(សៀមរាប)៖ នៅព្រឹកថ្ងៃទី១៧ ខែកក្កដា នេះ ក្រុមអាជីវករផ្សារព្រះដាក់ ឃុំព្រះដាក់ ស្រុកបន្ទាយស្រី បានតេស្ដរកជំងឺកូវីដ១៩ ជាលើកទី២ ដែលជាលទ្ធផលគឺអវិជ្ជមានទាំងអស់។ តាមរបាយការណ៍របស់រដ្ឋបាលស្រុក អាជីវករសរុប ១៧៩នាក់ ក្នុងនោះប្រុស ៦៥នាក់ និងស្រី ១១៤នាក់។

ក្រុមអាជីវករផ្សារព្រះដាក់ បានចូលរួមយកសំណាកជាលើកទី២ ក្រោយអាជីវករច្រើននាក់ក្នុងផ្សារនេះ រកឃើញមានវិជ្ជមានជំងឺកូវីដ១៩ កាលពីយកសំណាកលើកដំបូងនៅអំឡុងថ្ងៃទី៦ ខែកក្កដា។ អាជ្ញាធរក៏សម្រេចបិទផ្សារព្រះដាក់ជាបណ្ដោះអាសន្នចាប់ពីពេលនោះផងដែរ។

ដើម្បីសម្រួលដល់ការលក់ដូររបស់អាជីវករ អាជ្ញាធស្រុកបន្ទាយស្រី កំពុងរៀបចំផ្សារក្រមួននៅលើផ្លូវបេតុងមួយកន្លែងក្នុងភូមិ ដោយអនុញ្ញាតឱ្យមានការលក់បន្លែ សាច់ និងនំតែប៉ុណ្ណោះ។ អាជ្ញាធរបានរៀបចំទីតាំង និងគូសគំនូសសញ្ញាគំលាត សម្រួលដល់ការលក់ដូរនេះ។ តាមគម្រោង ផ្សារនេះនឹងបើកឱ្យលក់នៅថ្ងៃចន្ទ សប្ដាហ៍ក្រោយនេះ ឬយ៉ាងយូរត្រឹមថ្ងៃទី២០ តទៅ៕