(សៀមរាប)៖ រដ្ឋបាលខេត្តសៀមរាប នាថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្តីពីការរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ៩៧នាក់ ព្រមទាំងមានអ្នកជាសះស្បើយចំនួន ៧៩នាក់ និងស្លាប់ ២នាក់ទៀត នៅក្នុងថ្ងៃទី២៤ ខែកក្កដា។

ក្នុងសេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តសៀមរាប ករណីទី១ ដល់ទី៤ ជាករណីមានប្រភពចម្លងចេញពីផ្សារកំពង់ក្តី ករណីទី៥ ដល់ទី១០ គឺជាករណីមានប្រភពចម្លងចេញពីផ្សារលើធំថ្មី និងករណីទី១១ ដល់ទី៣១ ជាករណីឆ្លងមានប្រភពចម្លងចេញពីផ្សារចារឈូក។ ក្នុងនោះករណីទី៣២ ដល់ទី៣៦ ជាករណីមានប្រភពចម្លងចេញពីអ្នកដំណើរមកពីរាជធានីភ្នំពេញ ខេត្តបាត់ដំបង និងខេត្តព្រះសីហនុ ករណីទី៣៧ ដល់ទី៣៩ គឺជាករណីឆ្លងបន្តពីអ្នកដំណើរមកពីរាជធានីភ្នំពេញ និងខេត្តបាត់ដំបង។ ជាមួយគ្នានេះ ករណីទី៤០ ដល់ទី៥៣ គឺជាករណីពុំទាន់អាចសន្និដ្ឋានពីប្រភពចម្លងច្បាស់លាស់នៅឡើយ។ ចំពោះ ករណីទី៥៤ ដល់ទី៩៧ គឺជាប្រជាពលរដ្ឋត្រឡប់ពីប្រទេសថៃ មកដល់ខេត្តសៀមរាប ហើយជាករណីសង្ស័យ ត្រូវបានក្រុមគ្រូពេទ្យដាក់ឱ្យធ្វើចត្តាឡីស័ក នៅវិទ្យាល័យសម្តេចឪ។

អ្នកជាសះស្បើយទាំង ៧៩នាក់ខាងលើ ក្រុមគ្រូពេទ្យបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យបង្អែកខេត្តសៀមរាប មណ្ឌលចត្តាឡីស័កគរុកោសល្យ និងវិក្រឹតការខេត្ត វិទ្យាល័យអង្គរ និងវិទ្យាល័យដំដែកត្រឡប់ទៅលំនៅឋានវិញ ដោយត្រូវបន្តការធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ។

ចំពោះករណីស្លាប់២ករណីនោះ រួមមាន៖

១៖ ឈ្មោះ ចិន ធឿន ភេទប្រុស អាយុ៥៥ឆ្នាំ អាសយដ្ឋាននៅភូមិអូរក្រោម ឃុំស្ពានត្នោត ស្រុកជីក្រែង ដែលវិជ្ជមានជំងឺកូវីដ-១៩ កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង១១៖៥០នាទី និងបានស្លាប់នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ៩៖៣៥នាទី ដោយជំងឺរលាកសួត បង្កដោយមេរោគកូវីដ-១៩។

២៖ ឈ្មោះ ហោ សុខា ភេទស្រី អាយុ៧៥ឆ្នាំ អាសយដ្ឋាននៅភូមិខ្នារ សង្កាត់ជ្រាវ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដែលវិជ្ជមានជំងឺកូវីដ-១៩ កាលពីថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២១ និងបានស្លាប់នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ៣៖០០នាទី ដោយជំងឺរលាកសួត បង្កដោយមេរោគកូវីដ-១៩។

គួរជម្រាបថា មកទល់ពេលនេះ ខេត្តសៀមរាបមានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ៣,៧២០នាក់ បានព្យាបាលជាសះស្បើយចំនួន ១,៩២៩នាក់ ស្លាប់ ៣៩នាក់ និង ១,៧៥២នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប មណ្ឌលចត្តាឡីស័កគរុកោសល្យ និងវិក្រឹតការខេត្ត វិទ្យាល័យអង្គរ និងវិទ្យាល័យដំដែក។

រដ្ឋបាលខេត្តសៀមរាប បានអំពាវនាវដល់ប្រជាពលរដ្ឋដែលបានពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោល ជាមួយអ្នកវិជ្ជមានខាងលើ សូមរួសរាន់ធ្វើចត្តាឡីស័កតាមផ្ទះក្នុងក្រុមគ្រួសាររៀងៗខ្លួនឱ្យបានគ្រប់ ១៤ថ្ងៃ ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត ក្នុងករណីមិនអនុវត្តកាតព្វកិច្ចចត្តាឡីស័ក រដ្ឋបាលខេត្តនឹងចាត់វិធានការផ្លូវច្បាប់ចំពោះបុគ្គលទាំងឡាយណាដែលលើ្មសនឹងវិធានសុខាភិបាលនេះ។

ប្រសិនបើមានការប្រែប្រួលសុខភាព អាចផ្តល់ព័ត៌មានមកកាន់លេខទូរស័ព្ទ 012 955 474 / 077 789 007 ដើម្បីក្រុមការងារចាត់វិធានការក្នុងការយកសំណាកធ្វើតេស្តស្រាវជ្រាវ៕