(ភ្នំពេញ)៖ សាលាដំបូងរាជធានីភ្នំពេញ នឹងចាប់ផ្តើមបន្តបើកការជំនុំជម្រះលើសំណុំរឿងលោក រ៉ុង ឈុន ករណី «ញុះញង់បង្កឱ្យមានភាពវឹកវរដល់សន្តិសុខសង្គម» ពាក់ព័ន្ធនឹងបញ្ហាព្រំដែន ទៅថ្ងៃទី៣០ ខែកក្កដា ព្រឹកស្អែកនេះ។

ប្រភពពីមន្ត្រីតុលាការបានឱ្យអង្គភាពព័ត៌មាន Fresh News ដឹងថា សវនាការលើសំណុំរឿង លោក រ៉ុង ឈុន ដែលជាប់ចោទពីបទ «ញុះញង់បង្កឱ្យមានភាពវឹកវរដល់សន្តិសុខសង្គម» ពាក់ព័ន្ធនឹងបញ្ហាព្រំដែននេះគឺមានលោក សេង ហៀង ជាតំណាងអយ្យការ និងលោក លិ សុខា ជាចៅក្រមជំនុំជម្រះ។

សូមបញ្ជាក់ថា លោក រ៉ុង ឈុន ត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០កន្លងទៅ បន្ទាប់ពីលោកបានប្រព្រឹត្តបទល្មើស ញុះញង់បង្កឱ្យមានភាពវឹកវរ អំឡុងពេលចុះទៅកាន់ព្រំដែនកម្ពុជា-វៀតណាម ខេត្តត្បូងឃ្មុំ។ ក្នុងពេលចុះទៅកាន់ព្រំដែនខេត្តនេះ លោក រ៉ុង ឈុន បានចេញសេចក្តីថ្លែងការណ៍ទៅកាន់សាធារណជនថា ការបោះបង្គោលព្រំដែនថ្មី រវាងកម្ពុជា-វៀតណាម បានចូលដីកម្ពុជា ប្រហែល ៥០០ម៉ែត្រ។

ភ្លាមៗបន្ទាប់ពីមានការចោទប្រកាន់នេះ គណៈកម្មាធិការចម្រុះកិច្ចការព្រំដែនកម្ពុជា បានប្រកាសទាត់ចោលនូវសេចក្តីថ្លែងការណ៍របស់លោក រ៉ុង ឈុន ដោយចាត់ទុកថា ជាការផ្សាយព័ត៌មានមិនពិត និងបំផ្លើស។ គណៈកម្មាធិការចម្រុះកិច្ចការព្រំដែនចាត់ទុកថា ការផ្សាយរបស់លោក រ៉ុង ឈុន មានចេតនាទុច្ចរិត ក្នុងគោលបំណងបំភ័ន្តសាធារណៈមតិជាតិ និងអន្តរជាតិ ដោយធ្វើការចោទប្រកាន់ដោយគ្មានមូលដ្ឋាន មកលើការងារព្រំដែនរបស់រាជរដ្ឋាភិបាល។

ហើយករណីនេះដែរ សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២០ បានសម្រេចចេញដីកាឃុំខ្លួន លោក រ៉ុង ឈុន ជាបណ្តោះអាសន្ន ក្រោមការចោទប្រកាន់ពីបទ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» តាមមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា៕