(ភ្នំពេញ)៖ បច្ចុប្បន្នប្រជាជនខ្មែរទូទាំងនគរ បានដឹង បានយល់ បានស្គាល់ច្បាស់ វីរបុរសស្នេហាជាតិ មហាសេនាបតីតេជោ ដែលបានរំដោះជាតិពីរបបប្រល័យពូជសាសន៍ រួចផុតពីសេចក្តីលំបាកបាតដៃទទេ ថែរក្សាសេចក្តីសុខសន្តិភាពជូនជាតិ កសាងវឌ្ឍនភាពជាតិ រួមសុខទុក្ខជាមួយប្រជាជនគ្រប់កាលៈទេសៈ និងដោះស្រាយទុក្ខកង្វល់ជូនពលរដ្ឋជាប់ជានិច្ច។

ឆ្លងកាត់វិញ្ញាសាកូវីដ-១៩ ប្រជាជនខ្មែរឃើញរឹតតែច្បាស់ នូវវីរភាព និងគតិបណ្ឌិតរបស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាបានយ៉ាងប៉ិនប្រសប់ ចាត់វិធានការទប់ទល់ការរីកសាយភាយនៃរោគរាតត្បាតសកល បង្ការការចម្លងរោគនិងបង្កើតភាពសាំក្នុងសង្គម ដោះស្រាយសេដ្ឋកិច្ចក្នុងស្រុក និងទប់ទល់ផលប៉ះពាល់ពីវិបត្តិសេដ្ឋកិច្ចសកល។

ទន្ទឹមនឹងការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋពេញវ័យ ដែលបច្ចុប្បន្ននេះសម្រេចបានជាង ៧លាននាក់ហើយនោះ តាមរយៈការបន្តគិតគូរ ឈឺឆ្អាលរបស់ប្រមុខដឹកនាំជាតិ ចាប់ពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២១ កុមារអាយុចាប់ពី១២ឆ្នាំ ដល់១៧ឆ្នាំ នឹងទទួលបានវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ផងដែរ។ វិធានការនេះ ផ្តល់ជាក្តីសង្ឃឹមអាចឱ្យកុមារទាំងនេះ នឹងឆាប់បានចូលទៅកាន់សាលារៀនវិញ ក្រោយពីរៀនសូត្រពីចម្ងាយតាមប្រព័ន្ធបច្ចេកវិទ្យា អស់មួយរយៈកន្លងមក។

នៅលើឆាកអន្តរជាតិវិញ តេជោសតវត្សទី២១នៃកម្ពុជា បានពង្រឹង និងពង្រីក ចំណងមិត្តភាព សាមគ្គីភាពជាមួយ ប្រទេសនានានៅលើពិភពលោកជាលំដាប់។ មហាមិត្តចិនបានរាប់អានកម្ពុជាជាមិត្តដែកថែប និងជួយជ្រោមជ្រែងកម្ពុជាយ៉ាងសកម្មនៅក្នុងគ្រាលំបាកនេះ លើវិស័យជាច្រើន មានជាអាទិ៍ វិស័យសុខាភិបាល តាមរយៈការផ្គត់ផ្គង់វ៉ាក់សាំងប្រឆាំងមេរោគកូវីដ-១៩ ជាដើម។ រីឯមិត្តភក្តិជាច្រើនទៀតរបស់កម្ពុជា ក៏បានចូលរួមជួយយ៉ាងសស្រាក់សស្រាំផងដែរ ដែលបច្ចុប្បន្ន ជំនួយវ៉ាក់សាំងបានមកដល់ជាបន្តបន្ទាប់ពីកល្យាណមិត្តជប៉ុន ពីសហរដ្ឋអាមេរិក និងពីចក្រភពអង់គ្លេស។

ជាមួយគ្នានេះ នយោបាយការទូតដ៏ត្រឹមត្រូវ និងប្រកបដោយទេពកោសល្យរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ទទួលបាននូវការស្វាគមន៍ និងការទទួលស្គាល់ពីមិត្តបរទេសជាបន្តបន្ទាប់។ ថ្មីៗនេះផងដែរ សហព័ន្ធរុស្ស៊ី បានប្រគល់ជូននូវគ្រឿងឥស្សរិយយសថ្នាក់ “មិត្តភាព” (Order of Friendship) ជូនដល់សម្តេចតេជោនៃកម្ពុជា ជានិមិត្តរូបនៃការទទួលស្គាល់ ការសាទរ និងការផ្តល់កិត្តិយស ចំពោះនយោបាយសន្តិភាពនិយម និងមិត្តភាពនិយម របស់ថ្នាក់ដឹកនាំជាតិយើង។

ប្រជាជនគ្រប់រូបរំភើបរីករាយ និងកាន់តែមានទឹកចិត្តគោរពស្រឡាញ់ ជឿជាក់ ទុកចិត្ត និងគាំទ្រឥតងាករេ ចំពោះនាយករដ្ឋមន្ត្រីស្នេហាជាតិរបស់ខ្លួន។ ទន្ទឹមនឹងនេះ ប្រជាជនទាំងអស់គ្នាលែងចាប់អារម្មណ៍ ហើយកាន់តែធុញទ្រាន់ ចំពោះបុគ្គលមេឧបឃាត ចោរពានវាំងជាប់អំបូរក្បត់ជាតិ ដែលចិញ្ចឹមចិត្តចង់តែបំផ្លាញជាតិ បំផ្លាញភាពសុខសាន្តរបស់ប្រជាជន ប្រមាថដ៏ធ្ងន់ធ្ងរចំពោះអង្គព្រះមហាក្សត្រជាទីសក្ការៈនៃជាតិខ្មែរ និងប៉ុនប៉ងបញ្ឆេះភ្លើងសង្គ្រាមទាំងក្នុងស្រុក និងជាមួយបរទេស។ ចំណែកឯអ្នកមួយចំនួនតូចដែលកន្លងមកធ្លាប់គាំទ្រ និងដើរតាមជននេះ ក៏កាន់តែដឹងច្បាស់លាស់នូវអ្វីល្អអ្វីអាក្រក់ ហើយឈប់សេពគប់ជាមួយជនបរាជ័យ (Loser) នេះ ទាំងអតីតក្បាលម៉ាស៊ីនដឹកនាំនយោបាយដែលបានស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញជាបន្តបន្ទាប់ និងទាំងសមាជិកនៅថ្នាក់មូលដ្ឋានដែលបានសម្រេចចិត្ត មកចូលរួមកសាងជាតិមាតុភូមិជាមួយរាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជាវិញ ស្ទើរតែគ្មាននៅសេសសល់។

ការពិតពីមាតុភូមិ, ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១