(កណ្តាល)៖ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល នារសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១នេះ បានដឹកនាំក្រុមការងារចុះជួបសំណេះសំណាល សាកសួរសុខទុក្ខ និងនាំយកអំណោយជូនអាជីវករនៅផ្សារតាខ្មៅចំនួន២២តូប ដែលរងគ្រោះដោយអគ្គិភ័យឆេះតូប កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ ស្ថិតនៅបរិវេណបណ្តោយ មាត់ស្ទឹងព្រែកត្នោត មុខផ្សារតាខ្មៅចាស់។

លោក គង់ សោភ័ណ្ឌ បានចូលរួមសោកស្តាយ ចំពោះឧបទ្ទវហេតុដែលកើតឡើងចំពោះបងប្អូនអាជីវករទាំងអស់គ្នា ដោយបណ្តាលឱ្យនទទួលរងគ្រោះ ធ្វើឲ្យខូចខាតទ្រព្យសម្បត្តិ មួយចំនួននេះ។

លោកអភិបាលខេត្តកណ្តាល ក៏បានផ្ដាំផ្ញើដល់ពលរដ្ឋទាំងអស់បន្តចូលរួមអនុវត្តន៍តាមវិធាន៣កុំ និង៣ការពារ ឲ្យបានល្អទាំងអស់គ្នាដើម្បីកាត់ផ្ដាច់ការចម្លង ជំងឺកូវីដ១៩ចេញឲ្យអស់ពីកម្ពុជា។

សូមបញ្ជាក់ថា អំណោយដែលបានចែកជូនដល់អាជីវករទាំង២២តូប ក្នុង០១តូបទទួលបានអង្ករ ២៥គីឡូក្រាម មី០២កេស ត្រីខកំប៉ុង០១យួរ ទឹកត្រី០១យួរ ម៉ាស០១ប្រអប់ ជែល០១ដប និងថវិកា ៤០០,០០០រៀល៕