(បន្ទាយមានជ័យ)៖ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ អមដំណើរដោយលោក លី សុវណ្ណារិទ្ធិ អភិបាលរងខេត្ត លោកប្រធានក្រុមប្រឹក្សាស្រុក លោកអភិបាលរងស្រុក និងក្រុមការងារ នាថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១ បាននាំយកទៀនព្រះវស្សា ទេយ្យវត្ថុ គ្រឿងឧបភោគបរិភោគ និងបច្ច័យ ប្រគេនថ្វាយព្រះសង្ឃនៅវត្តសុក្ខារាមគោកព្រិច ភូមិគោកព្រិច ឃុំសូភី ស្រុកអូរជ្រៅ ឱកាសពិធីបុណ្យចូលព្រះវស្សា។

ចំពោះទេយ្យវត្ថុដែលប្រគេនជូនព្រះសង្ឃគង់នៅវត្តខាងលើ រួមមាន៖ ទៀនវស្សា ១គូ សាដក១គូ អង្ករ ១០០គីឡូក្រាម មី៥កេះ ត្រីខ ៥កេសធំ ទឹកស៊ីអ៉ីវ-ទឹកត្រី ១០យួរ ទឹកបរិសុទ្ធ ៥កេស ម៉ាស់ ២០ប្រអប់ រួមនឹងបច្ច័យប្រគេនព្រះសង្ឃ ១១អង្គ ក្នុងមួយព្រះអង្គប្រគេនបច្ច័យ ១០ម៉ឺនរៀល នឹងបច្ច័យកសាងព្រះវិហារ ២,០០០ដុល្លារ។

លោកអភិបាលខេត្តបន្ទាយមានជ័យបានលើកឡើងថា ព្រះពុទ្ធសាសនា គឺជាសាសនារបស់រដ្ឋ ដែលពុទ្ធបរិស័ទទាំងអស់គ្នាមានជំនឿ និងគោរពប្រតិបត្តិតាម ព្រោះថាព្រះពុទ្ធសាសនាបានផ្តល់ការអប់រំផ្លូវចិត្តឲ្យប្រព្រឹត្តនូវអំពើល្អ និងចេះជួយយកអាសាគ្នា សាមគ្គីភាពគ្នា រស់នៅក្នុងសង្គមមួយដោយសុខដុមរមនា។

លោកបានបន្តថាជារៀងរាល់ឆ្នាំ មិនថាពុទ្ធបរិស័ទ ឬសប្បុរសជននោះឡើយ សូម្បីតែអាជ្ញាធរខេត្តក៏តែងតែបាននាំយកនូវទៀនចំណាំព្រះវស្សាមកវេរប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សា នៅតាមទីវត្តអារាមនានាទូទាំងខេត្ត ដែលនេះជាការបង្ហាញនូវការយកចិត្តទុកដាក់គាំទ្រ ផ្នែកវិស័យពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋផងដែរ។

ក្នុងឱកាសនោះ លោកបានផ្ដាំផ្ញើដល់មន្ត្រីរាជការ ព្រះសង្ឃ និងប្រជាពលរដ្ឋ មិនត្រូវមានការធ្វេសប្រហែស និងភ្លេចខ្លួនក្នុងការការពារខ្លួនពីជំងឺកូវីដ-១៩នោះឡើយ សូមប្រជាពលរដ្ឋទាំងអស់ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការនានា តាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីការពារ និងទប់ស្កាត់នូវការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ ពិសេសត្រូវអនុវត្តឲ្យបានល្អតាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន គឺ ៣កុំ និង ៣ការពារ៕