(ព្រៃវែង)៖ នៅថ្ងៃសុក្រ ទី៣០ ខែកក្កដា ឆ្នាំ២០២១ លោកបណ្ឌិត អាំង សិរីពិសិដ្ឋ ប្រធានអាហារូបករណ៍ ស សុខា និងជាប្រធានក្រុមការងារ ស.ស.យ.ក បានចុះជួយស្រុកកំចាយមារ បានដឹកនាំសមាជិក-សមាជិកា នាំយកអំណោយរបស់លោក ស សុខា និងលោកស្រី ប្រគល់ជូនរដ្ឋបាលស្រុកកំចាយមារ, ស.ស.យ.ក. ស្រុកកំចាយមារ, ក្រុមគ្រូពេទ្យរដ្ឋបាលស្រុក និងប្រជាពលរដ្ឋមានជំងឺកូវីដ១៩ ចំនួន ៨៦នាក់ កំពុងសម្រាកព្យាបាលនៅក្នុងវិទ្យាល័យ ហ៊ុន សែន កំចាយមារ។

ខណៈដឹកនាំក្រុមការងារ នាំយកអំណោយចុះសួរសុខទុក្ខ និងនាំអំណោយរបស់លោក ស សុខា នោះ លោកបណ្ឌិត អាំង សិរីពិសិដ្ឋ បានលើកឡើងថា «សូមបងប្អូនរួមគ្នាអត់ធ្មត់បន្តទៀត យើងនឹងឆ្លងផុតគ្រាលំបាកនេះជាមួយគ្នា»។ លោក អាំង សិរីពិសិដ្ឋ បានផ្តាំផ្ញើសាកសួរសុខទុក្ខ និងក្ដីនឹករលឹកពីសំណាក់លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងលោក ស សុខា ដែលជានិច្ចកាល លោកតែងគិតគូរយកចិត្តទុកដាក់ ចំពោះសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ យុវវ័យ ខ្វះខាតផ្នែកជីវភាព ដែលមានទុក្ខលំបាក ជនងាយរងគ្រោះ និងជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់ រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។

នាឱកាសនោះ លោកបណ្ឌិតបានថ្លែងដាស់តឿនដល់យុវជន មន្ត្រីរដ្ឋបាលស្រុកថា នៅកម្ពុជាយើង មានវីរុសបម្លែងថ្មីពីរប្រភេទ Alpha និង Delta កំពុងចរាចរណ៍នៅសហគមន៍កម្ពុជាយើង ដែលធ្វើឱ្យមានចំនួនអ្នកឆ្លង អ្នកឈឺ និងស្លាប់កើនឡើង ដូច្នេះយើងមិនត្រូវមើលស្រាលទៅលើលទ្ធភាពនៃការរាតត្បាតវីរុសបម្លែងថ្មីនេះនោះទេ។

លោកបន្តថា វីរុសបំប្លែងថ្មីនេះបានឆ្លងចូលសហគមន៍របស់យើងហើយ ពិសេសប្រភេទ Delta ដែលលទ្ធភាពនៃការឆ្លងមានល្បឿនលឿន ហើយបានឆ្លងតាមតាមរយៈពលករ ធ្វើដំណើរពីប្រទេសថៃ ដែលពេលនេះបានឆ្លងបន្ដទៅ ដល់ក្រុមគ្រូពេទ្យ និងពលរដ្ឋនៅក្នុងសហគមន៍យើង នៅក្នុងខេត្ដឧត្ដរមានជ័យ ព្រះវិហារ សៀមរាប និងខេត្ដកំពង់ធំ ដែលយើងទាំងអស់ត្រូវប្រុងប្រយ័ត្ន បើយើងធ្វេសប្រហែស ស្រុកយើងអាចកើតមានដែរមិនខាន ។ ដើម្បីកុំឱ្យវីរុសបំប្លែងថ្មីនេះ វាធ្វើចរាចរណ៍ទៅទៀត ទាល់តែយើងកុំចរាចរណ៍ ដូច្នេះសូមមេត្ដាអនុវត្ដវិធានការសុខាភិបាល «៣ការពារ និង៣កុំ» ឱ្យមានខ្ជាប់ខ្ជូន។

ជាមួយគ្នានេះ លោកបណ្ឌិត ក៏បានស្នើដល់ប្រជាពលរដ្ឋដែលបាន និងកំពុងធ្វើចត្តាឡីស័កទាំង៨៦នាក់នេះ ត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ឲ្យរក្សាគម្លាតយ៉ាងតិច ១.៥០ម៉ែត្រពីគ្នា ព្រមទាំងថែរក្សាអនាម័យបានខ្ជាប់ខ្ជួន និងថែសុខភាពឲ្យបានមាំទាំ ត្រូវអនុវត្តអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន «៣ការពារ និង៣កុំ» ឲ្យបានខ្ចាប់ខ្ជួន ដើម្បីកុំឲ្យមាននរណាឆ្លងជំងឺកូវីដ១៩ សូមឲ្យគ្រួសាររស់នៅដោយសុខដុមរម្យនាពីពេលហ្នឹងតទៅ។

អំណោយរបស់លោក ស សុខា និងលោកស្រី ប្រគល់ជូនរួមមាន៖

*រដ្ឋបាលស្រុកកំចាយមារ ៖ មី ២០កេស, ទឹកក្រូច ១០កេស *
*ស.ស.យ.ក ៖ មី ២០កេស, ទឹកក្រូច ២០កេស, ទឹកសុទ្ធ ១០កេស, អាល់កុល ១កាន។
*អំណោយក្រគល់ជូនគ្រូពេទ្យ រួមមាន៖ ទឹកក្រូច ១០កេស, ទឹកសុទ្ធ ១០កេស។
*អំណោយដែលប្រគល់ជូនប្រជាពលរដ្ឋសម្រាកព្យាបាលជំងឺកូវីដ-១៩ ចំនួន៨៦នាក់ នៅក្នុងវិទ្យាល័យ ហ៊ុន សែនកំចាយមារ រួមមាន៖ គ្រឿងឧបភោគបរិភោគ ចំនួន ៩០ឃីត ក្នុងនោះមាន៖ មី ១០កញ្ចប់, ត្រីខ ៣កំប៉ុង, ទឹកត្រី១ដប និងទឹកស៊ីអ៊ីវ ១ដប៕