(ភ្នំពេញ)៖ បេសកកម្មរយៈពេល២ថ្ងៃពេញរបស់លោកស្រី ឱ វណ្ណឌីន នៅថ្ងៃទី២៩-៣០ ខែកក្កដា ឆ្នាំ២០២១នេះ នាខេត្តជុំវិញបឹងទន្លេសាប បានបញ្ចប់ដោយជោគជ័យ បើទោះបីត្រូវធ្វើដំណើររយៈពេលយូរ ឆ្លងកាត់ផ្លូវលំបាក ឡើងភ្នំក៏ដោយចុះ ធ្វើយ៉ាងណាត្រូវតែយកអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន ផ្ដល់ជូនឲ្យដល់ដៃអ្នកដែលត្រូវទទួលបានអំណោយ។

លោកតា លោកយាយអាយុចាប់ពី១០០ឆ្នាំឡើង នៅខេត្តកំពង់ឆ្នាំង, ពោធិ៍សាត់, សៀមរាប, ព្រះវិហារ និងកំពង់ធំ ព្រមទាំងអ្នកទី៧លាន ដែលបានស្ម័គ្រចិត្តចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ទទួលបានអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា រួចរាល់ហើយតាមរយៈលោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ក្របខ័ណ្ឌទូទាំងប្រទេស។

លោកតា លោកយាយ និងអ្នកទី៧លាន ដែលទទួលបានអំណោយរបស់សម្ដេចតេជោនាយករដ្ឋមន្ដ្រីនោះរួមមាន៖

* ទី១៖ លោកតា អាត់ អ៊ុន អាយុ១០០ឆ្នាំ រស់នៅភូមិក្រាំងដូង ឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង
* ទី២៖ លោកយាយ សឿ ស៊ន អាយុ១១៣ឆ្នាំ ដែលមានទីលំនៅភូមិដំណាក់ធ្នង់ ឃុំខ្នារទទឹង ស្រុកបាកាន
* ទី៣៖ លោកយាយ ចាន់ ឃីម អាយុ៦៧ឆ្នាំ រស់នៅភូមិកន្ត្រក សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប (អ្នកទី៧លាននៃការចាក់វ៉ាក់សាំង)
* ទី៤៖ លោកយាយ អាយុ១០២ឆ្នាំ រស់នៅភូមិអរក្រៅ សង្កាត់គោចក ក្រុងសៀមរាប
* ទី៥៖ លោកយាយ ថោង ក្រឹម អាយុ១០៣ឆ្នាំ រស់នៅភូមិស្រអែមខាងលើ ឃុំស្រអែម ស្រុកជាំក្សាន្ដ ខេត្តព្រះវិហារ
* ទី៦៖ លោកតា គង់ ចាន់ អាយុ១០០ឆ្នាំ រស់នៅភូមិបុស្សស្បូវ ឃុំស្រអែម ស្រុកជាំក្សាន្ដ ខេត្តព្រះវិហារ
* ទី៧៖ លោកតា ចាន់ គល់ អាយុ១០២ឆ្នាំ រស់នៅភូមិតាប្រុក ឃុំឈូកខ្សាច់ ស្រុកបារាយណ៍ ខេត្តកំពង់ធំ
* ទី៨៖ លោកតា កាន់ ចាន់ អាយុ១០១ឆ្នាំ រស់នៅភូមិខ្សាច់ល្អិត ឃុំចុងដូង ស្រុកបារាយណ៍ ខេត្ដកំពង់ធំ
* ទី៩៖ លោកយាយ គង់ អ៊ូច អាយុ១០១ឆ្នាំ រស់នៅឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

ថ្លែងក្នុងឱកាសនោះ លោកស្រី ឱ វណ្ណឌីន បាននាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ជូនលោកតា លោកយាយ ព្រមទាំងបានជម្រាបសាកសួរអំពីស្ថានភាពសុខភាពរបស់លោកតា និងលោកយាយ ក្រោយទទួលបានការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ផងដែរ។

លោកតា លោកយាយ បានថ្លែងប្រាប់លោកស្រី ឱ វណ្ណឌីន អំពីស្ថានភាពជាក់ស្ដែងរបស់ពួកគាត់ក្រោយពីការចាក់វ៉ាក់សាំងនេះ ដោយបានអះអាងថា មិនមានអ្វីប្រែប្រួលនោះទេ គឺសុខភាពល្អធម្មតាទាំងអស់ ប៉ុន្ដែហាក់ដូចល្អជាងមុនថែមទៀតផង ទាំងការហូបចុក និងការសម្រាកពេលរាត្រីជាដើម ដោយមានភាពលក់ស្កប់ស្កល់ដូចសព្វមួយដង។

