(ត្បូងឃ្មុំ)៖ លោក ហាក់ សុខមករា សមាជិកយុវជនគណបក្សថ្នាក់កណ្ដាល និងជាប្រធានក្រុមការងារយុវជនគណបក្សខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១ បានប្រកាសកែសម្រួលក្រុមការងារយុជនក្នុងរចនាសម្ពន្ធស្រុក យុវជនឃុំ និងសកម្មជនយុវជនភូមិ នៅទូទាំងស្រុកមេមត់ នៃខេត្តត្បូងឃ្មុំ ដោយក្នុងឱកាសនោះ លោកបានដាក់ទិសដៅថា យុវជនសមាជិកបក្ស ១រូប គឺជាសំឡេងឆ្នោតគាំទ្រគណបក្ស ១សន្លឹក។

លោក ហាក់ សុខមករា បានផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់លោក ជា សុផារ៉ា អនុប្រធានទី១ នៃក្រុមការងារគណបក្សចុះជួយខេត្តត្បូងឃ្មុំ និងលោក ហ៊ុន ម៉ាណែត ប្រធានយុវជនគណបក្សថ្នាក់កណ្ដាល និងជាអនុប្រធានក្រុមការងារគណបក្សចុះជួយខេត្តត្បូងឃ្មុំទទួលបន្ទុកការងារយុវជន ជូនដល់ក្រុមការងារយុវជនគណបក្សក្នុងរចនាសម្ព័ន្ធទាំងអស់។ បន្ទាប់មក ទើបលោកចាប់ផ្ដើមប្រកាសកែសម្រួលតែងតាំងថ្មី។

លោកបានលើកឡើងអំពីគោលការណ៍ក្នុងការគ្រប់គ្រងរចនាសម្ពន្ធបក្សក្នុងជួរយុវជន ការកសាងសមាជិកបក្សក្នុងជួរយុវជន ការពង្រឹងសតិអារម្មណ៍យុវជនគណបក្ស និងបានផ្ដោតជាសំខាន់ ដើម្បីធានាបាននូវប្រៀបឈ្នះរបស់គណបក្សប្រជាជនកម្ពុជានៅពេលបោះឆ្នោតខាងមុខ និងបានផ្សព្វផ្សាយផែនការសកម្មភាពរបស់ក្រុមការងារយុវជនគណបក្សខេត្ត ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២។

អ្វីដែលលោកចង់សង្កត់ធ្ងន់គឺដាក់ទិសដៅ «យុវជនសមាជិកបក្ស ១រូប គឺជាសំឡេងឆ្នោតគាំទ្រគណបក្ស ១សន្លឹក»

នាឱកាសនោះ លោក ហាក់ សុខមករា ក៏បាននាំយកថវិកាមួយចំនួនរបស់លោក ផារ៉ា មង្គល និងលោក ហ៉ី សាយ ក្រុមជនបង្គោលទទួលប្ទុកយុវជនស្រុក ជូនដល់សមាជិក-សមាជិកាដែលបានចូលរួមក្នុងកម្មវិធីខាងលើនោះផងដែរ៕