(ព្រៃវែង)៖ ខណៈមានការកើនឡើងខ្ពស់ចំនួនអ្នកវិជ្ជមានកូវីដ១៩ ដែលត្រូវសម្រាកព្យាបាល និងអ្នកពាក់ពាន់ត្រូវធ្វើចត្តាឡីស័កនោះ នាព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១នេះ លោក ស្តើង សុខុម ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំចាយមារ បានស្នើនូវវិធានការអាទិភាព ៤ចំណុចដល់ក្រុមការងារប្រយុទ្ធប្រឆាំងកូវីដ-១៩ ស្រុកកំចាយមារ និងប្រជាពលរដ្ឋរួមគ្នាអនុវត្តឱ្យមានប្រសិទ្ធភាព ដើម្បីទប់ស្កាត់ការរីករាលដាលជាសហគមន៍។

លោក ស្តើង សុខុម បានស្នើបែបនេះក្នុងឱកាសនាំយកអំណោយរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកស្រី ទៅប្រគល់ជូនរដ្ឋបាលស្រុកកំចាយមារបម្រើឱ្យការប្រយុទ្ធប្រឆាំងកូវីដ១៩។

វិធានការ ៤ចំណុច ដែលស្នើឱ្យរួមគ្នាអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩នោះរួមមាន៖

ទី១៖ អនុវត្តគោលការណ៍ដឹកនាំរបស់រាជរដ្ឋាភិបាលរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងវិធានសុខាភិបាលសម្រាប់ប្រយុទ្ធប្រឆាំងកូវីដ១៩ ឱ្យបានហ្មត់ចត់។

ទី២៖ មន្ត្រីជំនាញត្រូវបំពេញមុខងារភារកិច្ចរបស់ខ្លួនប្រកបដោយមនសិកាវិជ្ជាជីវៈ និងការទទួលខុសត្រូវខ្ពស់។

ទី៣៖ ក្រុមគ្រូពេទ្យព្យាបាល និងបុគ្គលិកពេទ្យ ព្រមទាំងមន្ត្រីពាក់ព័ន្ធ ខិតខំអស់លទ្ធភាពក្នុងព្យាបាល និងគ្រប់គ្រងការធ្វើចត្តាឡីស័កឱ្យមានប្រសិទ្ធិភាពខ្ពស់។ ព្រមទាំងត្រៀមលក្ខខណ:ក្នុងចាក់វ៉ាក់សាំងជូនពលរដ្ឋឱ្យបានឆាប់រហ័សនៅពេលទទួលបានវ៉ាក់សាំង

ទី៤៖ ចាត់ចែងចាក់មេក្រូតាមភូមិផ្សព្វផ្សាយវិធានការប្រយុទ្ធប្រឆាំងកូវីដ១៩។ ជាពិសេសវិធានការ «៣កុំ និង ៣ការពារ» របស់សម្តេចតេជោ ហ៊ុន សែន ព្រមទាំងផ្សព្វផ្សាយតាមមធ្យោបាយដទៃទៀតដែលមាន។

លោក សឿង សុជាតិ អភិបាលស្រុកកំចាយមារបានឲ្យដឹងថា គិតត្រឹមថ្ងៃទី១៦ ខែកក្កដានេះ ចំនួនអ្នកវិជ្ជមានកូវីដ១៩ ក្នុងស្រុកកំចាយមារ មានចំនួន ២៨៥នាក់។ ក្នុងនោះកម្មកររោងចក្រមានចំនួន ២៥៨នាក់ និងប្រជាជនធម្មតា ចំនួន ២៧នាក់។ ចំណែកអ្នកកំពុងធ្វើចត្តាឡីស័កមានចំនួន ៧១១នាក់ ស្រី ៥៧៥នាក់ ។

បច្ចុប្បន្នអ្នកជំងឺត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅវិទ្យាល័យ ហ៊ុន សែនកំចាយមារ ចំនួន ២១១នាក់ និង ៧៤នាក់ត្រូវបានបញ្ជូនទៅព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្តព្រៃវែង និងមានអ្នកជាសះស្បើយចំនួន ២៧នាក់។

លោក សឿង សុជាតិ បានឱ្យដឹងទៀតថា អ្នកធ្វើចត្តាឡីស័កចំនួន ៧១១នាក់នេះ ត្រូវបានដាក់ឲ្យធ្វើចត្តាឡីស័កនៅតាមមណ្ឌលចត្តាឡីស័កតាមឃុំទាំង៨ របស់ស្រុក។ លោកអភិបាលស្រុក បានឱ្យដឹងទៀតថា អ្នកដែលប៉ះពាល់ដោយប្រយោលត្រូវបានដាក់ឱ្យធ្វើចត្តាឡីស័កនៅតាមផ្ទះដោយមានការយាមកាមផងដែរ។

ចំណែកអ្នកដែលប៉ះពាល់ផ្ទាល់ ត្រូវបានដាក់ឱ្យធ្វើចត្តាឡីស័កនៅតាមមណ្ឌលនៅតាមឃុំ។ បញ្ហាប្រឈមចំពោះមុខគឺក្រុមគ្រូពេទ្យយកសំណាកយឺតធ្វើឱ្យអ្នកដែលពាក់ព័ន្ធអាចបង្កការចម្លងទៅអ្នកដទៃកាន់តែច្រើនថែមទៀត។

