(កណ្តាល)៖ នៅថ្ងៃសុក្រ ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ លោក គីម រិទ្ធី សមាជិកយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល សមាជិកអចិន្រ្តៃយ៍យុវជនគណបក្សថ្នាក់កណ្តាល និងជាប្រធានផ្នែកទំនាក់ទំនង និងសហប្រតិបត្តិការជាតិ-អន្តរជាតិ បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ ផែនការសកម្មភាព និងជំនួយស្មារតី សម្រាប់ការអនុវត្តផែនការសកម្មភាព របស់យុវជនគណបក្សថ្នាក់កណ្ដាល ឆ្ពោះទៅកាន់ការបោះឆ្នោត ជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិ ទី៥ ឆ្នាំ ២០២២ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ សមាជិក និងក្រុមជំនួយការប្រមាណ ១០០នាក់ តាមរយៈប្រព័ន្ធបញ្ជូនរូបភាព និងសំឡេង ZOOM។

កិច្ចប្រជុំខាងលើរៀបចំឡើង ដើម្បីជំរុញការយល់ដឹង និងលើកទឹកចិត្តដល់ សមាជិក សមាជិកាជាយុវជនគណបក្ស ដើម្បីអនុវត្តនូវសកម្មភាពយ៉ាងសកម្ម គាំទ្រដល់ផែនការយុទ្ធសាស្ត្រ និងគោលនយោបាយ គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។

ជាងនេះទៅទៀត ប្រធានក្រុមនីមួយៗ ក៏បានរាយកាណ៍ជូនប្រធានផ្នែកអំពីផែនការសកម្មភាព និងផ្ដល់ជាមតិយោបល់ជូនដល់អង្គប្រជុំទាំងមូល។ លោកប្រធាន ក៏បានផ្ដល់ឱកាសឲ្យសមាជិក-សមាជិកាក្នុងការបញ្ចេញមតិ និងអាចមានជាសំណួរមកកាន់អង្គប្រជុំទាំងមូល និងជំរុញលើកទឹកចិត្តដល់សមាជិកសមាជិកាបក្សទាំងអស់ ត្រូវថែរក្សាឲ្យបានដាច់ខាត នូវរាល់សមិទ្ធិផលដែលសម្រេចបាន ដោយគណបក្សប្រជាជនកម្ពុជា ក្នុងការកសាងប្រទេស និងដែលមានការចូលរួមយ៉ាងសកម្មរបស់យុវជនគណបក្សគ្រប់ជំនាន់ និងបន្តពង្រឹង ពង្រីកសមិទ្ធិផលថ្មីៗ ឱ្យកាន់តែប្រសើរឡើង។

លោកប្រធាន ក៏បានលើកយកនូវមតិផ្តាំផ្ញើ មួយចំនួនសំណាក់លោក ហ៊ុន ម៉ាណែត ប្រធានយុវជនគណបក្សថ្នាក់កណ្ដាល ដែលស្នើសុំដល់សមាជិក បន្តបង្កើនការអនុវត្តការងារតាមរយៈការដាក់ចេញនូវទិសដៅ នានាសម្រេចឲ្យ បានជោគជ័យសម្រាប់ការបោះឆ្នោត ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ក្នុងន័យសម្រេចឲ្យបាននូវពាក្យស្លោក «រក្សា ចាស់ បង្កើន ថ្មី» និង «យុវជនគណបក្ស ០១រូប គឺជាសំឡេងឆ្នោតគាំទ្រគណបក្ស ០១ សន្លឹក»។

កិច្ចប្រជុំបានបញ្ចប់ទៅដោយក្នុងបរិយាកាសរីករាយ និងប្រកបដោយស្មារតីសាមគ្គីភាពយ៉ាងរឹងមាំ។ ទន្ទឹមនោះ ប្រធានអង្គប្រជុំ បានក្រើនរំលឹកអំពីវិធានការការពារសុខភាព សូមយុវជនទាំងអស់ចូលរួមអនុវត្តប្រកបដោយប្រសិទ្ធភាព ខ្ពស់នូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា គឺ «៣កុំ និង៣ការពារ» ដើម្បីចៀសផុត និងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩៕