(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញលិខិតជូនដំណឹង និងចាត់ឱ្យប្រធានមន្ទីរទេសចរណ៍រាជធានី-ខេត្តទាំង ២៥ ត្រូវដឹកនាំក្រុមមន្ត្រីចុះផ្អាកសកម្មភាពទេសចរណ៍ជាបណ្តោះអាសន្ន រយៈពេល ១៤ ថ្ងៃ គិតចាប់ពីថ្ងៃទី២៩ ខែកក្កដា ដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ដើម្បីចូលរួមអនុវត្តយុទ្ធនាការពង្រឹងវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។

ដោយអនុវត្តតាមសារាចរលេខ ០៤ សរ ចុះថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ ស្តីពីការដាក់ចេញយុទ្ធនាការពង្រឹងវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ លោករដ្ឋមន្ត្រី ថោង ខុន បានណែនាំដល់មន្ទីរទេសចរណ៍រាជធានី-ខេត្ត ត្រូវសហការជាមួយរដ្ឋបាលរាជធានី-ខេត្ត និងអាជ្ញាធរមូលដ្ឋាន ចុះផ្អាកសកម្មភាពរមណីយដ្ឋានទេសចរណ៍ គោលដៅទេសចរណ៍ សហគមន៍ទេសចរណ៍ និងកន្លែងដែលមានសក្តានុពលទេសចរណ៍ទូទាំងប្រទេសជាបណ្តោះអាសន្នរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃទី២៩ ខែកក្កដា ដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ជាកំហិត។

ទន្ទឹមនឹងនេះ មន្ទីរទេសចរណ៍រាជធានី-ខេត្ត ត្រូវចាត់តាំងក្រុមការងារដើម្បីតាមដានត្រួតពិនិត្យកិច្ចការនេះឲ្យបានម៉ត់ចត់ ដោយមិនត្រូវអនុញ្ញាតឲ្យមានសកម្មភាពទេសចរណ៍ណាមួយនៅតាមរមណីយដ្ឋានទេសចរណ៍ គោលដៅទេសចរណ៍ សហគមន៍ទេសចរណ៍ និងកន្លែងដែលមានសក្តានុពលទេសចរណ៍ដែលមាននៅក្នុងមូលដ្ឋានរបស់ខ្លួន ក្នុងរយៈពេលនៃការផ្អាកជាបណ្តោះអាសន្ននេះជាដាច់ខាត។

ខាងក្រោមនេះជាលិខិតជូនដំណឹងរបស់លោករដ្ឋមន្ត្រីក្រសួងទេសចរណ៍៖