(ភ្នំពេញ)៖ លោក ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ តំណាងលោករដ្ឋមន្ត្រី កើត រិទ្ធ នៅរៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១នេះ បានដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេសចម្រុះស្តីពីការកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ (TWG-LJR) ជាមួយសហប្រធាន លោក Pradeep Wagle ប្រធានការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា (OHCHR) តាមរយៈប្រព័ន្ធវីដេអូហ្ស៊ូម (Zoom)។

កិច្ចប្រជុំនេះក៏មានការចូលរួមពីតំណាងនៃអង្គភាពនានាក្រោមឱវាទក្រសួងយុត្តធម៌ តំណាងក្រសួង-ស្ថាប័នរដ្ឋពាក់ព័ន្ធ អង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍជាតិ និងអន្តរជាតិ ប្រមាណ៧០រូបផងដែរ។

កិច្ចប្រជុំនេះ ដោយលើកយករបៀបវារៈចំនួន៣ ដើម្បីពិនិត្យ និងពិភាក្សាលើរបៀបវារៈចំនួន៣ ដូចខាងក្រោម៖

*ទី១៖ វឌ្ឍនភាពនៃការអនុវត្តសូចនាករតាមដានរួមស្តីពីកំណែទម្រង់ច្បាប់និងប្រព័ន្ធយុត្តិធម៌ ឆ្នាំ២០១៩-២០២៣ (2019-2023 JMI-LJR)។

*ទី២៖ លទ្ធផលនៃកិច្ចសហការនិងការអនុវត្តការងារអាទិភាពមួយចំនួនរបស់ក្រសួងយុត្តិធម៌ រួមមានដូចជា យុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមតុលាការ ការដោះស្រាយភាពចង្អៀតណែនក្នុងពន្ធនាគារ ការរៀបចំយន្តការជំនួយផ្នែកច្បាប់និងការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងផែនការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យយុត្តិធម៌ ជាដើម។ល។

*ទី៣៖ ការងារបន្តដែលត្រូវសហការធ្វើរួមគ្នាពាក់ព័ន្ធនឹងការកែទម្រង់ច្បាប់និងប្រព័ន្ធយុត្តិធម៌៕