(ភ្នំពេញ)៖ កម្ពុជាគ្មានការរារែកបន្តការពារអាយុជីវិតប្រជាពលរដ្ឋរបស់ខ្លួន ក្នុងបរិបទការរីករាលដាលនៃជំងឺកូវីដនេះ ដោយមិនចំណុះលើអារម្មណ៍របស់អ្នកឡើយ។ នេះជាការបញ្ជាក់របស់ លោក គឹម សន្តិភាព រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១។
ជំងឺកូវីដ១៩ បានសម្លាប់ជីវិតមនុស្សប្រមាណជាង ៤ លាននាក់ នៅទូទាំងពិភពលោក។ លោក គឹម សន្តិភាព បានដាក់សំណួរថា តើសិទ្ធិណាមួយរបស់ប្រជាពលរដ្ឋ សំខាន់ជាងសិទ្ធិរស់រានមានជីវិត? តើរដ្ឋាភិបាលនីមួយៗលើពិភពលោក ត្រូវការពារសិទ្ធិរបស់ពលរដ្ឋរបស់ខ្លួនណាមួយ ដែលសំខាន់ជាងគេក្នុងបរិបទ នៃការរីករាលដានជំងឺកូវីដនេះ?
ការថ្លែងរបស់លោក គឹម សន្តិភាព ធ្វើឡើងបន្ទាប់ពីមានក្រុមប្រឆាំងនឹងរាជរដ្ឋាភិបាលកម្ពុជា លើកឡើងទាំងបំភ្លៃថា រាជរដ្ឋាភិបាល មិនបានគិតគូរពីសុខុមាលភាព ប្រជាពលរដ្ឋរបស់ខ្លួនឡើយ និងលើកឡើងទាំងអកុសលទៀតថា យន្តការនានាដើម្បីប្រឆាំងជំងឺកូវីដ១៩ នៅកម្ពុជា ប៉ះពាល់ដល់សិទ្ធិរបស់ពលរដ្ឋជាដើម។
មន្ត្រីជាន់ខ្ពស់ក្រសួងយុត្តិធម៌ បញ្ជាក់ថា «កម្ពុជា ក៏មិនខុសពីអ្នកដែរ! កម្ពុជា នៅតែបន្តចាត់វិធានការគ្រប់យ៉ាងធ្វើដើម្បីការពារអាយុជីវិតប្រជាពលរដ្ឋរបស់ខ្លួន ដោយគ្មានការរារែកនោះទេ និងមិនចំណុះលើអារម្មណ៍របស់អ្នកឡើយ»៕