(ភ្នំពេញ)៖ លោក សុខ សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មបានថ្លែងថា ចិនក្រៅតែជាដៃគូពាណិជ្ជកម្មដ៏សំខាន់ របស់កម្ពុជាហើយនោះ កម្ពុជានិងចិន ក៏ជាដៃគូដ៏សកម្ម និងមិនអាចខ្វះបាន ក្នុងការរៀបចំគោលនយោបាយ និងចរចារពាណិជ្ជកម្ម ទាំងក្នុងតំបន់ និងពិភពលោក។

ការថ្លែងរបស់មន្ត្រីជាន់ខ្ពស់ពាណិជ្ជកម្មរូបនេះ ធ្វើឡើងក្នុងឱកាសចូលរួមក្នុងវេទិកាកម្រិតខ្ពស់នៃធនាគារខួរក្បាលកម្ពុជា-ចិន លើកទី២៖ ដំណាក់កាលថ្មីនៃការអភិវឌ្ឍទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ចិន នៅថ្ងៃទី២៨ ខេកក្កដានេះ។

លោក សុខ សុភ័ក្ត្រ បានថ្លែងយ៉ាងដូច្នេះថា «ក្នុងរយៈកាលជាច្រើនឆ្នាំកន្លងមកហើយ តួលេខនៃការធ្វើពាណិជ្ជកម្មបានបង្ហាញយ៉ាងច្បាស់ថា ចិនជាដៃគូពាណិជ្ជកម្មដ៏សំខាន់របស់កម្ពុជា ។ មិនតែប៉ុណ្ណោះ កម្ពុជានិងចិន គឺជាដៃគូដ៏សកម្ម និងមិនអាចខ្វះបាន នៅក្នុងការរៀបចំគោលនយោបាយនិងចរចាពាណិជ្ជកម្ម ទាំងក្នុងក្របខ័ណ្ឌអង្គការពាណិជ្ជកម្មពិភពលោក និងក្នុងកំរិតតំបន់»

លោកបន្តថា ក្នុងរយៈកាលប៉ុន្មានឆ្នាំចុងក្រោយនេះ ទំហំពាណិជ្ជកម្មរវាងអាស៊ាន-ចិន និងកម្ពុជា-ចិន មានការកើនឡើងគួរឱ្យកត់សម្គាល់ និងជាទីមោទនភាពបំផុត។ ការរីកចម្រើននៃសេដ្ឋកិច្ចរបស់ចិន បានដើរតួជាគំនាស់សេដ្ឋកិច្ចតំបន់ និងពិភពលោក។ បើពិនិត្យក្នុងឆ្នាំ២០១៩, ទំហំពាណិជ្ជកម្មទំនិញរវាងអាស៊ាន-ចិនមានចំនួនប្រមាណ ៦៤១ ០០០ លានដុល្លារអាមេរិក គឺកើនទ្បើងចំនួន ៩% បើធៀបនឹងឆ្នាំ២០១៨ ដែលមានត្រឹមប្រមាណ ៥៨៩ ០០០ លានដុល្លារអាមេរិក។ រីឯក្នុងឆ្នាំ២០២០, ពាណិជ្ជកម្មសរុបរវាងអាស៊ាន និងចិនមានចំនួនប្រមាណ ៦៨៥ ០០០ លានដុល្លារអាមេរិក បានកើន៧% ធៀបនឹងឆ្នាំ២០១៩។

លោកបន្តថា ចំពោះពាណិជ្ជកម្មសរុបរវាងកម្ពុជា និងចិនវិញ គឺតែងតែសម្រេចបានលើសផែនការដែលកំណត់ដោយប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងពីរ។ ជាក់ស្តែងនៅក្នុងឆ្នាំ២០១៧, ពាណិជ្ជកម្មសរុបមានកំណើន១៦% ស្មើនឹង ៥ ៨០០ លានដុល្លារអាមេរិក គឺលើសទិសដៅកំណត់។ ក្នុងឆ្នាំ២០២០ ដោយសារប្រទេសទាំងពីររងផលប៉ះពាល់ពីវិបត្តិកូវីដ១៩ កំណើនបានថយចុះ៥% ក៏ប៉ុន្តែពាណិជ្ជកម្មសរុបទ្វេភាគីនៅតែមានទំហំធំ គឺមានជាង ៨ ០០០ លានដុល្លារអាមេរិក។

