(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ទូលថ្វាយសារលិខិតថ្លែងអំណរព្រះរាជគុណ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ដែលព្រះអង្គបានប្រោសព្រះរាជូបត្ថម្ភព្រះរាជទ្រព្យ ២ម៉ឺនដុល្លារ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មរបស់ព្រះអង្គ កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១កន្លងទៅនេះ។

នៅក្នុងសារលិខិតនោះមានខ្លឹមសារថា «ខ្ញុំម្ចាស់ និងថ្នាក់ដឹកនាំ សមាជិក សមាជិកា ព្រមទាំងមន្ត្រី បុគ្គលិកទាំងអស់នៃកាកបាទក្រហមកម្ពុជា មានសេចក្តីរីករាយយ៉ាងក្រៃលែង ដោយបានទទួលព្រះរាជទ្រព្យដ៏ឧត្តុង្គឧត្តមចំនួន 20,000USD (ម្ភៃពាន់ដុល្លារអាមេរិក) ដែលជាព្រះរាជទានដ៏ថ្លៃថ្លារបស់ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត តាមរយៈសម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង សម្រាប់ជាព្រះរាជូបត្ថម្ភដ៏ឧត្តុង្គឧត្តមដល់ក្រុមការងារ ដែលបានរៀបចំការសម្តែងទស្សនីយភាព របាំ ចម្រៀង ព្រមទាំងបានផ្សព្វផ្សាយតាមទូរទស្សន៍ជាតិកម្ពុជា ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១។

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានថ្លែងថា «ខ្ញុំម្ចាស់ សូមព្រះបរមរាជានុញ្ញាតប្រើប្រាស់ព្រះរាជទ្រព្យដ៏ឧត្តុង្គឧត្តមខាងលើនេះ សម្រាប់ចូលរួមក្នុងការសាងសង់ផ្ទះជូនអតីតយុទ្ធជនក្រីក្រ និងមានពិការភាព ចំនួន ៦២៨ខ្នង ដែលបាននិងកំពុងកសាងជាបន្តបន្ទាប់នៅភូមិ ប៊ុន រ៉ានី សែនជ័យដំណាក់ត្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់»

«ខ្ញុំម្ចាស់ ព្រមទាំងសហការីទាំងអស់នៃកាកបាទក្រហមកម្ពុជា សូមព្រះបរមរាជានុញ្ញាតថ្លែងអំណរព្រះរាជគុណដ៏ខ្ពង់ខ្ពស់បំផុតថ្វាយ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិនានាក្នុងលោក ទេវតារក្សាព្រះមហាស្វេតច្ឆត្រ ព្រះបារមីព្រះវិញ្ញាណក្ខន្ធអតីតព្រមហាក្សត្រ-ព្រះមហាក្សត្រិយានីខ្មែរគ្រប់ព្រះអង្គ ជាពិសេស ព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបរមរតនកោដ្ឋ សូមព្រះមេត្តាប្រោសព្រះរាជទានព្រះពរជ័យ បវរមហាប្រសើរថ្វាយ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គមានព្រះបរមសុខគ្រប់ប្រការ គង់ប្រថាប់ជាមហាម្លប់ដ៏ត្រជាក់ សម្រាប់ប្រជារាស្ត្រ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ជាកូនចៅ ចៅទួត របស់ព្រះអង្គជ្រកកោនតរៀងទៅ»៕

ខាងក្រោមនេះ ជាសារលិខិតរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ទូលថ្វាយថ្លែងអំណរព្រះរាជគុណ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ៖