(តាកែវ)៖ លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគបាលខេត្តតាកែវ នៅ ព្រឹក ថ្ងៃទី ២៨ ខែ កក្កដា ឆ្នាំ ២០២១ បានចុះសំណេះសំណាល សាក សួរសុខទុក្ខ និងត្រួតពិនិត្យដល់កងកម្លាំងដែល ប្រចាំ ការ ឈរជើងនៅគោលដៅតំបន់បិទខ្ទប់ ផ្សារ អង្គតាសោម ស្រុក ត្រាំកក់ ។

នៅក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ស្នងការ បានឧបត្ថម្ភដល់កម្លាំង នគរបាល និង ប្រជាការពារ នៅ គោលដៅប្រចាំការក្នុងតំបន់បិទខ្ទប់រួម មាន ៖ ទឹកសុទ្ធ ចំនួន ១០កេះ, មីចំនួន ២០កេះ, ម៉ាស់ចំនួន ១០ប្រអប់, អាល់កុល០១កាន សំរាប់ ប្រើ ប្រាស់ ផងដែរ។

លោកឧត្តមសេនីយ៍ទោ សុខ សំណាង ក៏បានណែនាំដល់កម្លាំងអន្តរាគមន៍ពិសេសរបស់ស្នងការដ្ឋាន ត្រៀមកម្លាំងប្រចាំការ២៤ម៉ោង លើ២៤ម៉ោង ចេញល្បាតចល័តក្នុងមូលដ្ឋាន ភូមិសាស្រ្តស្មុគស្មាញងាយរងគ្រោះ ដើម្បីបង្ការ ទប់ស្កាត់បទល្មើសផ្សេងៗ ត្រៀមអន្តរាគមន៍ពេលមានសភាពការណ៍ចាំបាច់កើតឡើងឱ្យទាន់ពេលវេលា និងអនុវត្តតាមបទបញ្ជាថ្នាក់លើដាក់ជូន ត្រៀមជានិច្ចក្នុងការជួយ សង្គ្រោះប្រជាពលរដ្ឋមានហេតុការណ៍ជាយថាហេតុ។

នាឱកាសនោះ លោកឧត្តមសេនីយ៍ទោស្នងការ ក៏បានដាក់ផែនការបន្ថែមទៀត ដល់កងកម្លាំងត្រូវចូលរួមបង្ការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ និងអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់នូវវិធានការ «៣កុំ និង៣ការពារ» របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា៕