លោកតា លោកយាយ នៅពេលទទួលបានអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន បានបង្ហាញនូវក្ដីរំភើបសប្បាយរីករាយ ព្រោះថាពួកគាត់បានថ្នាំដើម្បីការពារសុខភាពហើយ ថែមទាំងបានទទួលរង្វាន់ថែមទៀតផង។ ពួកគាត់ម្នាក់ក៏បានបង្ហាញនូវក្ដីស្រលាញ់ ដែលមានចំពោះសម្ដេចតេជោនាយករដ្ឋមន្ដ្រីផងដែរ ដោយពួកគាត់ខ្លះក៏បានប្រកាសពីការចង់ជួបសម្ដេចផ្ទាល់ក៏មាន។

ពួកគាត់ក៏បានលើកឡើងទៀតថា ចង់ឃើញសម្ដេចតេជោ ហ៊ុន សែន បន្ដដឹកនាំប្រទេសកម្ពុជាជារៀងរហូត ព្រោះសម្ដេចបានរំដោះពួកគាត់ចេញពីភ្លើងសង្គ្រាម រហូតធ្វើឲ្យប្រទេសជាតិ មានសុខសន្ដិភាពពេញលេញ និងមានឡានម៉ូតូរត់ខ្វាត់ខ្វែងពេញផ្លូវ ដែលហាក់ផ្ទុយស្រឡះពីអតីតកាលដែលពួកគាត់រស់ក្នុងភាពភ័យខ្លាច។

ជាមួយគ្នានេះ លោកស្រី ឱ វណ្ណឌីន ក៏បានរៀបរាប់អំពីសារៈប្រយោជន៍នៃការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩នេះ ជូនដល់លោកតា លោកយាយ និងបានផ្ញើសារដ៏សំខាន់មួយនេះជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលមិនទាន់បានទទួលវ៉ាក់សាំងនេះ ត្រូវរួសរាន់ទៅទទួលតាមការកំណត់របស់អាជ្ញាធរមូលដ្ឋាន។

ក្រៅពីការយកចិត្តទុកដាក់ចាក់ជូនមនុស្សពេញកម្លាំង រាជរដ្ឋាភិបាលកម្ពុជា ក៏ចាត់ទុកថា ជនដែលមានវ័យចាស់ និងចាស់ជរា ជាអ្នកដែលមានអាទិភាពដូចគ្នានេះដែរ ព្រោះពួកគាត់មានសុខភាព និងកម្លាំងមិនសូវមាំមួនដូចមនុស្សពេញនោះទេ ដូច្នេះហើយប្រសិនបើជំងឺកូវីដ១៩នេះវៃលុកទៅលើពួកគាត់ ម្ល៉េះអាចលំបាកជាងមនុស្សពេញកម្លាំង។

លោកស្រី ឱ វណ្ណឌីន ក៏បានជម្រាបជូនអំពីអ្វីដែលរាជរដ្ឋាភិបាលកម្ពុជា កំពុងគិតគូរលើការចាក់វ៉ាក់សាំងជូនកុមារ និងយុវវ័យ ដែលមានអាយុពី១២ឆ្នាំ ដល់១៧ឆ្នាំផងដែរ ដែលសម្ដេចតេជោ ហ៊ុន សែន នឹងបើកយុទ្ធនាការនេះនៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១ខាងមុខនេះ។

យ៉ាងណាមិញ ក្នុងឱកាសនោះ លោកស្រី ឱ វណ្ណឌីន ក៏បានថ្លែងនូវសារអំពាវនាវ និងណែនាំមួយចំនួនដល់ប្រជាពលរដ្ឋដើម្បីបន្ដចូលរួមបង្ការ និងទប់ស្កាត់ជំងឺកូវីដ១៩ ដែលកំពុងរីករាលដាលនាពេលបច្ចុប្បន្ននេះ។ វីរុសបំប្លែងថ្មីប្រភេទ Delta កំពុងបង្កជាក្ដីព្រួយបារម្ភយ៉ាងខ្លាំងដល់រាជរដ្ឋាភិបាលកម្ពុជា ដែលទាមទារឲ្យប្រជាពលរដ្ឋចូលរួមគោរព និងអនុវត្តតាម។

មន្ដ្រីជំនាញសុខាភិបាលរូបនេះ បានគូសបញ្ជាក់ជាចំណុចសំខាន់ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន បានដាក់ចេញវិធានការជាបន្ដបន្ទាប់ មានទាំងការបិទខ្ទប់ និងការដាក់ចេញនូវបំរាមគោចរ ព្រមទាំងវិធានការផ្សព្វផ្សាយអប់រំ ប៉ុន្ដែវិធានការទាំងអស់នេះ ត្រូវទាមទារឲ្យមានការចូលរួមពីប្រជាពលរដ្ឋជាចាំបាច់បំផុត៕