(កំពង់ស្ពឺ)៖ ឆ្លៀតឱកាសនៃការអញ្ជើញទៅប្រគេនទៀនវស្សា និងទេយ្យទានដល់ព្រះសង្ឃចំនួន៤វត្ត ក្នុងឃុំវាំងចាស់ នាព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១នេះ អ្នកតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ស្ពឺ លោក ហ៊ុន ម៉ានី និងក្រុមការងារបានបន្តទៅពិនិត្យដំណើរការការចាក់វ៉ាក់សាំង នៅមណ្ឌលវត្តសុខារាម ស្ថិតក្នុងឃុំក្សេមក្សាន្ត ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ដើម្បីស្វែងយល់ពីដំណើរការ និងវឌ្ឍនភាព នៃយុទ្ធនាការចាក់វ៉ាកសាំងក្នុងខេត្តកំពង់ស្ពឺ។
តាមការកំណត់របស់គណៈកម្មការចំពោះកិច្ច ចាក់វ៉ាក់សាំងកូវីដ១៩ ខេត្តកំពង់ស្ពឺ ស្ថិតក្នុងបណ្តាខេត្តជំហានទី២ នៃយុទ្ធសាស្រ្ត «ផ្ការីក» ដែលបានចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំង កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ ដែលគិតមកដល់ពេលនេះ ខេត្តបានសម្រេចការចាក់ដូសទី១ សម្រាប់គោលដៅអាទិភាព ២៧៨,៦៤៦នាក់ និងកំពុងបន្តចាក់វ៉ាក់សាំងដូសទី២។
ឆ្លៀតក្នុងឱកាសនោះផងដែរ អ្នកតំណាងរាស្រ្ត បានសម្តែងនូវសេចក្តីនឹករឭក ក៏ដូចជាការសាកសួរសុខទុក្ខដល់ប្រជាពលរដ្ឋ អាជ្ញាធរ និងកងទ័ព ដែលបានមកទទួលវ៉ាក់សាំង និងកំពុងឈរជើងប្រចាំការសម្របសម្រួល និងចាក់វ៉ាក់សាំង។
លោក ហ៊ុន ម៉ានី ក៏សូមផ្តាំផ្ញើឲ្យប្រជាពលរដ្ឋទាំងអស់ បន្តចូលរួមអនុវត្តវិធានការការពារខ្លួន ឲ្យបានខ្ជាប់ខ្ជួន ទោះបីជាពេលនេះបងប្អូនបានទទួលខែល ការពារមួយកម្រិតពីវ៉ាក់សាំងក្តី។
ដោយឡែក ក្នុងនាមប្រជាពលរដ្ឋខេត្តកំពង់ស្ពឺ អ្នកតំណាងរាស្រ្ត បានធ្វើការថ្លែងអំណរគុណដល់កងកម្លាំង នៃបញ្ជាការដ្ឋានបញ្ជូនសារ កងយោធពលខេមរភូមិន្ទ ដែលបានរួមចំណែកក្នុងយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋខេត្តកំពង់ស្ពឺ។
សូមជម្រាបថា គិតត្រឹមថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ ខេត្តកំពង់ស្ពឺ បានសម្រេចការចាក់វ៉ាក់សាំងដូសទី២ បាន៧៤,១៥ភាគរយហើយ ក្រោយពីចាប់ផ្តើមការចាក់កាលពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២១នេះ៕