(ព្រះវិហារ)៖ លោក សំ លាងទ្រី ប្រធានក្រុមការងារថ្នាក់ខេត្ត ចុះជួយស្រុកសង្គមថ្មី នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១នេះ បាននាំយកសម្ភារប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ដែលជាការឧបត្ថម្ភរបស់លោកទេសរដ្ឋមន្ត្រីមាស សុភា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះវិហារ បន្តនាំយកសម្ភារប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ជាលើកទី២ ប្រគល់ជូនមណ្ឌលធ្វើចត្តាឡីស័ក នៅក្នុងវិទ្យាល័យសង្គមថ្មី ស្រុកសង្គមថ្មី ខេត្តព្រះវិហារ។

នៅក្នុងឱកាសនេះដែរ លោក សំ លាងទ្រី បានថ្លែងពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីលោកទេសរដ្ឋមន្ត្រី មាស សុភា, លោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ ដែលជានិច្ចជាកាលតែងបានយកចិត្តទុកដាក់ គិតគូរពីសុខទុក្ខ និងជីវភាពរស់នៅរបស់មន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទូទាំងខេត្តព្រះវិហារ។

ប្រធានក្រុមការងារ បានបញ្ជាក់ដែរថា៖ «សម្ភារដែលនាំមកប្រគល់ជូនមណ្ឌលធ្វើចត្តាឡីស័ក នៅស្រុកសង្គមថ្មី នាពេលនេះ គឺជាអំណោយដ៏ថ្លៃថ្លារបស់លោកទេសរដ្ឋមន្ត្រី មាស សុភា លោក ប្រាក់ សុវណ្ណ និងលោក ចាន់ នន់វិទ្យា ដោយមានការចូលរួមពីក្រុមការងារខេត្តចុះជួយស្រុក ហើយអំណោយនេះ គឺជាការប្រគល់ជូនលើកទី២ ផងដែរ ក្នុងនោះមានម៉ាស់ចំនួន ៥០០០ម៉ាស់ ទឹកបរិសុទ្ធវីតាល់ ចំនួន៥០កេស និងអាល់កុលចំនួន៥កាន»

លោក សំ លាងទ្រី បានអំពាវនាវដល់អាជ្ញាធរ និងសមត្ថកិច្ចតាមមូលដ្ឋានទូទាំងស្រុកសង្គមថ្មី ត្រូវបន្តចុះអប់រំណែនាំប្រជាពលរដ្ឋ អោយមានការយល់ដឹងពីជំងឺកូវីដ១៩ ពិសេសយល់ដឹងពីគ្រោះថ្នាក់ដែលកើតឡើងដោយជំងឺកូវីដ១៩ ដោយត្រូវបន្តអនុវត្តន៍ឱ្យបានទៀងទាត់ តាមការណែនាំរបស់ក្រសួងសុខាភិបាល ការណែនាំរបស់រាជរដ្ឋាភិបាល «៣កុំ និង៣ការពារ» ដើម្បីការពារខ្លួនយើង ក្រុមគ្រួសារ និងសហគមន៍យើងពីជំងឺកូវីដ១៩៕