(ភ្នំពេញ)៖ វ៉ាក់សាំងកូវីដ១៩ Johnson & Johnson ដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនអាមេរិក តាមរយៈមជ្ឈមណ្ឌលកូវ៉ាក់ បានដឹកមកដល់ប្រទេសកម្ពុជា នៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១នេះហើយ។

តាមរយៈមជ្ឈមណ្ឌលកូវ៉ាក់សាំង, សហរដ្ឋអាមេរិក បានប្រកាសផ្តល់វ៉ាក់សាំងចំនួន ១លានដូសដល់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា។ វ៉ាក់សាំងដែលមកដល់ថ្ងៃនេះ មានចំនួន៥០ម៉ឺនដូស ដោយឡែកចំនួន ៥០ម៉ឺនដូស រំពឹងដឹកមកដល់ថ្ងៃទី០២ ខែសីហា ឆ្នាំ២០២១។

ស្ថានទូតអាមេរិក បានប្រកាសថា អំណោយនេះ គឺជាផ្នែកមួយនៃការគាំទ្រជាបន្តបន្ទាប់របស់សហរដ្ឋអាមេរិក ចំពោះប្រជាជនកម្ពុជា និងនៅក្នុងតំបន់ ក្នុងពេលកំពុងតែប្រឹងងើបចេញពីជំងឺរាតត្បាតយ៉ាងធ្ងន់ធ្ងរនេះ។

ការមកដល់នៃវ៉ាក់សាំងជាជំនួយរបស់អាមេរិកនេះ មានរៀបចំពិធីប្រគល់ និងទទួលនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញផងដែរ។ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញទទួលវ៉ាក់សាំងនេះ។

ពិធីនេះក៏មានការចូលរួមពីភារធារីស្ថានទូតអាមេរិក លោក Ben wohlauer, តំណាងអង្គការសុខភាពពិភពលោក និងអង្គការ UNICEF ផងដែរ៕