(ភ្នំពេញ)៖ នាយទាហានមួកខៀវកម្ពុជាមួយរូប បានរងរបួសធ្ងន់ ក្នុងករណីករណីផ្ទុះគ្រាប់មីន ប្រភេទមីនថ្មើរជើង AP N04 (ផលិតនៅប្រទេសអ៉ីស្រាអ៊ែល) នៅចម្ការមីនលេខ LB1006 ស្ថិតក្នុងភូមិ Meliss el Jabel ស្រក Marjayoun ជាប់ព្រំប្រទល់ប្រទេសលីបង់ និងអ៉ីស្រាអ៊ែល នាវេលាម៉ោង៧ព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១។ នេះជាលើកដំបូងហើយដែលកម្លាំងដោះមីនកម្ពុជារងការផ្ទុះមីនក្នុងរយៈពេល១៦ឆ្នាំ នៃការបំពេញបេសកកម្មរក្សាសន្តិភាពរបស់ អ.ស.ប កន្លងមក។

តាមរបាយការណ៍របស់ មជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព និងកាកសំណល់សង្រ្គាម ដែលបណ្តាញព័ត៌មាន Fresh News ទទួលបានបញ្ជាក់ឱ្យដឹងថា នាយទាហានដែលរងគ្រោះនេះ គឺលោកអនុសេនីយ៍ទោ អ៊ុត សិលា អត្តលេខ ២០០ ៩៩៥ កើតនៅថ្ងៃទី១១ ខែមេសា ឆ្នាំ១៩៨៥ នៅអង្គភាពមជ្ឈមណ្ឌលជាតិគ្រប់គ្រង កងកម្លាំងរក្សាសន្តិភាព បោសសំអាតមីន និងកាក សំណល់សង្គ្រាម ដែលមានទីលំនៅបច្ចុប្បន្ន នៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

មីនដែលផ្ទុះនៅថ្ងៃនេះ ត្រូវបានរកឃើញកាលពីថ្ងៃទី២៩ ខែកក្កដា ដោយបានរៀបចំទុកដាក់តាមនីតិវិធីត្រឹមត្រូវ លុះព្រឹកឡើងពេលកងកម្លាំងទៅដល់បានពិនិត្យឃើញថា មានភាពមិនប្រក្រតី មានស្នាមមនុស្សឆ្លងកាត់ ហើយបាត់គ្រាប់មីន ១គ្រាប់ ដែលបានរក្សាទុកនៅទីតាំងចាស់ ពេលឃើញស្នាមដីជីកកប់ថ្មីក៏ដំណើរការរុករក ភ្លាមនោះមីនក៏ផ្ទុះឡើងតែម្ដង។

តាមការត្រួតពិនិត្យរបស់ក្រុមបច្ចេកទេសឃើញថា ជនប្រដាប់អាវុធមិនស្គាល់អត្តសញ្ញាណយកមិនទៅធ្វើ ការកែច្នៃរួចហើយបានកប់នៅកន្លែងកើតហេតុ ទើបបង្កផ្ទុះរបៀបនេះ។

នេះជាលើកដំបូងហើយ ដែលកម្លាំងដោះមីនកម្ពុជារងការផ្ទុះមីនក្នុងរយៈពេល១៦ឆ្នាំ នៃការបំពេញបេសកកម្ម រក្សាសន្តិភាពរបស់ អ.ស.ប កន្លងមក ។ ឧប្បត្តិហេតុខាងលើ បានបណ្តាលឱ្យនាយទាហានខាងលើ រងរបួសភ្នែកទាំងសងខាង, លើផ្ទៃមុខទាំងមូល, បាក់ដៃស្តាំ, ដាច់ម្រាមដៃខាងស្តាំ, ជើងស្តាំរងរបួសដោយអំបែងគ្រាប់ និងបាក់ ជើងឆ្វេង ។

នាយទាហានខាងលើ ត្រូវបានបញ្ជូនតាមឧទ្ធម្ភាគចក្រទៅព្យាបាលនៅមន្ទីរពេទ្យកម្រិត៤ ក្នុងរដ្ឋធានីបេរ៉ូត នៃប្រទេសលីបង់ នៅវេលាម៉ោង៩៖២០នាទីព្រឹក ត្រូវនឹងម៉ោង ១៣:២០នាទី ម៉ោងនៅភ្នំពេញ។

ពេលនេះអង្គភាពរបស់ជនរងគ្រោះ ក៏កំពុងតែស្នើសុំគោលការណ៍ដំឡើងឋានន្តរសក្តិពីថ្នាក់អនុសេនីយ៍ទោ ទៅថ្នាក់វរសេនីយ៍ត្រី ជូននាយទាហានខាងលើផងដែរ៕