(កែប)៖ រដ្ឋបាលខេត្តកែប នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្ដីបំភ្លឺ ដោយច្រានចោលចំពោះព័ត៌មានដែលផ្សព្វផ្សាយថា «មានអ្នកចាក់ដីលុបសមុទ្រ នៅមុខសាលាខេត្តកែប»។

សេចក្ដីបំភ្លឺព័ត៌មានរបស់រដ្ឋបាលខេត្តកែប បានឲ្យដឹងថា ចំពោះព័ត៌មានដែលផ្សព្វផ្សាយថា មានអ្នកចាក់ដីលុបសមុទ្រ នៅមុខសាលាខេត្តកែប ហើយអាជ្ញាធរខេត្តអនុញ្ញាតឲ្យមានការចាក់ដីលុបសមុទ្រ ស្ថិតនៅភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប គឺជាការផ្សព្វផ្សាយព័ត៌មានមិនមានការពិត មានចរិតបង្កការរាំងស្ទះ ដល់ការអភិវឌ្ឍរបស់ខេត្ត។

រដ្ឋបាលខេត្តកែប សូមធ្វើការបំភ្លឺជូនសាធារណជនជ្រាបថា កន្លងមករដ្ឋបាលខេត្តកែប បានពិនិត្យឃើញថា ទីតាំងនេះ មិនអាចឲ្យអ្នកទេសចរហែលទឹកកម្សាន្ត លេងបានឡើយ ព្រោះមានថ្មដុះរដិបរដុប តាមបណ្តោយឆ្នេរអាចបង្កឲ្យមានរបួស មិនមានខ្សាច់សម្រាប់លេងកម្សាន្ត និងមានការបង្ហូរទឹកកង្វក់ ចូលសមុទ្រពីសំណាក់ អាជីវករដែលកំពុងអាស្រ័យផល នៅលើដីចំណីឆ្នេរសាធារណៈ។

ដូច្នេះរដ្ឋបាលខេត្តកែប បានរៀបចំសិក្សាគម្រោងរៀបខឿនច្រាំង សមុទ្រចាក់ដី និងចាក់ខ្សាច់ បំពេញពង្រីកឆ្នេរ ដើម្បីរៀបចំតំបន់គោលដៅទេសចរណ៍ថ្មី ទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឲ្យមកសម្រាកលម្ហែកម្សាន្តនៅតាមបណ្តោយឆ្នេរថ្មីនេះ ក្នុងគោលបំណងបម្រើ ដល់ផលប្រយោជន៍សាធារណៈ ពិសេសរក្សាបានសណ្តាប់ធ្នាប់សាធារណៈនៅតំបន់នេះ កាន់តែមានភាពល្អប្រសើរបន្ថែមទៀត។

ការរៀបចំគម្រោងនេះ គឺផ្អែកតាមចក្ខុវិស័យផែនការអភិវឌ្ឍរយៈពេលប្រាំឆ្នាំ កម្មវិធីវិនិយោគបីឆ្នាំ រំកិលរបស់រដ្ឋបាលខេត្ត និងស្របតាមសេចក្តីសម្រេច ស្តីពីការដាក់ឲ្យប្រើប្រាស់ ប្លង់គោលប្រើប្រាស់ដីក្រុងកែប ខេត្តកែប ចក្ខុវិស័យឆ្នាំ២០៣០ របស់ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំ ដែនដីនគរូបនីយកម្ម និងសំណង់ និងជាប្រធានគណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មថ្នាក់ជាតិ ។

ចំពោះការលើកឡើង អំពីការបាត់បង់ផលប្រយោជន៍របស់អាជីវករ ដែលកំពុងអាស្រ័យផលលើដី ចំណីឆ្នេរសាធារណៈនៅតំបន់នេះ រដ្ឋបាលខេត្ត សូមធ្វើការបញ្ជាក់ជូនថា ការអនុវត្តគម្រោងរៀបខឿនពង្រីក ច្រាំងសមុទ្រនេះ មិនបានធ្វើការរុះរើសំណង់មិនរៀបរយរបស់អាជីវករ ឬធ្វើការបិទការប្រកបអាជីវកម្ម ប្រចាំថ្ងៃ របស់អាជីវករនៅតំបន់នេះឡើយ៕