លោកបញ្ជាក់ទៀតថា ដោយមើលឃើញសក្តានុពលដ៏ធំផ្នែកពាណិជ្ជកម្ម, រដ្ឋាភិបាលនៃប្រទេសទាំងពីរបានដាក់ទិសដៅពាណិជ្ជកម្មសរុបក្នុងឆ្នាំ២០២៣ ធ្វើយ៉ាងណាសម្រេចឱ្យបាន ១០ ០០០ លានដុល្លារអាមេរិក។ បើគិតលើទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-ចិនសម្រាប់រយៈពេល៦ខែនៃឆ្នាំ២០២១នេះ ទោះបីជាប្រទេសទាំងពីរបានទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរពីវិបត្តិកូវីដ១៩ក៏ដោយ ក៏កំណើនពាណិជ្ជកម្មនៅតែមានការកើនទ្បើងចំនួន៣១% គឺបានក្នុងតម្លៃជិត ៥ ០០០ លានដុល្លារអាមេរិក បើធៀបនឹងរយៈពេល៦ខែដូចគ្នា ក្នុងឆ្នាំ២០២០ ដែលតម្លៃត្រឹមតែ ៣ ៧០០ លានដុល្លារអាមេរិកតែប៉ុណ្ណោះ។

ការនាំចេញពីកម្ពុជាទៅចិន តែងតែមានកំណើនជាមធ្យមប្រមាណ ពី ៦-១០% ក្នុងមួយឆ្នាំៗ ព្រោះសេដ្ឋកិច្ចនៃប្រទេសទាំងពីរ បានបំពេញឱ្យគ្នាទៅវិញទៅមកយ៉ាងល្អ។ ជាទូទៅ កម្ពុជាបាននាំចេញទៅចិន នូវសម្លៀកបំពាក់ ស្បែកជើង ស្បែកសត្វមានរោម ម៉ាស៊ីនប្រើពីស្តុង អង្ករ កៅស៊ូ ចេក ដំឡូងមី គ្រាប់ស្វាយចន្ទី ស្បែកជើង ហិប វ៉ាលី ហើយនាំចូលពីចិនមកវិញនូវផលិតផលសម្រាប់បម្រើឱ្យ ការវិនិយោគនិងផលិតកម្ម ដូចជា ក្រណាត់ចាក់ ក្រណាត់ត្បាញពីកប្បាស គ្រឿងចក្រ ដែក គ្រឿងសំណង់ផ្សេងៗ បរិក្ខារនិងគ្រឿងអេឡិចត្រូនិក វត្ថុធាតុពីប្លាស្ទិក អាលុយមីញ៉ូម គ្រឿងសង្ហារឹម និងក្រដាសនិងក្រដាសកាតុង ជាដើម។

លោកសង្កត់ធ្ងន់ថា ក្នុងកំរិតតំបន់ ប្រទេសទាំងពីរ បានបំពេញឱ្យគ្នាយ៉ាងល្អនូវភាពបត់បែនដែលជួយឲ្យកិច្ចចចារនានាសម្រេចបានជោគជ័យ។ ជាក់ស្តែង កាលពីខែធ្នូ ឆ្នាំ២០០២ ក្នុងឱកាសដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំអាស៊ាន, កម្ពុជាបានសម្របសម្រួលឱ្យចិន និងអាស៊ានអាចចុះហត្ថលេខា លើកិច្ចព្រមព្រៀងក្របខ័ណ្ឌ ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ ដែលបានជួយបើកផ្លូវឱ្យមានកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីអាស៊ាន-ចិន នៅក្នុងឆ្នាំបន្តបន្ទាប់ទៀត៕