(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្វាយលិខិតថ្លែងអំណរព្រះគុណ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ដែលព្រះអង្គបានប្រទានព្រះរាជសារអបអរសាទរសម្តេចតេជោ ដែលទទួលបានគ្រឿងឥស្សរិយយស «ថ្នាក់មិត្តភាព (The Order of Friendship)» ពីលោក វ្ល៉ា ឌីមៀរ ពូទីន ប្រធានាធិបតីនៃសហព័ន្ធរុស្ស៉ី។ នេះបើយោងតាមលិខិតថ្លែងអំណរព្រះគុណរបស់សម្តេចតេជោ ថ្វាយព្រះមហាក្សត្រ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅល្ងាច ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះ៖ «សូមក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល បពិត្រអង្គសម្តេចម៉ែ ជាអម្ចាស់ជីវិតតម្កល់លើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត! ជាបឋមទូលព្រះបង្គំជាខ្ញុំនិងភរិយា សូមថ្លែងអំណរព្រះរាជគុណប្រកបដោយបីតិសោមនស្សរីករាយជាអនេកប្បការ ដោយបានទទួលព្រះរាជសារលិខិតអង្គសម្តេចម៉ែជាអម្ចាស់ ដែលទ្រង់ស្ដេចសព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទាននូវការអបអរសាទរ ព្រមទាំងប្រទានព្រះពរបវរមហាប្រសើរចំពោះទូលព្រះបង្គំជាខ្ញុំនិងភរិយារួមទាំងក្រុមគ្រួសារ ក្នុងឱកាសដែលទូលព្រះបង្គំជាខ្ញុំ មានមហាកិត្តិយសទទួលបាននូវគ្រឿងឥស្សរិយយសថ្នាក់ “មិត្តភាព (The Order of Friendship)" ពីឯកឧត្តម វ៉្លាឌីមៀរ ពូទីន ប្រធានាធិបតី នៃសហព័ន្ធរុស្ស៊ី នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១»

ក្នុងវរោកាសដ៏ឧត្តុង្គឧត្តមជាប្រវត្តិសាស្រ្តនេះផងដែរ ទូលព្រះបង្គំជាខ្ញុំនិងភរិយាសូមព្រះបរមរាជានុញ្ញាតដ៏ខ្ពង់ខ្ពស់បំផុត សម្តែងថ្វាយយ៉ាងឧឡារិកចំពោះជោគជ័យជាវិជ្ជមាន ដែលទូលព្រះបង្គំជាខ្ញុំទទួលបាននាឱកាសនេះ គឺជាការឆ្លុះបញ្ចាំងអំពីចំណងមិត្តភាពរវាងប្រជាជនកម្ពុជា និងរុស្ស៊ី ហើយក៏ជាមោទកភាពរបស់ប្រជាជនកម្ពុជាគ្រប់រូបនៅក្រោមម្លប់ ជាតិ សាសនា ព្រះមហាក្សត្រ ពិសេសតេជះសម្ភារឫទ្ធាបារមី នៃព្រះករុណា អង្គមហាក្សត្រ ព្រមទាំងសម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាអម្ចាស់ជីវិតតម្កល់ត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលជានិច្ចកាល ព្រះអង្គតែងប្រទាននូវការគាំទ្រជាអតិបរមា ចំពោះកិច្ចខំបំពេញ បេសកកម្មបំរើឧត្តមប្រយោជន៍ ជាតិ ប្រជាពលរដ្ឋ របស់ទូលព្រះបង្គំជាខ្ញុំនិងភរិយា ជារៀងរហូតមក។

ជាថ្មីម្តងទៀត ទូលព្រះបង្គំជាខ្ញុំនិងភរិយា សូមលំឱនកាយក្រាបថ្វាយព្រះសព្ទសាធុការពរមហាប្រសើរ សូមអង្គសម្តេចម៉ែ ជាអម្ចាស់ជីវិតតម្កល់លើត្បូង ស្ដេចទ្រង់ព្រះប្រកបដោយព្រះពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

សូមអង្គសម្តេចម៉ែ ជាអម្ចាស់ជីវិតតម្កល់លើត្បូងជាទីគោរពសក្ការៈស្ដេចទ្រង់ប្រោសព្រះរាជមេត្តាទទួលនូវអភិវន្ទនកិច្ច និងកតញ្ញូតាធម៌ដ៏ខ្ពង់ខ្ពស់បំផុត អំពីទូលព្រះបង្គំជាខ្ញុំ និងភរិយា។

សូមជម្រាបថា លោក វ្ល៉ាឌីមៀរ ពូទីន បានផ្តល់គ្រឿងឥស្សរិយយស «ថ្នាក់មិត្តភាព» ជូនសម្តេចតេជោ ហ៊ុន សែន ចំពោះការចូលរួមចំណែកដ៏សំខាន់ ក្នុងការពង្រឹងមិត្តភាពរវាងប្រជាជនរុស្ស៉ី និងកម្ពុជា។ នេះបើយោងតាមការចេញផ្សាយលើ Facebook ស្ថានទូតរុស្ស៉ីប្រចាំកម្ពុជា នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១។

គ្រឿងឥស្សរិយយសថ្នាក់មិត្តភាព គឺជាគ្រឿងឥស្សរិយយសរបស់រដ្ឋ នៃសហព័ន្ធរុស្ស៉ី ដែលត្រូវបានបង្កើតឡើងដោយ លោក Boris Yeltsin អតីតប្រធានាធិបតីរុស្ស៉ី តាមរយៈក្រឹត្យលេខ ៤៤២ កាលពីថ្ងៃទី២ ខែមីនា ឆ្នាំ១៩៩៤ ដើម្បីផ្តល់ឲ្យជនជាតិរុស្ស៉ី ឬជនជាតិដទៃទៀត ដែលខិតខំលើកស្ទួយ ចំណងមិត្តភាព ជាមួយប្រជាជន និងប្រទេសរុស្ស៉ី៕