(ភ្នំពេញ)៖ និយ័តករគណនេយ្យ និងសវនកម្ម បានសហការជាមួយសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១នេះ បានរៀបចំសិក្ខាសាលា ផ្សព្វផ្សាយ ស្តីពី «កាតព្វកិច្ចគណនេយ្យនិងសវនកម្ម និងបទប្បញ្ញត្តិពាក់ព័ន្ធ» សម្រាប់សមាជិកសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា តាមប្រព័ន្ធអនឡាញ។

សិក្ខាសាលានេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់លោក ប៊ូ ថារិន អគ្គនាយក នៃនិយ័តករគណនេយ្យ និងសវនកម្ម ព្រមទាំងមានការអញ្ជើញចូលរួម ពីថ្នាក់ដឹកនាំនិងមន្ត្រីរបស់និយ័តករគណនេយ្យ និងសវនកម្ម និង អ្នកឧកញ៉ា លី ហួរ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា និងសិក្ខាកាមចូលរួមប្រមាណ២៥០ នាក់ តាមកម្មវិធី Zoom។

អ្នកឧកញ៉ា លី ហួរ បានធ្វើសុន្ទរកថាស្វាគមន៍ និងបានបង្ហាញឆន្ទៈ ក្នុងការចូលរួមការអនុវត្តកាតព្វកិច្ចនានា ដែលតម្រូវដោយច្បាប់។

លោក ប៊ូ ថារិន បានលើកឡើងអំពីសារៈសំខាន់ និងសារៈប្រយោជន៍ នៃសិក្ខាសាលាសម្រាប់សហគ្រាស និងបានគូសបញ្ជាក់អំពី កាតព្វកិច្ចនានា ដែលសហគ្រាសត្រូវអនុវត្ត ស្របតាមច្បាប់និងបទប្បញ្ញត្តិជាធរមានពាក់ព័ន្ធនឹងវិស័យគណនេយ្យ និងសវនកម្ម។

លោកបានលើកឡើងថា សហគ្រាស ត្រូវអនុវត្តកាតព្វកិច្ចជាសារវន្តចំនួន៣ គឺ៖ ១៖ កាតព្វកិច្ចកាន់បញ្ជីគណនេយ្យ, ២៖ កាតព្វកិច្ចរៀបចំរបាយការណ៍ហិរញ្ញវត្ថុ ស្របតាមស្តង់ដាជាធរមាន និង៣៖ កាតព្វកិច្ចដាក់របាយការណ៍ហិរញ្ញវត្ត ឲ្យរងសវនកម្មឯករាជ្យ៕