(កំពង់ធំ)៖ លោក ថោង ខុន ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយស្រុកបារាយណ៍ និងស្រុកតាំងគោក បានក្រើនរំឭកដល់ថ្នាក់ដឹកនាំគណបក្សនៅថ្នាក់ស្រុក ថ្នាក់ឃុំ ថ្នាក់ភូមិ ដែលជាអាជ្ញាធរមូលដ្ឋាន ក៏ដូចជាយុវជនគណបក្សទាំងអស់ ត្រូវបន្តការកសាងសមាជិកបក្សឱ្យបានច្រើនបន្ថែមទៀត ប៉ុន្តែទន្ទឹមនឹងកិច្ចការនេះ ត្រូវឈរលើមូលដ្ឋានគ្រឹះនៃការកសាងភាពជឿជាក់របស់ប្រជាពលរដ្ឋមកលើគណបក្ស។

ការដាស់តឿនដ៏សំខាន់នេះ ត្រូវបានធ្វើឡើងកិច្ចប្រជុំការងាររបស់គណបក្សប្រជាជនកម្ពុជាប្រចាំស្រុកតាំងគោក ដែលធ្វើឡើងតាមរយៈប្រព័ន្ធវីដេអូ Zoom Meeting នាព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១។

បន្ទាប់ពីលោក ហាក់ ម៉ុងហួត ប្រធានគណបក្សស្រុកតាំងគោក រាយការណ៍ពីវឌ្ឍនភាព នៃកសាងសមាជិកបក្ស ការបង្កបង្កើនផល និងចំណុចចាំបាច់មួយចំនួនទៀតរួចមក, លោកប្រធាន ថោង ខុន បានដឹកនាំក្រុមការងារពិភាក្សាជាមួយថ្នាក់ដឹកនាំគណបក្ស និងក្រុមការងារគណបក្សថ្នាក់ស្រុក-ថ្នាក់ឃុំ ពិសេសគឺដោះស្រាយបានបញ្ហាមួយចំនួន ព្រមទាំងបានដាក់ចេញទិសដៅបន្តការងារមួយចំនួនទៀត សំដៅបន្តកសាងវឌ្ឍនភាពជូនគណបក្សប្រជាជនកម្ពុជា ក៏ដូចជាជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាននេះ។

លោក ថោង ខុន បានលើកឡើងថា ដោយសារតែប្រទេសកម្ពុជាកំពុងរងគ្រោះដោយសារការរីករាលដាលជំងឺកូវីដ-១៩ សម្ដេចតេជោ ហ៊ុន សែន ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងខិតខំទប់ស្កាត់យ៉ាងម៉ឺងម៉ាត់សស្រាក់សស្រាំ។ ទន្ទឹមនឹងនោះ រាជរដ្ឋាភិបាលក៏បានខិតខំជំរុញការបង្កបង្កើនផលកសិកម្មផងដែរ ដូចជាការស្ដារ-កសាងប្រឡាយជើងក្អែបនៅតាមតំបន់កសិកម្មរបស់ប្រជាកសិករ ដើម្បីជួយឱ្យពួកគាត់បង្កបង្កើនផលបានស្រួល និងទទួលបានទិន្នផលល្អ។

ដូច្នេះហើយទើបបានជាលោកបន្តការជំរុញឱ្យក្រុមការងារគណបក្ស អាជ្ញាធរមូលដ្ឋានបន្តសម្របសម្រួលជួយប្រជាពលរដ្ឋក្នុងការធ្វើស្រែចម្ការនេះ មិនត្រូវធ្វើឱ្យរាំងស្ទះការងារកសិកម្មរបស់ពួកគាត់ឡើយ។ ត្រង់ចំណុចនេះដែរ លោក ហាក់ ម៉ុងហួត ក៏តែងតែអនុវត្តតាមអនុសាសន៍របស់លោក ថោង ខុន និងអភិបាលខេត្តកំពង់ធំ ក្នុងការចុះជួយប្រជាកសិករដែលជួបបញ្ហា។ រដ្ឋបាលស្រុកក៏បានសហការចូលរួមស្ដារ និងកសាងប្រព័ន្ធធារាសាស្ត្រស្រោចស្រពដំណាំស្រូវ និងដំណាំផ្សេងៗ។

