(ត្បូងឃ្មុំ)៖ នាព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១នេះ លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានដឹកនាំមន្ទីរជំនាញ និងអាជ្ញាធរមូលដ្ឋានស្រុកត្បូងឃ្មុំ ចុះពិនិត្យទីតាំង ទីទួលសុវត្ថិភាព ស្ថិតក្នុងឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ។

ក្នុងឱកាសនោះលោក ជាម ច័ន្ទសោភ័ណ បានណែនាំឲ្យមន្ទីរជំនាញ និងអាជ្ញាធរស្រុក សហការគ្នារៀបចំទីតាំងនេះ ឲ្យមានអនាម័យល្អ ដោយសាងសង់បង្គន់អនាម័យ តបណ្តាញទឹកស្អាត ត្រៀមតង់សម្រាប់បោះ ក៏ដូចជាក្រុមគ្រូពេទ្យ និងថ្នាំសង្កូវ ត្រៀមបំរុងទុកជាមុន។

មួយវិញទៀត នៅពេលពលរដ្ឋរងគ្រោះដោយទឹកជំនន់ ដែលផ្លាស់មកស្នាក់នៅទីនេះ ត្រូវបន្តអនុវត្តន៍ «៣កុំ និង៣ការពារ ឲ្យបានម៉ឺងម៉ាត់ ដើម្បីបញ្ចៀសពីជំងឺកូវីដ១៩ផងដែរ។

លោកអភិបាលខេត្ត បញ្ជាក់ថា បើទោះបីគ្រោះទឹកជំនន់ឆ្នាំនេះកើតឡើងក្តី មិនកើតឡើងក្តី នេះជាវិធានការដែលយើងត្រូវត្រៀមទុកជាមុន ដោយក្នុងខេត្តត្បូងឃ្មុំ មានឃុំប្រមាណ ១៦ឃុំ ក្នុងស្រុកចំនួន០៣ ដែលនឹងរងផលប៉ះពាល់រួមមាន ស្រុកក្រូចឆ្មារ មាន១០ឃុំ ស្រុកត្បូងឃ្មុំមាន៤ឃុំ និងស្រុកអូររាំងឳ មាន២ឃុំ។

លោក ជាម ច័ន្ទសោភ័ណ បញ្ជាក់បន្ថែមថា ការរៀបចំទីទួលសុវត្ថិភាពនេះ គឺមានគ្រប់ទីតាំងភូមិ ឃុំ ស្រុក ដែលរងគ្រោះ ដែលឡែកទីតាំងនេះ គឺរួមជាធំសម្រាប់ថ្នាក់ខេត្ត ដែលនេះក្រោមការអនុវត្តន៍តាមអនុសាសន៍ ដ៏ខ្ពស់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ពោលគឺទីណាមានទុក្ខលំបាកទីនោះមានអាជ្ញាធរមូលដ្ឋាន ក៏ដូចជាមានសម្តេចតេជោ នៅទីនោះដូចគ្នាផងដែរ។

បន្ថែមពីនេះ លោកអភិបាលខេត្ត បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតាមដងទន្លេ ត្រូវបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់ ព្រោះចូលដល់រដូវទឹកដំឡើង ត្រូវតាមដានព័ត៍មានកម្ពស់ទឹក អាកាសធាតុ មើលថែកូនចៅឲ្យបានល្អក្រែងលង់ទឹក ពិសេសសត្វអសិរពិសទាំងឡាយ ហើយបើមានករណីបន្ទាន់នានា ត្រូវទាក់ទងទៅកាន់អាជ្ញាធរមូលដ្ឋានជាភ្លាមៗ។

សូមជម្រាបថា ក្រោមការគិតគូរយកចិត្តទុកដាក់ខ្ពស់ ណែនាំតម្រង់ទិសពីសំណាក់លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តត្បូងឃ្មុំ និងលោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត បានរៀបចំឲ្យមានទីទួលសុវត្ថិភាពនេះឡើង ស្ថិតក្នុងឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ដែលមានទំហំផ្ទៃដី ១៥ហិកតា ដោយបានចាក់ដីបំពេញស្មើស្អាត ដាំកូនឈើប្រណិត ទុកជាទីតាំងសម្រាប់ប្រជាពលរដ្ឋដែលរងគ្រោះ ដោយទឹកជំនន់ផ្លាស់ទីលំនៅមកស្នាក់នៅទីនេះបណ្តោះអាសន្ន៕