថ្ងៃទី២៩ខែមិថុនា ឆ្នាំ២០២១ និងមន្រ្តីគ្រប់គ្រងចំនួន២២រូប តែងតាំងដោយប្រកាសលេខ៥៩៤ អយក.ប្រក ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២១។
ការតែងតាំងមន្រ្តីគ្រប់គ្រងនេះ ស្របតាមផែនការកំណែទម្រង់ដំណាក់កាលទី២ របស់គណៈកម្មការគ្រប់គ្រងសាកលវិទ្យាល័យជាតិបាត់ដំបង និងជាពិសេសតាមមតិណែនាំរបស់លោក ស សុខា ប្រធានគណៈកម្មការគ្រប់គ្រង នៃសាកលវិទ្យាល័យជាតិបាត់ដំបង។
នៅក្នុងពិធីនេះដែរ លោក សុខ ឃន សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យជាតិបាត់ដំបង បានថ្លែងថា សាកលវិទ្យាល័យជាតិបាត់ដំបង មានការប្រែប្រួលរីកចម្រើន លើគ្រប់ផ្នែកគួរឲ្យកត់សម្គាល់ទាំងផ្នែកទន់ និងផ្នែករឹង ព្រមទាំងទទួលបាននូវការកោតសសើរពីមន្រ្តីរាជការ សិស្ស និស្សិត ប្រជាពលរដ្ឋទូទៅទាំងក្នុងខេត្តនិងក្រៅខេត្ត អំពីសក្តានុពល និងសន្ទុះនៃការអភិវឌ្ឍរបស់សាកលវិទ្យាល័យជាតិបាត់ដំបងក្នុងរយៈពេល៦ខែចុងក្រោយនេះ។
លោកបន្ដថា ភាពជោគជ័យទាំងនេះ គឺពិតជាអាស្រ័យលើការដឹកនាំគ្រប់គ្រងរបស់គណៈគ្រប់គ្រងទាំងអស់គ្នា និងការចូលរួមយ៉ាងសស្រាក់សស្រាំពីសំណាក់មន្រ្តី និងបុគ្គលិកក្រោមឱវាទ។
លោក សុខ ឃន ក៏បានរំលឹកឡើងនូវប្រសាសន៍របស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅក្នុងពិធីប្រគល់សញ្ញាបត្រ កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២១កន្លងទៅនេះថា «ឆន្ទៈ រួមជាមួយការតស៊ូ នាំនឹងនាំឲ្យទទួលបានលទ្ធផល»។
លោក សុខ ឃន ក៏បានសង្កត់ធ្ងន់ថា រាល់ការតស៊ូតែងតែមានលទ្ធផលដែលជាការតបស្នង ជាក់ស្តែងនៅថ្ងៃនេះ មន្រ្តីដែលមិនទាន់ទទួលបានតំណែង ត្រូវបានប្រកាសចូលកាន់ដើម្បីបន្តរួមចំណែក ជួយអភិវឌ្ឍសាកលវិទ្យាល័យ ដើម្បីសម្រេចនូវផែនការយុទ្ធរបស់សាកលវិទ្យាល័យ។
លោកក៏បានផ្តល់អនុសាសន៍ដល់មន្រ្តីគ្រប់គ្រង ដែលទើបតាំងតាំងថ្មី ឲ្យខិតខំបំពេញការងារប្រកបទៅដោយ មនសិកា និងការទទួលខុសត្រូវខ្ពស់ តាមភារកិច្ចរបស់ខ្លួន ក្នុងឋានៈជាមន្រ្តីគ្រប់គ្រង និងថ្នាក់ដឹកនាំ។
សូមបញ្ជាក់ថា សាកលវិទ្យាល័យជាតិបាត់ដំបង ជាគ្រឹះស្ថានឧត្តមសិក្សាជាតិតែមួយគត់ ស្ថិតនៅតំបន់ភូមិភាគពាយព្យ ដែលជាទីទុកចិត្តដល់អ្នកសិក្សា សិស្សានុសិស្ស និងនិស្សិតអាចជាទីពឹងអនាគតភ្លឺថ្លាបាន។
សាកលវិទ្យាល័យជាតិបាត់ដំបង បានស្ថាបនាឡើងក្រោមគំនិតផ្តួចផ្តើម និងកៀរគរថវិកា ដោយ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងរដ្ឋមន្រ្តី ក្រសួងមហាផ្ទៃ ក្នុងឆ្នំា២០០៧។ ការរៀបចំពិធីនេះ ធ្វើឡើងស្របតាមស្តង់ដាសុវត្ថិភាពនានា ដែលកំណត់ដោយក្រសួងសុខាភិបាល និងក្រសួងអប់រំ យុវជន និងកីឡា៕