(បន្ទាយមានជ័យ)៖ នាថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញសំណេះសំណាល និងផ្តល់អំណោយឧបត្ថម្ភរបស់រដ្ឋបាលខេត្ត មានជាស្បៀងអាហារ ថវិកា ជូនដល់កងកម្លាំងយោធាអង្គភាពចំណុះយោធភូមិភាគទី៥ កងកម្លាំងស្នងការរដ្ឋាននគរបាលខេត្ត និងកម្លាំងកងរាជអាវុធហត្ថខេត្ត ដែលបានចូលរួមយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ក្នុងភូមិសាស្ត្រខេត្ត។

អំណោយផ្តល់ជូនកងកម្លាំងក្នុងមួយក្រុមទទួលបាន ថវិកា ១លានរៀល អង្ករ២០០០គីឡូក្រាម មី១២កេស ទឹកស៊ីអ៊ីវ៤០យួរ ទឹកត្រី៤០យួរ ត្រីខ២កេស ស្ករស២០គ.ក្រ ប៊ិចេង៦គី.ក្រ ខ្ទឹម១០គី.ក្រ។

សំណេះសំណាលឱកាសនោះ លោកអភិបាលខេត្ត សូមថ្លែងការអរគុណ និងកោតសរសើរចំពោះស្មារតីនៃការចូលរួមទាំងយប់ថ្ងៃរបស់កងកម្លាំងប្រដាប់អាវុធ ក្រុមគ្រូពេទ្យទាំងអស់ ក្នុងការចូលរួមយុទ្ធនាការ ចាក់វ៉ាក់សាំងជូនបងប្អូនប្រជាពលរដ្ឋក្នុងក្រុងសិរីសោភ័ណ និងបណ្តាក្រុង/ស្រុកមួយចំនួនទៀត។ នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១នេះ ជាដំណើរការចាក់ដូសទី២ ជូនដល់ប្រជាពលរដ្ឋក្នុងក្រុងសិរីសោភ័ណ តាមទីតាំងក្នុងសង្កាត់មួយចំនួន។

លោកអភិបាលខេត្ត អំពាវនាវដល់កងកម្លាំងគ្រូពេទ្យទាំងអស់ បាននិងកំពុងបំពេញបេសកកម្ម សូមចូលរួមធ្វើអនាម័យឲ្យបានគ្រប់ៗគ្នា ត្រូវចូលរួមអនុវត្តឲ្យបាន «៣ការពារ និង៣កុំ» តាមអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា។

លោកបានផ្ញើសារជូនពរដល់កងកម្លាំងទាំងអស់ ប្រកបដោយសុខភាពល្អ ជោគជ័យគ្រប់បេសកម្មការងារជូនជាតិ និងប្រជាជន ចៀសឆ្ងាយពីជំងឺកូវីដ១៩ទាំងអស់គ្នា៕