(ភ្នំពេញ)៖ លោក ហួត ហាក់ សមាជិកគណៈកម្មាធិការកណ្ដាល និងជាប្រធានលេខាធិការដ្ឋាននៃយុវជគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល នាថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១នេះ បាននាំយកអំណោយជាសម្ភារបរិក្ខារមួយចំនួនរបស់សប្បុរសជន ប្រគល់ជូនសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ហៅកាត់ថា TYDA ដើម្បីសម្រាប់ប្រើប្រាស់ក្នុងយុទ្ធនាការប្រឆាំងជំងឺកូវីដ-១៩។

សប្បុរសជនដែលបានឧបត្ថម្ភសម្ភារបរិក្ខារជូនសមាគម TYDA តាមរយៈលោក ហួត ហាក់ នោះ គឺលោក ចូវ ស៊ាវហ័រ (ZHOU Xiao Hua) ប្រធានក្រុមហ៊ុន Yuefeng Group ខណៈសម្ភាបរិក្ខារទាំងនោះរួមមាន ម៉ាសអនាម័យចំនួន ៥០០,០០០ ម៉ាស់ N95 ចំនួន ៤៥,០០០ និងអាវ PPE កម្រិត២ ចំនួន ២៥,០០០ ឈុត។

តំណាងសមាគមគ្រូពេទ្យ TYDA បានឱ្យដឹងថា ការចូលរួមនេះគឺជាទឹកចិត្តសប្បុរសធម៌ជួយគ្នានៅក្នុងគ្រាដែលប្រទេសជាតិកំពុងជួបគ្រោះអាសន្ន ដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩ ខណ:ពេលបច្ចុប្បន្នដែលថ្នាក់ដឹកនាំ និងក្រុមការងារសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ និងយុវជនស្ម័គ្រចិត្តប្រឆាំងកូវីដ-១៩ ដែលកំពុងបំពេញភារកិច្ចយ៉ាងសកម្មដើម្បីជាតិ និងប្រជាជន។

សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ បានថ្លែងអំណរគុណចំពោះសប្បុរសជនទាំងអស់ ដែលបានចូលរួមសកម្មភាពមនុស្សធម៌ តាមរយៈការឧបត្ថម្ភថវិកា និងសម្ភារបរិក្ខារ ដើម្បីផ្តល់លទ្ធភាពឱ្យសមាគមបំពេញបេសកកម្មមនុស្សធម៌សម្រាប់ជាតិ និងមាតុភូមិ។

សូមបញ្ជាក់ថា ខណៈដែលចំនួនអ្នកកើតជំងឺកូវីដ-១៩ នៅតែមានចំនួនច្រើន មានសប្បុរសជនជាច្រើនបានចូលរួមឧបត្ថម្ភជាថវិកា ភេសជ្ជ: អាហារ និងសម្ភារៈជូនដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយវជនសម្តេចតេជោ ដែលចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ដើម្បីជាការលើកទឹកចិត្តចំពោះកិច្ចខិតខំប្រឹងប្រែងចូលរួមក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ កន្លងមក៕