(សៀមរាប)៖ មន្ទីរបរិស្ថានខេត្តសៀមរាប បានបង្កើតទារកដ្ឋានក្នុងមន្ទីរ ក្នុងន័យលើកកម្ពស់សុខុមាលភាពទារក និងមន្ត្រី បុគ្គលិកជាស្រ្ដី។ តាមប្រធានមន្ទីរការរៀបចំនេះ ធ្វើឡើងតាំងពីឆមាសទី១ ឆ្នាំ២០២១ មកហើយ ដើម្បីបង្កភាពងាយស្រួលជូនមន្ត្រី បុគ្គលិកដែលជាស្រ្តីមានកូនតូចៗ កំពុងមើលថែ និងបំបៅដោះ។

លោក ស៊ុន គង់ ប្រធានមន្ទីរបរិស្ថានខេត្តសៀមរាប បានប្រាប់សារព័ត៌មាន Fresh News នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ថា ការរៀបចំទារកដ្ឋាននេះឡើង សម្រាប់សម្រួលដល់មន្ត្រីរាជការ ជាស្ត្រីមានកូនតូចៗកំពុងមើលថែ និងបំបៅដោះក្នុងពេលមកបំពេញការងារនៅមន្ទីរ បង្កភាពងាយស្រួលជូនពួកគាត់ ហើយក៏មានភាពងាយស្រួលក្នុងការប្រាស្រ័យទាក់ទងការងារផ្សេងៗផងដែរ។

លោកបន្តថា បន្ទប់ទារកដ្ឋាននេះ បានរៀបចំដូចជាបិទរូបភាពទាក់ទង និងក្មេងៗ ហើយរបស់របរលេងសម្រាប់ក្មេងៗ ជាច្រើនទៀត ដូចជាលេខ និងតួព្យញ្ជនៈខ្មែរ ថែមទាំងក្រាលកម្រាល ការពារនៅពេលដួលកុំឱ្យប៉ះការ៉ូ។ល។

លោកប្រធានមន្ទីរ ក៏បានអំពាវនាវឱ្យមន្ត្រីដែលមានកូន ហើយទុកគាត់នៅជាមួយជីដូននៅផ្ទះ គួរយកមកធ្វើការ ខ្លាចក្រែងមានហេតុការណ៍អ្វីមួយកើតឡើងជាយថាហេតុ។ ពួកគេអាចយកកូនតូចៗ មកទីនេះបាន ដើម្បីទំនុកចិត្ត ហើយមានអារម្មណ៍ល្អក្នុងពេលធ្វើការ។ សព្វថ្ងៃនេះមានក្មេងៗ ពី៥ ទៅ៦នាក់ ដែលសម្រាកលេងនៅទារកដ្ឋានមួយនេះ៕