(ពោធិ៍សាត់)៖ លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ នាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១នេះ បានទទួលអំណោយពីសប្បុរសជន និងតំណាងក្រុមហ៊ុននានា ដែលបានឧបត្ថម្ភ អង្ករ និងសម្ភារបរិក្ខារ ជូនរដ្ឋបាលខេត្តពោធិ៍សាត់ សម្រាប់ប្រើប្រាស់ក្នុងវិធានការបង្ការ ការពារ និងទប់ស្កាត់ជំងឺកូវីដ១៩ នៅក្នុងខេត្ត។

ក្នុងពិធីប្រគល់ទទួលអំណោយនេះ ត្រូវបានធ្វើឡើងនៅវេទិកាដោះស្រាយបញ្ហាក្នុងសាលាខេត្តពោធិ៍សាត់ ដោយបានការចូលរួមពីលោកស្រី ជុក សុផានី សមាជិកាក្រុមប្រឹក្សាខេត្ត, លោកស្រី ម៉ែន ផល្លី អភិបាលរងខេត្តពោធិ៍សាត់ និងលោក គឹម ចន្ថា ប្រធានការិយាល័យប្រជាពលរដ្ឋ។

សប្បុរសជន ក៏ដូចជាក្រុមហ៊ុន ដែលផ្តល់ជូនរួមមាន៖ លោក សំរិត រិន បានផ្តល់ជូន អង្ករ២០តោន, លោក ស៊ុយ ផេង និងលោកស្រី លាម ដាលីយ៉ា បានផ្តល់ជូន អង្ករ១០តោន, ក្រុមហ៊ុន ស្វាសធីកា អ៊ិនវេសម៉ិន ឯ.ក បានផ្តល់ជូន អង្ករ៣តោន, មី៣០កេស, ទឹកស៊ីអ៊ីវ៣០យួរ និងអាល់កុល៣ពីដុង, លោក អ៊ុន ទាហេង និងលោកស្រី លឹម ធីតា បានផ្តល់ជូន អង្ករ៣តោន, លោក អ៊ាង យា និងលោកស្រី អាន ពៅ អនិកជនប្រទេសកាណាដា បានផ្តល់ជូនជែលលាងដៃ៣ពាន់ដប។

ក្នុងនាមអាជ្ញាធរខេត្ត និងក្នុងនាមជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ លោក ម៉ៅ ធនិន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនដល់សប្បុរសជន និងតំណាងក្រុមហ៊ុននានា ដែលបាននាំយកអំណោយ មកផ្តល់ជូនរដ្ឋបាលខេត្តពោធិ៍សាត់ សម្រាប់ប្រើប្រាស់ក្នុងវិធានការបង្ការ ការពារ និងទប់ស្កាត់ ជំងឺកូវីដ១៩ នៅក្នុងខេត្ត។

លោក ម៉ៅ ធនិន បានចាត់ទុកថា កាយវិការមនុស្សធម៌ របស់លោក លោកស្រី ជាសប្បុរសជន និងតំណាងក្រុមហ៊ុន គឺបានបង្ហាញពីទឹកចិត្តយ៉ាងល្អប្រពៃ និងជាវប្បធម៌ នៃការចែករំលែក ចេះជួយគ្នា ក្នុងគ្រាដែលជួបទុក្ខលំបាក និងជាការជួយទាន់ពេលវេលា និងចំគោលដៅ ដែលសកម្មភាពនេះ ជាការចូលរួមចំណែក យ៉ាងសកម្ម ជាមួយរដ្ឋបាលខេត្ត ក៏ដូចជារាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំង និងទប់ស្កាត់ជំងឺកូវីដ១៩។

ឆ្លៀតក្នុងឱកាសនោះលោក ម៉ៅ ធនិន ក៏បានទទួលជួបសំណេះសំណាល និងដោះស្រាយបញ្ហាប្រឈមមួយចំនួន ដែលជាសំណូមពរ និងជាតម្រូវការចាំបាច់ ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋ នៅវេទិកាក្នុងសាលាខេត្ត បានជាច្រើនករណីផងដែរ៕