(កំពត)៖ លោក ជាវ តាយ អភិបាលខេត្ត នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ ម្សិលមិញ បានសម្រេចបង្កើតគណៈកម្មការចំនួន២ ដើម្បីទប់ស្កាត់ការធ្វើអាជីវកម្មធនធានរ៉ែ និងការបង្រ្កាបបទល្មើសជលផល ដោយខុសច្បាប់។

កិច្ចប្រជុំនេះ សំដៅជំរុញការអនុវត្តច្បាប់ ឱ្យបានកាន់តែមានប្រសិទ្ធភាព ក្នុងការទប់ស្កាត់ និងបង្ក្រាបបទល្មើស ក៏ដូចជា ការធានាបាននិរន្តរភាព ដើម្បីប្រមូលប្រភពចំណូលចូលថវិការដ្ឋ ឱ្យបានកាន់តែប្រសើរឡើងថែមទៀត។

លោក ជាវ តាយ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យពិភាក្សា និងកែសម្រួលខ្លឹមសារលើយន្តការនៃរបៀបវារៈចំនួន២ រួមមាន៖

ទី១៖ សេចក្ដីសម្រេចស្តីពីការបង្កើតគណៈកម្មការចម្រុះពិនិត្យទប់ស្កាត់ការធ្វើអាជីវកម្មធនធានរ៉ែ និងការដឹកជញ្ជូនរ៉ែខុសច្បាប់។

និងទី២៖ សេចក្ដីសម្រេចស្តីពីការបង្កើតគណៈកម្មការប្រយុទ្ធប្រឆាំងនិងទប់ស្កាត់ បង្រ្កាបបទល្មើសជលផលគ្រប់ប្រភេទនៅក្នុងភូមិសាស្ត្រខេត្តកំពត។ ដោយចូលរួម ពីមន្ត្រីនៃស្ថាប័ន មន្ទីរ អង្គភាព និងអាជ្ញាធរពាក់ព័ន្ធជាច្រើនរូប។

លោក ជាវ តាយ បានបញ្ជាក់ថា បញ្ហាការងារគ្រប់គ្រងអាជីវកម្ម និងការប្រមូលថវិការចូលរដ្ឋ ក៏ដូចជាការទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទទាំងវិស័យរ៉ែ និងវិស័យជលផល ក្នុងភូមិសាស្ត្រខេត្តកំពតកន្លងមក មានលក្ខណៈល្អប្រសើរ។ តែបើទោះបីកន្លងមករដ្ឋបាលខេត្តបានបង្កើតគណៈកម្មការជាយន្តការចាស់មានហើយស្រាប់ក៏ពិតមែន ប៉ុន្តែបញ្ហាបាតុភាពអសកម្មលើការគ្រប់គ្រងទាំងឡាយពីវិស័យរ៉ែ និងជលផល ក្នុងភូមិសាស្ត្រខេត្តតែងតែកើតមានឡើង ជាបន្តបន្ទាប់ គឺផ្ដើមចេញពីបុគ្គលមិនគោរពច្បាប់មួយចំនួន បានធ្វើសកម្មភាពរំលោភបំពានមិនកោតក្រែងច្បាប់កំណត់។

ជាមួយគ្នានេះដែរ លោកបានបន្ថែមថា ការប្រជុំពេលនេះ ពិតជាមានសារៈសំខាន់ធ្វើឡើងដើម្បីរួមគ្នាពិនិត្យពិភាក្សា និងកែសម្រួល លើខ្លឹមសារនៃយន្តការសេចក្ដីសម្រេចថ្មីទាំងពីរខាងលើនេះ សំដៅផ្ដល់ជូនលទ្ធភាពឱ្យក្រុមការងារសហការគ្នាបំពេញបេសកកម្ម និងវឌ្ឍនភាពការងារក្នុងវិស័យរ៉ែ និងជលផលនេះឱ្យបានកាន់តែមានភាពរលូន ប្រកបដោយការទទួលខុសត្រូវ និងមានប្រសិទ្ធភាពខ្ពស់ នៅក្នុងភូមិសាស្ត្រខេត្តកំពត បន្ថែមទៀត៕