(សៀមរាប)៖ រដ្ឋបាលខេត្តសៀមរាប ប្រកាសរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន៩៩នាក់បន្ថែមទៀត ខណៈអ្នកជំងឺម្នាក់ បានស្លាប់ និងជាសះស្បើយ ៤៩នាក់ នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១។

រដ្ឋបាលខេត្តបានឱ្យដឹងថា អ្នកជំងឺដែលរកឃើញថ្មីនេះ ករណីទី១ ដល់ទី៨ ជាករណីមានប្រភពចម្លងចេញពីផ្សារលើធំថ្មី និងករណីទី០៩ ដល់ទី១១ ជាករណីឆ្លងមានប្រភពចម្លងចេញពីការដ្ឋានRose Apple Square។

ករណីទី១២ ដល់ទី១៤ ជាករណីមានប្រភពចម្លងចេញពីអ្នកដំណើរមកពីរាជធានីភ្នំពេញ និងខេត្តពោធិ៍សាត់, ករណីទី១៥ ដល់ទី២៧ គឺជាករណីឆ្លងបន្តពីអ្នកដំណើរមកពីរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ និងករណីទី២៨ ដល់ទី៣៣ ជាករណីឆ្លងបន្តពីអ្នកដំណើរឈ្មោះ ថាំង វណ្ណា។

ករណីទី៣៤ ដល់ទី៧៤ គឺជាករណីពុំទាន់អាចសន្និដ្ឋានពីប្រភពចម្លងច្បាស់លាស់នៅឡើយ។ ចំពោះករណីទី៧៦ ដល់ទី៩៩ គឺជាប្រជាពលរដ្ឋត្រឡប់ពីប្រទេសថៃ មកដល់ខេត្តសៀមរាប ហើយជាករណីសង្ស័យ ត្រូវបានក្រុមគ្រូពេទ្យដាក់ឱ្យធ្វើចត្តាឡីស័ក នៅវិទ្យាល័យសម្តេចឪ។

ដោយឡែកអ្នកជាសះស្បើយទាំង ៤៩នាក់ ត្រូវបានក្រុមគ្រូពេទ្យអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យបង្អែកខេត្តសៀមរាប មណ្ឌលចត្តាឡីស័កគរុកោសល្យ និងវិក្រឹតការខេត្ត វិទ្យាល័យអង្គរ និងវិទ្យាល័យដំដែកត្រឡប់ទៅលំនៅឋានវិញ ដោយត្រូវបន្តការធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ។

អ្នកជំងឺកូវីដ១៩ ដែលស្លាប់បាត់បង់ជីវិត មានឈ្មោះ ជា ឈាង ភេទស្រី អាយុ ៦៨ឆ្នាំ អាសយដ្ឋាននៅភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប។ អ្នកជំងឺរូបនេះ រកឃើញវិជ្ជមានជំងឺកូវីដ-១៩ កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង១២៖១០នាទី ហើយបានស្លាប់ នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង២០៖២៣នាទី ដោយជំងឺរលាកសួត បង្កដោយមេរោគកូវីដ-១៩។

សូមបញ្ជាក់ថា មកទល់ពេលនេះ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ៣,៨២២នាក់។ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន ១,៩៧៨នាក់ ស្លាប់ ៤០នាក់ និង ១៨០៤នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប មណ្ឌលចត្តាឡីស័កគរុកោសល្យ និងវិក្រឹតការខេត្ត វិទ្យាល័យអង្គរ និងវិទ្យាល័យដំដែក។

រដ្ឋបាលខេត្តសៀមរាប អំពាវនាវដល់ប្រជាពលរដ្ឋ ដែលបានពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោល ជាមួយអ្នកវិជ្ជមានខាងលើ សូមរួសរាន់ធ្វើចត្តាឡីស័កតាមផ្ទះក្នុងក្រុមគ្រួសាររៀងៗខ្លួនឱ្យបានគ្រប់១៤ថ្ងៃ ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត ក្នុងករណីមិនអនុវត្តកាតព្វកិច្ចចត្តាឡីស័ក រដ្ឋបាលខេត្តនឹងចាត់វិធានការផ្លូវច្បាប់ចំពោះបុគ្គលទាំងឡាយណាដែលលើ្មសនឹងវិធានសុខាភិបាលនេះ។

ប្រសិនបើមានការប្រែប្រួលសុខភាព សូមផ្តល់ព័ត៌មានមកកាន់លេខទូរស័ព្ទ០១២ ៩៥៥ ៤៧៤/០៧៧ ៧៨៩ ០០៧ ដើម្បីក្រុមការងារចាត់វិធានការក្នុងការយកសំណាកធ្វើតេស្តស្រាវជ្រាវ។

រដ្ឋបាលខេត្តសៀមរាប សង្ឃឹមយ៉ាងមុតមាំថា ប្រជាពលរដ្ឋទាំងអស់ ចូលរួមអនុវត្តឱ្យបានម៉ឺងមាត់ និងអនុវត្តនូវវិធានការការពាររបស់រាជរដ្ឋាភិបាល និងការណែនាំរបស់ក្រសួងសុខាភិបាល៕