ចំពោះការត្រៀមលក្ខណៈក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ឆ្នាំ២០២២ លោក ថោង ខុន បានជំរុញឱ្យមានការជ្រើសរើសបេក្ខភាព ឱ្យបានសមស្របតាមសតិអារម្មណ៍របស់មូលដ្ឋាននីមួយៗ ពិសេសត្រូវបន្តកសាងសមាជិកបក្សបន្ថែមទៀត មិនកំណត់ត្រឹមតែសន្ទស្សន៍ដែលថ្នាក់លើបានដាក់ចុះនោះទេ ប្រសិបើកាន់តែច្រើន គឺកាន់តែល្អ។ ក្រៅពីនេះ ត្រូវពន្លឿនការធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរប្រភេទថ្មីជូនប្រជាពលរដ្ឋ និងសមាជិកបក្សឱ្យបានរួចរាល់មុនការបោះឆ្នោត។

លោកបានណែនាំបន្តថា ត្រូវកសាងភាពជឿជាក់ ធ្វើអំពើល្អដាក់ប្រជាពលរដ្ឋឱ្យច្រើន ឆ្លើយតបនឹងតម្រូវការជាក់ស្ដែងឱ្យបានទាន់ពេល កុំមានការគំរាមកំហែងប៉ះពាល់ដល់ជីវភាពរស់នៅ និងសតិអារម្មណ៍របស់ប្រជាពលរដ្ឋឱ្យសោះ។ ធ្វើបែបនេះគឺដើម្បីកសាងភាពជឿជាក់ពីសំណាក់ប្រជាពលរដ្ឋមកលើរាជរដ្ឋាភិបាល ក៏ដូចជាគណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រធានគណបក្ស និងជានាយករដ្ឋមន្ត្រី។

អ្វីដែលគួរឱ្យកត់សម្គាល់ លោក ថោង ខុន បានសង្កត់ធ្ងន់ថា «ទន្ទឹមនឹងការកសាងសមាជិកបក្ស តែក៏ត្រូវឈរលើមូលដ្ឋានគ្រឹះនៃការកសាងភាពជឿជាក់របស់ប្រជាពលរដ្ឋមកលើគណបក្សផងដែរ ព្រោះបើមិនធ្វើឱ្យប្រជាពលរដ្ឋជឿជាក់ តើរកសន្លឹកឆ្លោតគាំទ្រគណបក្សបានមកពីណា»

លើសពីនេះ លោក ថោង ខុន បានជំរុញឱ្យបន្តជំរុញការប្រយុទ្ធ-ទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ពិសេសអាជ្ញាធរត្រូវចុះពន្យល់ប្រជាពលរដ្ឋឱ្យចេះរស់នៅក្នុងទម្លាប់ប្រក្រតីភាពថ្មី (New Normal Protocol )ត្រូវចុះពង្រឹងការអនុវត្តវិធានសុខាភិបាលឱ្យបានខ្លាំង ពិសេសនៅតាមផ្សារ ហាងអាហារដ្ឋាន ភោជនីយដ្ឋាន ដោយត្រូវត្រួតពិនិត្យការអនុវត្ត និងការប្រើប្រាស់បរិក្ខារសម្ភារបង្ការ ដូចជា ទឹកអាលកុល ម៉ាស ឧបករណ៍វាស់កម្ដៅ គម្លាតតូបលក់ដូរ គម្លាតតុអាហារជាដើម។ល។

ប្រធានក្រុមការងារគណបក្សរូបនេះបានបន្តទៀតថា ប្រសិនបើមានការចុះត្រួតពិនិត្យ ឬចុះបង្ក្រាបនៅចំណុចដីស្រែចម្ការរបស់ប្រជាពលរដ្ឋណាមួយ ត្រូវមានការសហការ និងការសម្រេចចិត្តពីខាងរដ្ឋបាលខេត្តជាមុនសិន ដាច់ខាតមិនអាចធ្វើការងារដោយរំលងពីការសម្រេចចិត្តរបស់អភិបាលខេត្តបានឡើយ។ ចូរនាំគ្នាការពារផលប្រយោជន៍ស្របច្បាប់របស់ប្រជាពលរដ្ឋ ប្រសិនបើប្រជាពលរដ្ឋលោកធ្វើអ្វីខុសនឹងច្បាប់ លោកនឹងទទួលខុសត្រូវចំពោះមុខច្បាប់ តែបើពួកគាត់មិនបានប្រព្រឹត្តអ្វីខុសនឹងច្បាប់ទេ ហើយបុគ្គលជាសមត្ថកិច្ចខ្លះទៅសំឡុតគំរាមកំហែងគាត់ រឹបអូសសម្ភារៈរបស់គាត់ ជម្រិតទារប្រាក់ពីពួកគាត់ តើអ្នកណាជាអ្នកទទួលខុសត្រូវ៕