(ភ្នំពេញ)៖ ថ្នាក់ដឹកនាំ នៃសមាគមមិត្តភាព កម្ពុជា-ចិន បានចូលរួមកិច្ចប្រជុំពិសេស នៃថ្នាក់ដឹកនាំនៃអង្គការ/ សមាគមមិត្តភាពប្រជាជន និងប្រជាជនអាស៊ាន-ចិន ស្តីពី «ធ្វើការងារដោយសាមគ្គីភាព ដើម្បីប្រយុទ្ធប្រឆាំងជំងឺដែលរាតត្បាត លើកកម្ពស់ការស្តារសេដ្ឋកិច្ច និងការពារសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ នៃតំបន់ និងសកលលោក» និងសិក្ខាសាលាតាមអ៊ុនធើណិត លើប្រធានបទចំនួនពីរ ដែលបានប្រព្រឹត្តទៅនាថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ តាមរយៈប្រព័ន្ធអនឡាញ នៅទីស្នាក់ការកណ្តាល នៃសមាគមមិត្តភាព កម្ពុជា-ចិន ។

កម្មវិធីខាងលើនេះ ធ្វើឡើងក្នុងគោលបំណង ១៖ ដើម្បីរំលឹកខួប ៣០ឆ្នាំ នៃទំនាក់ទំនងសន្ទនា អាស៊ាន-ចិន, ២៖ ដើម្បីអបអរសាទរនៃកិច្ចប្រជុំរវាងអង្គការមិត្តភាពចិន និងអាស៊ាន, ៣៖ ដើម្បីស្វែងរកមធ្យោបាយលើកកម្ពស់ការស្តារសេដ្ឋកិច្ច និងវិបុលភាពនៃតំបន់ក្រោយជំងឺរាតត្បាត (post-pandemic) ក្នុងកម្រិតប្រជាជន និងប្រជាជន
និង ៤៖ ដើម្បីពិភាក្សាអំពីតួនាទីសកម្ម នៃឱសថបុរាណនៅក្នុងការឆ្លើយតប ការឆ្លងរាលដាលជំងឺកូវីដ-១៩។

កិច្ចប្រជុំនេះ ចែកជាពីរផ្នែក៖

ទី១៖ កិច្ចប្រជុំពិសេស នៃថ្នាក់ដឹកនាំអង្គការ/ សមាគមមិត្តភាពប្រជាជន និងប្រជាជន អាស៊ាន-ចិន តាមរយៈប្រព័ន្ធអនឡាញ ដើម្បីពិនិត្យមើលឡើងវិញ នូវសមិទ្ធិផល នៃទំនាក់ទំនងសន្ទនា អាស៊ាន-ចិនក្នុងរយៈពេល ៣០ឆ្នាំ និងដើម្បីរកមធ្យោបាយលើកកម្ពស់ការស្តារសេដ្ឋកិច្ច និងវិបុលភាពនៃតំបន់ក្រោយជំងឺរាតត្បាត (post-pandemic) ក្នុងកម្រិតប្រជាជន និងប្រជាជន។

លោកស្រី Gu Xiulian ប្រធានសមាគម ចិន-អាស៊ាន បានដាក់ចេញនូវសំណើចំនួន៤ចំណុច ស្តីពីការអភិវឌ្ឍអនាគត នៃមិត្តភាពប្រជាជន អាស៊ាន-ចិន ជាពិសេសតម្រូវឲ្យយើងសិក្សា និងអនុវត្តដោយយកចិត្តទុកដាក់ ដើម្បីរួមគ្នាជំរុញការអភិវឌ្ឍមិត្តភាពរ វាងប្រជាជនអាស៊ាន និងប្រជាជនចិន ក្នុងយុគសម័យថ្មី។

ថ្នាក់ដឹកនាំនៃអង្គការ/សមាគមមិត្តភាពប្រជាជន និងប្រជាជន អាស៊ាន-ចិន បានទទួលស្គាល់៖

(១)៖ សមិទ្ធិផល ៣០ឆ្នាំ នៃទំនាក់ទំនងកិច្ចសន្ទនាអាស៊ាន-ចិន តែងតែដើររួមគ្នាដើម្បីធ្វើការពង្រឹងមិត្តភាព និងសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក ក្នុងវិស័យផ្សេងៗ ដោយខិតខំប្រឹងប្រែងឥតឈប់ឈរ ក្នុងការថែរក្សាសន្តិភាព ស្ថិរភាពក្នុងតំបន់ និងជំរុញការអភិវឌ្ឍរួម ពិសេសក្នុងការប្រយុទ្ធប្រឆាំង នឹងជំងឺរាតត្បាតកូវីដ-១៩

