(ស្វាយរៀង)៖ ប្រជាពលរដ្ឋចិញ្ចឹមសត្វគោ និងសត្វក្របី មានការព្រួយបារម្ភខណៈដែលមានជំងឺដុំពកលើស្បែកដោយ មិនដឹងថាឆ្លងរោគនេះមកពីណាទេ ដោយនៅក្នុងភូមិកំពោធទូក ឃុំព្រៃតាអី ស្រុកស្វាយទាប ខេត្តស្វាយរៀង។
ប្រជាពលរដ្ឋបន្តថាគោនឹងក្របីពួកគាត់ប្រលែងទៅអោយស៊ីស្មៅនៅតាមវាលស្រែ នឹងមានហ្វូងគោហ្វូងក្របីជាច្រើនក្បាលដើរស៊ីស្មៅជុំគ្នា ហើយពេលល្ងាចបែកហ្វូងដេញចូលក្រោលជាធម្មតារៀងខ្លួន។
ពាក់ព័ន្ធទៅនឹងជំងឺដុំពកលើសត្វគោ ក្របី របស់ប្រជាពលរដ្ឋនេះដែរលោក ប៉ែន ចន្ធី ប្រធានការិយាល័យបសុពេទ្យ នៃមន្ទីរកសិកម្មខេត្តស្វាយរៀង បានឱ្យដឹងថា មានសត្វគោ សត្វក្របី កើតជំងឺដុំពកលើស្បែកសត្វគោ នៅភូមិកំពោធទូក ភូមិព្រៃតាអី ឃុំព្រៃតាអី និងឃុំស្វាយតាយាន ស្រុកស្វាយទាប ភូមិព្រះទន្លេ ភូមិសង្ឃ័រ ក្រុងស្វាយរៀងភូមិរបោះព្រីង ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង សរុបប្រមាណ ១០ក្បាល។
លោក ប៉ែន ចន្ធី បានបន្តថា មូលហេតុមានជំងឹដុំពកលើស្បែកសត្វគោ និងសត្វក្របីនេះ ដោយសារប្រជាពលរដ្ឋ ទិញគោតាមប្រព័ន្ធផ្សព្វផ្សាយអនឡាញ និងទិញមកពីបណ្ដាលខេត្តខាងលិចៗ ដូចជាខេត្តព្រៃវែង ខេត្តកណ្ដាល និងខ្លះទៀតទិញមកពីប្រទេសវៀតណាម ដែលជាពូជគោកូនកាត់។ ក្នុងចំណោមដែលសត្វឈឺចំនួន ១០ក្បាលនោះ មន្រ្តីបសុពេទ្យរបស់លោកបានចុះពិនិត្យព្យាបាលឱ្យជា ចំនួន៥ក្បាលហើយ នៅសល់កំពុងព្យាបាលចំនួន៤ក្បាលទៀត និងងាប់កូនគោ ១ក្បាល។
លោកបន្ថែមទៀតថា ជំងឺដុំពកលើស្បែកសត្វគោ សត្វក្របីនេះ បើកើតលើគោសាច់ ឬមេគោងាយព្យាបាលបន្តិច ប្រើរយៈពេល៣ថ្ងៃ ទៅ៥ថ្ងៃនឹងអាចព្យាបាលឱ្យជា តែចំពោះគោផើម និងកូនគោពិបាកព្យាបាល ដោយពុំទាន់មានវ៉ាក់សាំងចាក់បង្កជំងឺនេះទេ៕