(កំពត)៖ លោក ជាវ តាយ អភិបាលខេត្តកំពត នៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយចាត់ចែងអនុវត្តសេចក្តីសម្រេចលេខ ៨៤ សសរ ស្ដីពីការបិទខ្ទប់ ភូមិសាស្ត្រខេត្តកោះកុង ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តប៉ៃលិន ខេត្តបន្ទាយមានជ័យ ខេត្តឧត្ដរមានជ័យ ខេត្តព្រះវិហារ និងខេត្តសៀមរាប និងសារាចរណែនាំលេខ ០៤ ស្តីពីការដាក់ចេញយុទ្ធនាការពង្រឹងវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ របស់រាជរដ្ឋាភិបាលកម្ពុជា។

កិច្ចប្រជុំនេះធ្វើឡើងនៅសាលាខេត្តកំពត ដោយចូលរួមពីជួរថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំង ៣ប្រភេទ និងអាជ្ញាធរពាក់ព័ន្ធ។

លោក ជាវ តាយ បានណែនាំដល់កងកម្លាំង អាជ្ញាធរ ក្រុង ស្រុក ត្រូវអនុវត្តសេចក្តីសម្រេច និងសារាចរណែនាំរបស់រាជរដ្ឋាភិបាលឲ្យបានយ៉ាងម៉ឺងម៉ាត់ និងភាពទន់ភ្លន់ ដើម្បីការពង្រឹងវិធានការផ្នែករដ្ឋបាល ផ្នែកសុវត្ថិភាពសុខាភិបាល និងផ្នែកច្បាប់ ធានាឲ្យបាននូវប្រសិទ្ធភាពនៃការអនុវត្តវិធានការប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការឆ្លង រាលដាលនៃជំងឺកូវីដ-១៩ ជាពិសេសមេរោគបំប្លែងខ្លួនថ្មី ដែលតា (Delta) ។

ឆ្លើយតបទៅនឹងការងារនេះរដ្ឋបាលខេត្ត នឹងដាក់ចេញនូវវិធានការនានា ហាមឃាត់ការធ្វើសកម្មភាព មុខរបរ និងអាជីវកម្ម ក្លឹបកំសាន្ត ជាអាទិ៍ ខារ៉ាអូខេ រង្គសាល កន្លែងម៉ាស្សា ក្លឹបហាត់ប្រាណ រោងភាពយន្ត។ល។ ហាមលក់ និងសេពគ្រឿងស្រវឹង ហាមឃាត់ការប្រមូលផ្តុំមនុស្ស និងការដាក់បម្រាមគោរចរ ពីចន្លោះម៉ោង២១ រហូតដល់ម៉ោង៣ ទាបភ្លឺ។ ប្រសិនបើមានការល្មើសនឹងបទបញ្ជាហាមឃាត់នេះ ត្រូវចាត់វិធានការអប់រំណែនាំ ឬផាកពិន័យ ឬបិទទីតាំងអាជីវកម្មរបស់ពួកគាត់តែម្តង៕