(ភ្នំពេញ)៖ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានឱ្យដឹងថា រយៈពេលប្រមាណមួយឆ្នាំកន្លងទៅនេះ រាជរដ្ឋាភិបាលកម្ពុជា បានចំណាយថវិកាប្រមាណ ១,៥២៤,៣៣០,០៩៦,០០០រៀល ស្មើនឹង ៣៨១.០៨លានដុល្លារអាមេរិក ជូនដល់គ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។

រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបញ្ចេញកញ្ចប់ថវិកាជាតិជួយដោះស្រាយការលំបាកជូនប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២។ បើតាមក្រសួងសង្គមកិច្ច រហូតដល់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ រាជរដ្ឋាភិបាល បានឧបត្ថម្ភសាច់ប្រាក់នេះចំនួន៥ជុំហើយ។

ក្រសួងសង្គមកិច្ច បានឱ្យដឹងដែរថា ប្រជាពលរដ្ឋដែលទទួលបានការឧបត្ថម្ភថវិកាពីការកម្មវិធីឧបត្ថម្ភសាច់ប្រាក់ពីរាជរដ្ឋាភិបាលនេះ មានចំនួន ៦៥៨,៨៥៧គ្រួសារ។

ក្នុងសេចក្តីជូនដំណឹងដែល Fresh News ទទួលបាននៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១នេះ ក្រសួងសង្គមកិច្ច ក៏បានបញ្ជាក់ពីការបើកប្រាក់ឧបត្ថម្ភសម្រាប់ជុំទី៦ផងដែរ។ ការឧបត្ថម្ភសាច់ប្រាក់ជុំទី៦ លើកទី១ ចាប់ផ្តើមពីថ្ងៃទី២៥ ខែកក្កដា រហូតដល់ថ្ងៃ២៤ ខែសីហា ឆ្នាំ២០២១។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន បានយកចិត្តទុកដាក់ខ្ពស់ចំពោះប្រជាពលរដ្ឋដែលជួបការខ្វះខាត និងរងផលប៉ះពាល់ដោយជំងឺកូវីដ១៩។

ក្រៅតែពីការឧបត្ថម្ភសាច់ប្រាក់ប្រចាំខែសម្រាប់អ្នកក្រីក្រកម្រិត១ និងកម្រិត២ហើយ នោះ កាលពីកន្លងទៅនេះ រាជរដ្ឋាភិបាល ក៏បានសម្រេចឧបត្ថម្ភថវិកាសម្រាប់អ្នកនៅតំបន់បិទខ្ទប់ក្នុងរាជធានីភ្នំពេញ ក្រុងតាខ្មៅ និងក្រុងព្រះសីហនុ ដែលមានចំនួនជាង ៦ម៉ឺននាក់ ដោយចំណាយថវិកាប្រមាណ ៦លានដុល្លារផងដែរ។

ក្រៅពីនេះរាជរដ្ឋាភិបាល ក៏បានផ្តល់សាច់ប្រាក់ជួយឧបត្ថម្ភដល់កម្មករ និយោជិតដែលបាត់បត់ការងារ ក្នុងវិស័យកាត់ដេរ និងទេសចរណ៍ផងដែរ៕