(ស្ទឹងត្រែង)៖ ចៅក្រមស៉ើបសួរ នៃសាលាដំបូងខេត្តស្ទឹងត្រែង លោក ហេង សុខជា បានចេញដីកាបង្គាប់ឲ្យឃុំខ្លួនមនុស្ស១៣នាក់ ដាក់ពន្ធនាគារនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១នេះ បន្ទាប់ពីអាវុធហត្ថខេត្តស្ទឹងត្រែង ចាប់ខ្លួនបាននាពេលកន្លងទៅពាក់ព័ន្ធការលួចធ្វើអាជីវកម្មរ៉ែដោយខុសច្បាប់។ នេះបើតាមមន្ដ្រីតុលាការ ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅល្ងាចថ្ងៃនេះ។

ប្រភពព័ត៌មានបានបញ្ជាក់ទៀតថា បុគ្គលទាំង១៣នាក់នោះ ត្រូវបានតុលាការដាក់ឲ្យស្ថិតក្រោមការពិនិត្យពីបទ «ធ្វើប្រតិបត្តិការជីកយករ៉ែដោយគ្មានអាជ្ញាប័ណ្ណធនធានរ៉ែ» ប្រព្រឹត្តនៅចំណុចភូមិអន្លង់ស្វាយ ឃុំអូររ៉ែ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១ តាមបញ្ញត្តិមាត្រា៣៥ថ្មី កថាខណ្ឌ១ និងកថាខណ្ឌ២ នៃច្បាប់ស្ដីពីការគ្រប់គ្រង និងការធ្វើអាជីកម្មធនធានរ៉ែ។

សូមជម្រាបថា កម្លាំងកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង បានបើកប្រតិបត្តិការបង្ក្រាបទីតាំងធ្វើអាជីវកម្មរ៉ែខុសច្បាប់នៅចំណុចភូមិអន្លុងស្វាយ ឃុំអូររៃ និងភូមិចម្ការលើ ឃុំចម្ការលើ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ដោយចាប់ខ្លួនបានមនុស្សសរុប១៥នាក់ជាបន្ដបន្ទាប់ និងម៉ាស៉ីនខួងធុនធំជាច្រើនគ្រឿង នៅថ្ងៃទី២៤-២៥ ខែកក្កដា ឆ្នាំ២០២១។

សេចក្ដីរាយការណ៍ពីភ្នាក់ងារ Fresh News បានឲ្យដឹងថា ប្រតិបត្តិការនេះធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពី នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង មេបញ្ជការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងប្រធានគណៈកម្មាធិការជាតិបង្ក្រាបបទល្មើសធនធានធម្មជាតិ និងដឹកនាំប្រតិបត្តិការដោយលោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី មេបញ្ជាការអាវុធហត្ថខេត្ត ដែលមានការសម្របសម្រួលពីលោក ជា សុភ័ក្ដ្រ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង។

បើតាមសេចក្ដីរាយការណ៍ បានបញ្ជាក់ទៀតថា ប្រតិបត្តិការនេះធ្វើឡើងរយៈពេល២ថ្ងៃជាប់គ្នា ដោយនៅថ្ងៃទី២៤ ខែកក្កដាម្សិលមិញ បង្ក្រាបនៅភូមិអន្លុងស្វាយ ឃុំអូររៃ ស្រុកថាឡាបរិវ៉ាត់ ចាប់ខ្លួនមនុស្សបាន៧នាក់ ដែលជនល្មើសបានកំពុងធ្វើសកម្មភាពបើកការដ្ឋានខួងអណ្តូងរករ៉ែចំនួន៣កន្លែង។ ដោយឡែក នៅថ្ងៃទី២៥ ខែកក្កដានេះ ចំណុចភូមិចម្ការលើ ឃុំចម្ការលើ ឃាត់ខ្លួនជនសង្ស័យចំនួន៨នាក់។

សមត្ថកិច្ចបានអះអាងថា ទីតាំងនេះបានធ្វើអាជីវកម្មរ៉ែដោយលួចលាក់ និងដាក់ម៉ាស៊ីនខួងដើម្បីយករ៉ែ ដោយគ្មានច្បាប់អនុញ្ញាត។ នៅពេលសមត្ថកិច្ចចុះបង្ក្រាប គេសង្កេតឃើញមានបក្ខពួកផ្សេងទៀតរបស់ក្រុមជនល្មើសទាំងអស់ រត់ខ្វែងខ្វាត់ដើម្បីអន្ដរាគមន៍ចំពោះអំពើល្មើសច្បាប់នេះផងដែរ។

ប៉ុន្ដែទោះជាយ៉ាងណា ពាក់ព័ន្ធករណីនេះ លោក ជេត ខេមរា ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ត បានបញ្ជាឲ្យកម្លាំងអាវុធហត្ថខេត្តស្ទឹងត្រែង បន្តរុករកម៉ាស៊ីនខួង និងសម្ភារបម្រើឲ្យមធ្យោបាយបទល្មើសខុសច្បាប់បន្ថែមទៀតផងដែរ ព្រមទាំងកសាងសំណុំរឿងបញ្ជូនទៅតុលាការផ្ដន្ទាទោសតាមច្បាប់៕