(ព្រះវិហារ)៖ លោកយាយ ថោង ក្រឹម អាយុ១០៣ឆ្នាំ រស់នៅភូមិស្រអែមជើង និងលោកតា គង់ ចាន់ អាយុ១០០ឆ្នាំ រស់នៅភូមិបុស្សស្បូវ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បានមកទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដោយស្ម័គ្រចិត្ត នៅទីតាំងវិទ្យាល័យស្រអែម នាថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ ម្សិលមិញ។

លោក សាប់ ប៊ុន សឿន អាយុ៥៧ឆ្នាំ ជាកូនលោកយាយឈ្មោះ ថោង ក្រឹម បានរៀបរាប់ប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១នេះថា «លោកជាកូនទី៧ ក្នុងចំណោមកូនទាំង៨នាក់ របស់លោកយាយ ថោង ក្រឹម។ លោកថា សុខភាពរបស់លោកយាយល្អធម្មតា អាចប្រកបការងារផ្សេងៗបានពេលខ្លះក៏អាចឡើងដើមរាំងបេះត្រួយទៀតផង ហើយការមកទទួលការចាក់វ៉ាក់សាំងនេះ គឺគាត់មកដោយស្ម័គ្រចិត្ត»។

ដោយឡែកលោក កែវ សុន អាយុ៤៨ឆ្នាំ ដែលត្រូវជាកូនប្រុសពៅ របស់លោកតា គង់ ចាន់ បានរៀបរាប់ឱ្យដឹងថា «លោកតា គង់ ចាន់ មានកូនសរុប៣នាក់ ថ្វីត្បិតតែពេលនេះ លោកតាមានអាយុ១០០ឆ្នាំ ក៏ពិតមែន តែសុខភាពរបស់លោកតាល្អធម្មតា អាចធ្វើកិច្ចការផ្សេងៗបាន។ ទាក់ទងនឹងការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ គឺគាត់មកចាក់ដោយស្ម័គ្រចិត្ត និងបង្ខំឱ្យគាត់ដឹកមកចាក់ទៀតផង»

បើតាមលោកវេជ្ជបណ្ឌិត គួង ឡូ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារ បានថ្លែងថា ដំណើរការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ នៅក្នុងខេត្តព្រះវិហារ បានចាប់ផ្តើមចាក់នៅស្រុកជាំក្សាន្ត ក្រុងព្រះវិហារនិងស្រុករវៀង។ ចំណែកនៅក្រុងព្រះវិហារល្ងាចថ្ងៃនេះ នឹងបញ្ចប់ដំណើរការចាក់វ៉ាក់សាំងដូសទី១ ជាមួយគ្នានេះនឹងដកក្រុមគ្រូពេទ្យនៅតាមទីតាំងចាក់វ៉ាក់សាំងនៅក្រុងព្រះវិហារ មកជួយចាក់នៅស្រុកជាំក្សាន្ត និងស្រុករវៀង ធ្វើយ៉ាងណាឱ្យដំណើរការចាក់វ៉ាក់សាំង បានលឿនតាមផែនការដែលបានគ្រោងទុក។

ជាមួយគ្នានេះដែរ លោកវេជ្ជបណ្ឌិត គួង ឡូ ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋនៅស្រុកជាំក្សាន្ត និងស្រុករវៀង ដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ សូមទៅទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដោយស្ម័គ្រចិត្តនៅតាមទីតាំងដែលបានរៀបចំ ព្រោះការចាក់វ៉ាក់សាំងសម្រាប់ដូសទី១ នៅស្រុកទាំង២នេះ ក៏ជិតដល់ថ្ងៃបញ្ចប់ផងដែរ។

លោកក៏បន្តអំពាវនាវឱ្យប្រជាពលរដ្ឋ ត្រូវអនុវត្តន៍ឱ្យបានទៀងទាត់តាមការណែនាំរបស់ក្រសួងសុខាភិបាល និងការណែនាំរបស់រាជរដ្ឋាភិបាលនូវវិធានការ «៣កុំ និង៣ការពារ» ដើម្បីការពារខ្លួនយើង ក្រុមគ្រួសារ និងសហគមន៍យើងពីជំងឺកូវីដ១៩៕