(ភ្នំពេញ)៖ លោក ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម បានប្រាប់ឲ្យប្រជាពលរដ្ឋគួរកុំចំណាយពេលទៅទិញកូនដំណាំឆែរី (Cherry) យកមកដាំតាមការផ្សព្វផ្សាយ តាមបណ្ដាញសង្គម Facebook មួយចំនួន ព្រោះថា ដំណាំនេះមិនអាចចេញផ្កា និងផ្លែបាននោះទេ នៅកម្ពុជា។

បន្ថែមពីនោះទៀត មន្ដ្រីជំនាញផ្នែកកសិកម្មរូបនេះបានឲ្យដឹងថា ដំណាំឆែរីជាដំណាំមួយ ដែលមិនរើសដីដាំក៏ពិតមែន ប៉ុន្ដែមិនអាចដាំនៅកម្ពុជាបាននោះឡើយ ប្រសិនបើក្នុងដំណាក់កាល ដែលវាត្រូវចេញផ្កា មិនមានអាកាសធាតុត្រជាក់ ជុំវិញ៤អង្សាសេ។

លោក ហ៊ាន វណ្ណហន បានបង្ហោះក្នុង Facebook ផ្លូវការរបស់លោក នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ យ៉ាងដូច្នេះថា «ដំណាំឆែរី ពិតជាមិនរើសដីមែន តែជាទូទៅ មិនអាចដាំនៅកម្ពុជាយើងបានទេ វានឹងមិនចេញផ្កា ចេញផ្លែនោះឡើយ ប្រសិនបើក្នុងដំណាក់កាល ដែលវាត្រូវចេញផ្កា មិនមានអាកាសធាតុត្រជាក់ (ជុំវិញ ៤ អង្សា សេ)។ ជាទូទៅ ឆែរីផ្អែម ត្រូវការ អាកាសធាតុត្រជាក់ (chill hours) ទាបជាង៧ អង្សា រហូត៧០០ម៉ោង រីឯឆែរីជូរ ៥០០ម៉ោង ដើម្បីវាចេញផ្កាបាន។ វាអាចដុះ នៅស្រុកយើង តែអត់បានផលទេ ហេតុនេះមិនគួរចំណាយទិញកូន តាមការផ្សព្វផ្សាយ ដែលគ្មានជំនាញ និងគ្មានសីលធម៌ធុរកិច្ច យកទៅដាំនោះឡើយ»៕