ជាការកត់សម្គាល់ក្នុងរយៈពេលមិនដល់ ២សប្តាហ៍ផង ចំនួនអ្នកឆ្លងកូវីដ១៩ នៅស្រុកកំចាយមារមានការកើនឡើងខ្ពស់ពីចំនួន ៣៦នាក់ កាលពីថ្ងៃទី៣ ខែកក្កដា កើនដល់ ២៨៥នាក់ នៅត្រឹមថ្ងៃទី១៦ ខែកក្កដា។ ចំណែកអ្នកធ្វើចត្តាឡីស័កវិញកាលពីថ្ងៃទី៣ ខែកក្កដា មានចំនួន ១២៨នាក់ បានកើនដល់ ៧១១នាក់នៅថ្ងៃទី១៦ ខែកក្កដា។

បន្ទាប់ពីបានជជែកលើការងារឆ្លើយតបនឹងបញ្ហាជំងឺកូវីដ១៩រួចទៅ នៅព្រឹកថ្ងៃដដែលលោក ស្តើង សុខុម បានប្រគល់អំណោយរបស់សម្តេចក្រឡាហោម ស ខេង និងលោកស្រី ញ៉ែម សាខន ជូនរដ្ឋបាលស្រុកកំចាយមារ ដើម្បីបែងចែកជូនតាមបណ្តាឃុំទាំង៨។

អំណោយរួមមាន៖ អង្ករ១០តោន, បៅអ៉ីបត់១០០, អាល់កុល ៥កាន ចំណុះ ១៥០លីត្រ និងម៉ាស់ ៥កេសធំ។ ក្នុងឱកាសនោះ លោក ស្តើង សុខុម ក៏បានឧបត្ថម្ភគ្រូពេទ្យព្យាបាលកូវីដ-១៩ចំនួន ១៥នាក់ ក្នុងម្នាក់២០ម៉ឺនរៀល, ឧបត្ថម្ភមេឃុំ និងមន្ត្រីចូលរួមមកពី ឃុំទាំង៨ ក្នុង១ឃុំៗទទួលបាន២០ម៉ឺនរៀល។

លោក ស្តើង សុខុម ក៏បានឧបត្ថម្ភថវិកា ១,០០០ដុល្លារសម្រាប់ការចាក់សាបទីធ្លាសាលាបឋមសិក្សាក្របៅថ្មី ឃុំក្របៅផងដែរ និង បានឧបត្ថម្ភការចាក់មេក្រូផ្សព្ធផ្សាយអំពីវិធានការទប់ស្កាត់កូវីដ១៩ នៅតាមភូមិទាំង ១២៩ភូមិរយៈពេល១៤ថ្ងៃ ថវិកាចំនួន ៨លានរៀល និងឧបត្ថម្ភ ១,០០០ដុល្លារថ្លៃជួលបង្គន់ចល័តចំនួន២ ដាក់នៅកន្លែងសម្រាកព្យាបាលអ្នកជំងឺកូវីដ-១៩ ក្នុងវិទ្យាល័យហ៊ុនសែនកំចាយមារ។

គួររំលឹកផងដែរថា កាលពីថ្ងៃទី០៣ កក្កដា ២០២១កន្លងទៅនេះ លោកប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំចាយមារ ក៏ទើបតែបានពាំនាំនូវអំណោយឧបត្ថម្ភរបស់សម្តេចក្រឡាហោម ស ខេង និង លោកស្រី ដែលរួមអង្ករចំនួន ៧តោន, ម៉ាស់ ៥កេសធំ, អាកុល ១០កាន, ថវិកាប្រយុទ្ធកូវីដ១៩ ចំនួន ៥លានរៀលជូនរដ្ឋបាលស្រុកកំចាយមារធ្វើការបែងចែកទៅតាមមូលដ្ឋានឃុំទាំង៨ និងកងកម្លាំងមាននគរបាល ទាហាន អាវុធហត្ថ ស្រុកមន្ទីរ ពេទ្យបង្អែកនិងមណ្ឌលចត្តាឡីស័ក ដើម្បីបម្រើឱ្យយការប្រយុទ្ធប្រឆាំងការរីករាលដាលនៃជម្ងឺកូវីដ១៩ នៅក្នុងមូលដ្ឋានស្រុកកំចាយមារ។

ផ្តល់ថវិកាធ្វើស្លាកសញ្ញា និងការរៀបចំកិច្ចប្រជុំចំនួន ១,៥០០ដុល្លារ, ជូនដល់សមាជិក សមាជិកាបក្ស ចូលរួមចំនួន ៦២នាក់ក្នុងម្នាក់ ៣ម៉ឺនរៀល, ក្រុមគ្រូរពេទ្យប្រយុទ្ធកូវីដ១៩ ចំនួន ១៥នាក់ ម្នាក់ ៥ម៉ឺនរៀល, អ្នកជំងឺកូវីដដែលកំពុងសម្រាកព្យាបាលម្នាក់ ៥ម៉ឺនរៀល៕