(តាកែវ)៖ អភិបាលរងខេត្តតាកែវលោក ម៉ឹង វុទ្ធី បានណែនាំដល់អាជ្ញាធមូលដ្ឋាន ត្រូវក្ដាប់ឲ្យបានចំពោះការចេញចូលរបស់បងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋាន ជាពិសេសបងប្អូនពលករវិលមកពីក្រៅប្រទេស សំដៅដើម្បីធ្វើយ៉ាងណាទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នងសហគមន៍។

ក្នុងឱកាសនាំយកទៀនវស្សា និងគ្រឿងឧបភោគ បរិភោគនិងបច្ច័យប្រគេនព្រះសង្ឈវត្តតារាសាគរ ស្ថិតឃុំជ័យជោគ ស្រុកបុរីជលសានៅព្រឹកថ្ងៃសុក្រ ទី៣០ ខែកក្ដដា ឆ្នាំ២០២១នេះ លោក ម៉ឹង វុទ្ធី អភិបាលរងខេត្តតាកែវ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយឃុំជ័យជោគ បានថ្លែងថា អាជ្ញាធមូលដ្ឋានត្រូវតែដឹងពីបងប្អូនប្រជាពលរដ្ឋ ដែលចំណាកស្រុក ជាពិសេសបងប្អូនប្រជាពលករ ដែលវិលមកពីក្រៅប្រទេស ត្រូវតែណែនាំពួកគាត់ ឲ្យធ្វើចត្តាឡីស័កបានត្រឹមត្រូវ ចៀសវាងពួកគាត់ធ្វើដំណើរពេញភូមិ នាំឲ្យមានបញ្ហាពេលពួកគាត់ផ្ទុកជំងឺកូវីដ១៩ ជាពិសេសអាជ្ញាធមូលដ្ឋាន ត្រូវណែនាំបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន កុំឲ្យមានការជួបជុំផឹកស៊ី ឬលេងល្បែងស៊ីសង ដែលបញ្ហានេះវានឹងនាំឲ្យមានការឆ្លងរីករាលដាលជំងឺកូវីដ១៩ ជាក់ជាពុំខាន។

នៅក្នុងឱកាសនោះលោក ម៉ឹង វុធី បានផ្ដាំផ្ញើឲ្យបងប្អូនប្រជាពលរដ្ឋត្រូវថែរក្សាសុខភាព និងរស់នៅទម្លាប់មានអនាម័យ លាងដៃនិងសាប៊ូ អាកុល និងត្រូវពាក់ម៉ាស់ឲ្យបាគ្រប់ៗគ្នាពេលចេញក្រៅផ្ទះ មិនត្រូវជួបជុំគ្នាច្រើន ជាពិសេសមិនត្រូវនាំគ្នាផឹកស៊ីដែលនាំឲ្យមានការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងសហគមន៍របស់ខ្លួន និយាយជារួម សូមបងប្អូនប្រជាពលរដ្ឋ ត្រូវអនុវត្តតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាល «៣ការពារ និង៣កុំ» ជានិច្ច៕