(ត្បូងឃ្មុំ)៖ លោក ជាម ច័ន្ទសោភ័ណ សមាជិកថ្នាក់កណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានគណបក្សប្រជាជនខេត្តត្បូងឃ្មុំ បានណែនាំឲ្យប្រធានគណបក្សប្រជាជនស្រុកមេមត់ ត្រូវរៀបចំក្រុមអ្នកច្បាប់ ដើម្បីត្រៀមសម្រាប់ការបោះឆ្នោតនាពេលខាងមុខ ព្រមទាំងត្រូវជ្រើសរើស បេក្ខជនឈរឈ្មោះ ដែលមានប្រជាប្រិយភាព សមត្ថភាពគ្រប់គ្រាន់ ភាពឆ្លាតវៃ ជាការទាក់ទាញស្រលាញ់គាំទ្រផ្តល់ទំនុកចិត្តពីសំណាក់ប្រជាជន ទៅកាន់បុគ្គលរូបនោះ ក៏ដូចជាមកលើគណបក្សប្រជាជនកម្ពុជា។
ក្នុងឱកាសអញ្ជើញជាអធិបតីបើកកិច្ចប្រជុំផ្សព្វផ្សាយ «ផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២» ក្នុងមូលដ្ឋានស្រុកមេមត់ នាថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១នេះ លោក ជាម ច័ន្ទសោភ័ណ បានចង្អុលបង្ហាញបន្ថែមនូវចំណុចសំខាន់ៗមួយចំនួន ដែលដកស្រង់ចេញពីសេចក្តីសម្រេច នៃផែនការជូនដល់សមាជិក សមាជិកា បានយល់ជ្រួតជ្រាបច្បាស់លាស់ និងស៊ីជម្រៅដើម្បីយកទៅអនុវត្ត ឲ្យទទួលបានប្រសិទ្ធភាព និងប្រសិទ្ធផល ឈានទៅសម្រេចតាមផែនការដែលបានគ្រោងទុកសម្រាប់អាណត្តិទី៥។
លោកបានធ្វើការរំលឹកជូនអង្គប្រជុំ ពិសេសប្រធានគណបក្សប្រជាជនស្រុក-ឃុំ ដោយសង្ខេបអំពីជ័យជំនះ នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ក្នុងមូលដ្ឋានស្រុកមេមត់ទទួលបាន ដើម្បីរក្សាបាននូវភាពជោគជ័យនេះ សមាជិក សមាជិកាពិសេសប្រធានគណបក្សឃុំ ត្រូវបន្តរក្សាឲ្យបានចំណុចខ្លាំង ត្រូវប្រតិបត្តិឲ្យកាន់តែល្អប្រសើរជាបន្តបន្ទាប់ស្របតាមស្ថានការជាក់ស្តែង។
ជាពិសេសចំណុចខ្សោយ ចាំបាច់ត្រូវសិក្សាស្វែងយល់ឲ្យបានស៊ីជម្រៅ ពិនិត្យនិងកែលម្អឲ្យបានល្អប្រសើរឡើងវិញ ដើម្បីធានាឲ្យបានជោគជ័យ ស្របតាមផែនការសកម្មភាពដែលត្រូវអនុវត្តដើម្បីឈានទៅសម្រេចឲ្យបានជោគជ័យនាឆ្នាំ២០២២។
បន្ថែមពីនេះ លោក ជាម ច័ន្ទសោភ័ណ បានក្រើនរំលឹកដល់លោកមេឃុំទាំងអស់ ត្រូវបន្តការផ្តល់សេវាសាធារណៈឲ្យបានល្អ និងលឿន ហាមដាច់ខាតការទារតម្លៃសេវាលើសពីការកំណត់ ត្រូវយកចិត្តទុកដាក់សុខទុក្ខនៅកៀកជាប់ជាមួយពលរដ្ឋក្នុងមូលដ្ឋាន ក្តាប់ឲ្យជាប់រាល់បញ្ហានានា ដើម្បីដោះស្រាយឲ្យបានទាន់ពេលវេលា ទាំងអស់នេះជាកាតព្វកិច្ចចាំបាច់ដែលត្រូវតែអនុវត្តឲ្យខានតែបាន និងមានប្រសិទ្ធភាព ទាំងនេះសុទ្ធសឹងជះឥទ្ធិពល ដល់ការទាក់ទាញសមាណចិត្ត ការស្រលាញ់គាំទ្រពលរដ្ឋ សម្រាប់ការបោះឆ្នោតទាំងក្រុមប្រឹក្សាឃុំ-សង្កាត់ នាឆ្នាំ២០២២ និងបោះឆ្នោតថ្នាក់ជាតិ នាឆ្នាំ២០២៣ខាងមុខនេះ៕