(កំពង់ធំ)៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំង នៅរសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១នេះ បានបន្តនាំយកអំណោយជាថវិកា និងស្បៀងអាហារនានារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ជូនលោកយាយ លោកតា មានអាយុចាប់ពី ១០០ឆ្នាំឡើង ហើយស្ម័គ្រចិត្តចាក់វ៉ាក់សាំង នៅក្នុងខេត្តកំពង់ធំ។

លោកស្រី បានថ្លែងប្រាប់អ្នកសារព័ត៌មាននាពេលនោះថា មកដល់ពេលនេះមានលោកយាយ លោកតាអាយុ ១០០ឆ្នាំឡើង ហើយស្ម័គ្រចិត្តចាក់វ៉ាក់សាំងប្រមាណ ៣២នាក់ហើយ ដែលត្រូវបានលោកស្រីយកថវិកាទៅជូនរួចរាល់។

ក្នុងឱកាសនោះលោកស្រី ក៏បានបញ្ជាក់ពីផែនការចាក់វ៉ាក់សាំងកូវីដ១៩ ជូនកុមារ និងយុវវ័យដែលមានអាយុចាប់ពី ១២ឆ្នាំ ទៅ១៧ឆ្នាំផងដែរ។ លោកស្រី ឱ វណ្ណឌីន បានបញ្ជាក់ថា យុទ្ធនាការចាក់វ៉ាក់សាំងជូនកុមារ និងយុវវ័យ នឹងចាប់ផ្តើមនៅថ្ងៃទី០១ ខែសីហា ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ហើយការចាក់វ៉ាក់សាំងនេះ នឹងចាប់ផ្តើមក្នុងរាជធានីភ្នំពេញ បន្ទាប់មកនឹងបន្តទៅកាន់ខេត្តកណ្តាល ព្រះសីហនុ និងកោះកុង ក៏ដូចជាខេត្តបន្តបន្ទាប់ទៀត។

ពាក់ព័ន្ធការចាក់វ៉ាក់សាំងជូនកុមារ និងយុវវ័យនេះ លោកស្រី ឱ វណ្ណឌីន បានអំពាវនាវដល់ប្រជាពលរដ្ឋជាអាណាព្យាបាលឱ្យនាំកូនៗរបស់ខ្លួនទៅចាក់វ៉ាក់សាំងឱ្យបានគ្រប់គ្នា ដើម្បីបានកងការពារសុខភាពពីការយាយីជំងឺកូវីដ១៩។

លោកស្រីរដ្ឋលេខាធិការ ក៏បានបន្តលើកបង្ហាញពីហានិភ័យនៃការរីករាលដាលជំងឺកូវីដ១៩នៅក្នុងប្រទេសកម្ពុជាផងដែរ។ លោកស្រី បន្តអំពាវនាវដល់ប្រជាពលរដ្ឋដែលមិនទាន់ចាក់វ៉ាក់សាំងឱ្យទៅចាក់វ៉ាកសាំង ហើយទាំងអ្នកចាក់ហើយ និងមិនទាន់ចាក់ ត្រូវចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការការពារជំងឺកូវីដ១៩ «៣ការពារ និង៣កុំ»។

លោកស្រី បានលើកឡើងថា មិនត្រូវមើលស្រាលចំពោះស្ថានការណ៍នៃជំងឺកូវីដ១៩នាពេលបច្ចុប្បន្ននោះទេ ដែលអាចនាំឱ្យកម្ពុជារអិលធ្លាក់ទៅគ្រោះមហន្តរាយសុខភាពសាធារណៈ។ លោកស្រីរដ្ឋលេខាធិការរូបនេះ បានទទូចឱ្យពលរដ្ឋគ្រប់រូបរួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដើម្បីទប់ស្កាត់ការរីករាលដាលកាន់តែធ្ងន់ធ្ងរ៕