(ព្រះវិហារ)៖ លោកយាយ ថោង ក្រឹម អាយុ១០៣ឆ្នាំ រស់នៅភូមិស្រអែមខាងលើ ឃុំស្រអែម ស្រុកជាំក្សាន្ដ ខេត្តព្រះវិហារ ដែលបានស្ម័គ្រចិត្តចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ១៩ ទទួលអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា តាមរយៈលោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ក្របខ័ណ្ឌទូទាំងប្រទេស។

លោកយាយ ថោង ក្រឹម បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្ដេចតេជោ ហ៊ុន សែន ដែលបានផ្ដល់អំណោយជាថវិកា និងគ្រឿងឧបភោគបរិភោគដល់លោកយាយ។

ដោយសារតែចិត្តស្រលាញ់សម្ដេចតេជោ ហ៊ុន សែន, លោកយាយដែលមានអាយុ១០៣ឆ្នាំ បានថ្លែងថា លោកយាយពិតជាចង់ជួបសម្ដេចតេជោ ហ៊ុន សែន ផ្ទាល់ខ្លាំងណាស់ ទាន់លោកយាយនៅមានជីវិតរស់ ព្រោះការចង់ជួបសម្ដេចផ្ទាល់ គឺជាបំណងប្រាថ្នាមួយរបស់លោកយាយយូរណាស់មកហើយ។

សំឡេងរៀងរដឺនលោកយាយ ថោង ក្រឹម បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំចង់ជួបសម្ដេច ហ៊ុន សែន ចង់ឃើញច្បាស់ទាន់ខ្ញុំនៅ ចង់ឃើញនោះឯង។ ដោយសារតែស្រលាញ់ខ្លាំងណាស់បានចង់ជួប ទាន់ខ្ញុំនៅនេះ»

ជាមួយគ្នានេះ លោកយាយ ថោង ក្រឹម ក៏បានបញ្ជាក់អំពីស្ថានភាពសុខភាពរបស់លោកយាយផងដែរ ក្រោយចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ គឺនៅល្អធម្មតាមិនមានអ្វីប្រែប្រួលនោះទេ។

លោកយាយ ក៏បានថ្លែងអំណរគុណដល់សម្ដេចតេជោ ហ៊ុន សែន ដែលបានផ្ដល់ឱកាសឲ្យលោកយាយ និងក្រុមគ្រួសារបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩៕