(ភ្នំពេញ)៖ លោក ស៊ីន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល បានលើកឡើងថា គិតរហូតមកដល់ពេលបច្ចុប្បន្ននេះ មិនទាន់មាន ក្រុមហ៊ុនអាកាសចរណ៍នៅកម្ពុជា បានប្រកាសក្ស័យធននៅឡើយនោះទេ បន្ទាប់ពីបានរងផលប៉ះពាល់ ដោយសារតែវិបត្តិជំងឺកូវីដ១៩ ប៉ុន្ដែក្រុមហ៊ុនទាំងនោះកំពុងជួបការលំបាកខ្លាំង។

លោក ស៊ីន ចាន់សិរីវុត្ថា បានបញ្ជាក់យ៉ាងដូច្នេះថា «មិនទាន់មានការក្ស័យធុន (ក្រុមហ៊ុនអាកាសចរណ៍នៅកម្ពុជា) មែន ប៉ុន្ដែមានការលំបាក គឺគាត់ខិតខំត្រដររស់ ខិតខំធ្វើយ៉ាងណាឲ្យក្រុមហ៊ុនរស់បាន ហើយអាចដំណើរការបានក្នុងបរិបទកូវីដ-១៩»

ជាមួយគ្នានេះ លោក ស៊ីន ចាន់សិរីវុត្ថា បានឲ្យដឹងថា ក្រុមហ៊ុនអាកាសចរណ៍ បានកាត់បន្ថយបុគ្គលិកគ្រប់ផ្នែក លើកលែងតែផ្នែកបញ្ជាការហោះហើរប៉ុណ្ណោះ ជាពិសេសពួកគាត់បានខិតខំរកទីផ្សារ ដោយប្ដូរពីការដឹកជញ្ជូន អ្នកដំណើរមួយចំនួន មកជំនួសដោយដឹកជញ្ជូនទំនិញវិញ។

បើតាមលោក ស៊ីន ចាន់សិរីវុត្ថា ៥ខែដើម ឆ្នាំ២០២១នេះ ការដឹកជញ្ជូនតាមផ្លូវអាកាសនៅកម្ពុជា ធ្លាក់ចុះ៩២% ខណៈការដឹកជញ្ជូនទំនិញកម្រើកបន្តិច។

លោក ស៊ីន ចាន់សិរីវុត្ថា បានបញ្ជាក់ថា ការកើនឡើងនៃការដឹកជញ្ជូនតាមផ្លូវអាកាសនេះ ដោយសារការកើនឡើង នៃការប្រើប្រាស់ទំនិញច្រើនដូចជា ទំនិញតាមអនឡាញ ព្រមទាំងការដឹកជញ្ជូនទំនិញផ្សេងទៀត រួមទាំងការដឹកជញ្ជូនវ៉ាក់សាំង បរិក្ខាពេទ្យជាដើម។

បន្ថែមពីនោះទៀត លោក ស៊ីន ចាន់សិរីវុត្ថា បានគូសបញ្ជាក់ថា នៅ៥ខែ ឆ្នាំ២០២១នេះ អាកាសយានដ្ឋានអន្តរជាតិទាំង៣ របស់កម្ពុជាទទួលបានអ្នកដំណើរ ចំនួន១១៥ ៣៥៣នាក់ ស្មើនឹង៤១៣៤ជើង ខណៈការដឹកជញ្ជូនទំនិញ មានចំនួន ២២៩៧៣តោន។

បើតាមមន្ត្រីជាន់ខ្ពស់អាកាសចរណ៍ស៊ីវិលរូបនេះបានឲ្យដឹងថា តាមការព្យាករណ៍ ការធ្វើដំណើរតាមផ្លូវអាកាស អាចនឹងល្អប្រសើរឡើងវិញ នៅឆ្នាំ២០២៣។

ដោយឡែកបើតាមការរំពឹងរបស់ក្រុមហ៊ុនផលិតយន្ដហោះធំៗ២ គឺ Boeing និង Airbus ការហោះហើរមានប្រក្រតីភាពឡើងវិញ អាចក្នុងអំឡុងឆ្នាំ២០២៣-២០២៤។

សូមជម្រាបថា ដើម្បីជួយដល់វិស័យអាសចរណ៍ រាជរដ្ឋាភិបាលបានដាក់ចេញនូវការអនុគ្រោះផ្នែកពន្ធជាបន្តបន្ទាប់។ ជាក់ស្តែងនៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ រាជរដ្ឋាភិបាលបានសម្រេចបន្តលើកលែងការបង់ពន្ធ អប្បបរមា (Minimum Tax) សម្រាប់រយៈពេល៣ខែបន្ថែមទៀត ចាប់ពីខែកក្កដា ដល់ ខែកញ្ញា ឆ្នាំ២០២១ ជូនដល់ក្រុមហ៊ុនអាកាសចរណ៍ ដែលបានចុះបញ្ជីនៅកម្ពុជា។

ជាមួយគ្នានេះ រាជរដ្ឋាភិបាលក៏បានបន្តពន្យារការបង់ប្រាក់ជំពាក់កម្រៃអាកាសចរស៊ីវិល សម្រាប់រយៈពេល៣ខែបន្ថែមទៀត ពីខែកក្កដា ដល់ ខែកញ្ញា ឆ្នាំ២០២១ ជាមួយនឹងការអនុញ្ញាតឲ្យក្រុមហ៊ុនអាកាសចរណ៍ទាំងនោះ រៀបចំបង់ប្រាក់ជំពាក់នោះ ជាដំណាក់កាល ក្រោយពីរយៈពេលពន្យារនេះ។

កាលពីឆ្នាំ២០២០ អ្នកដំណើរតាមអាកាសយានដ្ឋានអន្តរជាតិចំនួន៣ របស់កម្ពុជា សរុបមានចំនួន ២.១៣លាននាក់ ធ្លាក់ចុះ៧៩ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០១៩។ ការដឹកជញ្ជូនទំនិញ ចំនួន៤៩,៩៨៣តោន ធ្លាក់ចុះ៣១ភាគរយ៕