(២)៖ បានអនុម័តសេចក្តីថ្លែងការណ៍រួម ស្តីពីការធ្វើការងារនៅក្នុងសាមគ្គីភាព និងការប្រឆាំងនឹងនយោបាយនីយកម្ម នៃជំងឺរាតត្បាតកូវីដ-១៩

និង(៣)៖ សម្លឹងឆ្ពោះទៅមុខដោយយកចិត្តទុកដាក់ ចំពោះមិត្តភាពជាប្រពៃណី និងពង្រឹងការផ្លាស់ប្តូរ និងសហប្រតិបត្តិការជាមួយគ្នា ដើម្បីលើកកម្ពស់ការកសាង គំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ លើកកំពស់មិត្តភាព និងការយល់ដឹង រវាងប្រជាជន និងប្រជាជន និងបង្កើតជំពូកថ្មីនៃមិត្តភាពប្រជាជន អាស៊ាន-ចិន ក្នុងការកសាងសហគមន៍ ជាមួយនឹងអនាគតរួមគ្នាសម្រាប់មនុស្សជាតិ។

ក្នុងឱកាសនេះ លោក ឯក សំអុល ប្រធានសមាគមមិត្តភាព កម្ពុជា-ចិន បានថ្លែងសុន្ទរកថា គន្លឹះបញ្ជាក់អំពីសមិទ្ធិផលធំៗ នៃទំនាក់ទំនងកិច្ចសន្ទនា អាស៊ាន-ចិន ការទទួលខុសត្រូវ និងភាពបន្ទាន់ ដើម្បីពង្រឹងពហុភាគីនិយម សាមគ្គីភាព អាស៊ាន-ចិន ហើយប្រឆាំងដាច់ខាតទស្សនៈឯកតោភាគីនិយម ការរើសអើងអាស៊ី និងរើសអើងចិន។

ទី២៖ សិក្ខាសាលាតាមអ៊ីនធើណិត នៃប្រធានបទពីរ៖

(១)៖ សហប្រតិបត្តិការសេដ្ឋកិច្ច អាស៊ាន-ចិន នៅក្នុងយុគក្រោយ កូវីដ-១៩ និងការចូលរួមនៃអង្គការមិត្តភាពប្រជាជន និងប្រជាជន និងពាណិជ្ជកម្ម តាមប្រព័ន្ធ អេឡិចត្រូនិចឆ្លងព្រំដែន (cross-border e-commerce) និងវិស័យពាណិជ្ជកម្មអន្តរជាតិកម្រិតខ្ពស់ នៃពាណិជ្ជកម្ម និងវិនិយោគ អាស៊ាន-ចិន ដើម្បីថែរក្សា ខ្សែចង្វាក់ផ្គត់ផ្គង់ក្នុងតំបន់៖ (១) លើកកម្ពស់សហប្រតិបត្តិការ និងនវានុវត្តថ្មី (២) វិស័យឯកជន សហគ្រិនបរិយាកាសថ្មីកាន់តែប្រសើរ។ Yiwu ជាទីក្រុងពាណិជ្ជកម្មអន្តរជាតិ។ ដៃគូពាណិជ្ជកម្ម ជាមួយប្រទេសអាស៊ានគឺ ម៉ាឡេស៊ី ថៃឡង់ដ៍ និងវៀតណាម។

(២)៖ តួនាទីឱសថបុរាណនៅក្នុងការបង្ការ និងព្យាបាលជំងឺរាតត្បាតកូវីដ-១៩ សិក្ខាសាលាបានវាយតម្លៃថា ឱសថបុរាណចិនមានតួនាទី ចំណែកក្នុងការព្យាបាលជំងឺកូវីដ-១៩ ទន្ទឹមគ្នានឹងឱសថទំនើបដ៏មានប្រសិទ្ធិភាព៕