(កណ្ដាល)៖ លោក កៅ ថាច ប្រធានយុវជនស្រុកខ្សាច់កណ្ដាល ខេត្តកណ្តាល នៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១នេះ បានចូលរួមកម្មវិធីសំណេះសំណាល សាកសួរសុខទុក្ខជាមួយតំណាងយុវជនស្រុក និងតំណាងយុវជនឃុំទាំង១៨ តាមរយៈកម្មវិធីប្រជុំ Zoom។

ឆ្លៀតក្នុងឱកាសនោះ លោក កៅ ថាច បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានខេត្តកណ្ដាល និងបានណែនាំវិធានការពារ ស្របតាមការណែនាំរបស់ក្រសួងសុខាភិបាល ព្រមជាមួយការក្រើនរំលឹក វិធានការពារ ៣កុំ និង៣ ការពារជូនដល់បងប្អូនជាតំណាងតាមឃុំនីមួយៗ ដើម្បីមានមូលដ្ឋាន ក្នុងការផ្សព្វផ្សាយបន្ត ជូនដល់សមាជិកក្នុងមូលដ្ឋាន។

បន្ថែមលើនេះ លោក កៅ ថាច បានណែនាំឲ្យយុវជនស្រុក៖

១៖ ធ្វើបច្ចុប្បន្នកម្មយុវជន ក្នុងមូលដ្ឋាន និងពិនិត្យមើលរចនាសម្ព័ន្ធយុវជនឡើងវិញ
២៖ ត្រៀមខ្លួនសម្រាប់ការបោះឆ្នោត ដែលនឹងមកដល់ក្នុងពេលខាងមុខ។ ជាមួយគ្នានេះ យុវជនត្រូវចូលរួមសហការផ្សព្វផ្សាយវិធានការការពារជំងឺកូវិដ១៩ ជូនដល់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋានឃុំ និងជួយសម្របសម្រួលការចាក់វ៉ាក់សាំងផងដែរ។
៣៖ អំពីការងារបរិស្ថាន និងការដាំដើមឈើនៅ តាមសាលារៀន និងវត្តអារាម។
៤៖ អំពីការងារលើវិស័យកសិកម្ម ក្នុងមូលដ្ឋានស្រុក។

ជាមួយគ្នានេះដែរ ក្នុងនាមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន លោក កៅ ថាច បានឧបត្ថម្ភឱសថ និងសម្ភារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ មួយចំនួនផងដែរ ដល់យុវជនស្រុកខ្សាច់កណ្តាលរួមមាន៖

១៖ ថ្នាំចិនជូនដល់ យុវជនឃុំចំនួន៥៩១នាក់ ក្នុងម្នាក់ ទទួលបាន២ប្រអប់ សរុប១១៨២ប្រអប់។
២៖ ម៉ាសក្នុងមួយឃុំ១០ប្រអប់សរុប១៨០ប្រអប់
៣៖ អាកុល២កាន ក្នុងមួយឃុំ សរុប៣៦កាន និងថវិកាជូនដល់អ្នកតំណាងមក ទទួលចំនួន៤ម៉ឺនរៀល សរុប៧២០,០០០រៀល។
៤៖ យុវជនស្រុក ជូនថ្នាំចិន១០០ ប្រអប់ អាកុល៤កាន ម៉ាស់២០ប្រអប់ អង្ករ១៤០០គីឡូក្រាម និងថវិកាចំនួន១លាន រៀល។

ដោយឡែកលោក កៅ ថាច បានឧបត្ថម្ភថវិកាបន្ថែមចំនួន១,៦០០,០០០រៀល សម្រាប់ការចាក់វ៉ាក់សាំង ចំនួន៤ទីតាំង ក្នុងស្រុកខ្សាច់កណ្តាល។

បន្ទាប់ពីបញ្ចប់កម្មវិធីខាងលើក្រុមការងារយុវជន បានបន្តយកទេយ្យទាន និងទៀនវស្សាយកទៅប្រគេនចំនួន៣វត្ត មាន៖ វត្តវិហារសួគ៍, វត្តស្វាយរមៀត, និង វត្តស្វាយសាច់ភ្នំ។ ដោយចំណាយថវិកាសរុប៧,០៨២,០០០រៀល៕