(ភ្នំពេញ)៖ លោក សុខ សុភ័ក្ដ្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១នេះ បានស្នើឲ្យភាគចិនពន្លឿននីតិវិធីផ្ទៃក្នុង សម្រាប់ផ្តល់សច្ចាប័ន លើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ដើម្បីឲ្យកិច្ចព្រមព្រៀងនេះ ចូលជាធរមាននៅដើមឆ្នាំ២០២២។

ការស្នើបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោក សុខ សុភ័ក្ដ្រ អញ្ជើញចូលរួម ក្នុងវេទិកាកម្រិតខ្ពស់ នៃធនាគារខួរក្បាលកម្ពុជា-ចិន លើកទី២៖ ដំណើរឆ្ពោះ ទៅកាន់ដំណាក់កាល នៃការវិវឌ្ឍថ្មី នៃទំនាក់ទំនងទ្វេភាគីកម្ពុជា-ចិន តាមប្រព័ន្ធវីដេអូ នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១នេះ។

លោក សុខ សុភ័ក្ដ្រ បានបញ្ជាក់យ៉ាងដូចេ្នះថា «ភាគីចិនគួរពន្លឿននីតិវិធីផ្ទៃក្នុងសម្រាប់ផ្តល់សច្ចាប័ន លើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កម្ពុជា-ចិន ដើម្បីឲ្យកិច្ចព្រមព្រៀងនេះ ចូលជាធរមាននៅដើមឆ្នាំ២០២២ សំដៅផ្តល់ឱកាសឲ្យពាណិជ្ជករ និងវិនិយោគិន អាចទាញយកនូវអត្ថប្រយោជន៍ ពីកិច្ចព្រមព្រៀងនេះ ឲ្យបានឆាប់បំផុត»

លោក សុខ សុភ័ក្ដ្រ បានគូសបញ្ជាក់ថា កិច្ចព្រមព្រៀងនេះ នឹងផ្តល់កាលានុវត្តភាពផ្នែកវិនិយោគដល់កម្ពុជា បានកាន់តែច្រើន លើវិស័យសេវាកម្ម និងទំនិញនាំចេញឲ្យកាន់តែសម្បូរបែប ក៏ដូចជាផ្តល់ឱកាស ដល់ធុរជនចិនមកវិនិយោគនៅកម្ពុជា។

បន្ថែមពីនោះទៀត លោក សុខ សុភ័ក្ដ្រ បានឲ្យដឹងថា កម្ពុជា និងចិន គួរតែសហការគ្នាឲ្យបានជិតស្និទ្ធ លើការកែទម្រង់នៃអង្គការពាណិជ្ជកម្មពិភពលោក និងការ ចរចានានា ដើម្បីបម្រើឲ្យផលប្រយោជន៍ នៃបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ និងចៀសវាងការបណ្តោយឲ្យសមាជិក ដែលជាប្រទេសអភិវឌ្ឍន៍មួយចំនួន ចាប់យកអង្គការនេះ ធ្វើជាចំណាប់ខ្មាំងសំដៅបម្រើឲ្យផលប្រយោជន៍បុគ្គល ឬក្រុមប្រទេសមួយក្រុមតូចណាមួយនោះឡើយ ជាពិសេស នៅក្នុងវិស័យបរិស្ថាន និងពាណិជ្ជកម្ម, ស្តង់ដារការងារ, វិស័យកសិកម្ម, វិស័យវិនិយោគ, ការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ជាដើម។

លោក សុខ សុភ័ក្ដ្រ រំពឹងយ៉ាងមុតមាំថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កម្ពុជា-ចិន នឹងជួយចូលរួមចំណែកយ៉ាងធំធេង ដល់យុទ្ធសាស្រ្តស្តារឡើងវិញ នូវសេដ្ឋកិច្ចកម្ពុជា ក៏ដូចជាសេដ្ឋកិច្ចរបស់ចិនផងដែរ ពីការញាំញីយ៉ាងធ្ងន់ធ្ងរនៃជំងឺកូវីដ-១៩ ព្រមទាំងជួយឲ្យមានភាពសាំដល់សង្គម-សេដ្ឋកិច្ច និងស្តារនូវជីវភាព របស់ប្រជាជន ក្នុងប្រក្រតីភាពថ្មី នៃសង្គមកម្ពុជា តាមរយៈកំណើននៃការនាំចេញទៅទីផ្សារចិន និងលំហូរវិនិយោគចូលពីចិនមកកម្ពុជា ដែលនឹងជួយបង្កើតការងារ និងចំណូលជូនប្រជាពលរដ្ឋ នៃប្រទេសទាំងពីរផងដែរ។

បើតាមលោក សុខ សុភ័ក្ដ្រ បានឲ្យដឹងថា បើគិតលើទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-ចិន សម្រាប់រយៈពេល៦ខែ នៃឆ្នាំ២០២១នេះ ទោះបីជាប្រទេសទាំងពីរ បានទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរ ពីវិបត្តិកូវីដ១៩ក៏ដោយ ក៏កំណើនពាណិជ្ជកម្ម នៅតែមានការកើនទ្បើងចំនួន៣១% គឺបានក្នុងតម្លៃជិត ៥ ០០០ លានដុល្លារអាមេរិក បើធៀបនឹងរយៈពេល៦ខែដូចគ្នា ក្នុងឆ្នាំ២០២០ ដែលតម្លៃត្រឹមតែ ៣ ៧០០ លានដុល្លារអាមេរិកតែប៉ុណ្ណោះ។

ការនាំចេញពីកម្ពុជាទៅចិន តែងតែមានកំណើនជាមធ្យមប្រមាណ ពី ៦-១០% ក្នុងមួយឆ្នាំៗ ព្រោះសេដ្ឋកិច្ចនៃប្រទេសទាំងពីរ បានបំពេញឲ្យគ្នាទៅវិញទៅមក យ៉ាងល្អ។

ជាទូទៅ កម្ពុជាបាននាំចេញទៅចិន នូវសម្លៀកបំពាក់ ស្បែកជើង ស្បែកសត្វមានរោម ម៉ាស៊ីនប្រើពីស្តុង អង្ករ កៅស៊ូ ចេក ដំឡូងមី គ្រាប់ស្វាយចន្ទី ស្បែកជើង ហិប វ៉ាលី ហើយនាំចូលពីចិនមកវិញ នូវផលិតផលសម្រាប់បម្រើ ឲ្យការវិនិយោគ និងផលិតកម្ម ដូចជា ក្រណាត់ចាក់ ក្រណាត់ត្បាញពីកប្បាស គ្រឿងចក្រ ដែក គ្រឿងសំណង់ផ្សេងៗ បរិក្ខារនិងគ្រឿងអេឡិចត្រូនិក វត្ថុធាតុពីប្លាស្ទិក អាលុយមីញ៉ូម គ្រឿងសង្ហារឹម និងក្រដាសនិងក្រដាសកាតុង ជាដើម៕